កីឡាអន្តរជាតិ
អន្តរជាតិ
Man City នៅ​រក្សាតំណែង​កំពូល​តារាង ខណៈ Man Utd ខើច​ឱកាស​ដណ្តើម Top4
29, Apr 2019 , 11:21 am        
រូបភាព
Manchester City នៅ​រក្សា​ចំណាត់ថ្នាក់​ទី​១ ក្នុង​តារាង Premier League ដោយ​នាំមុខ​គូប្រជែង Liverpool មួយ​ពិន្ទុ​ដដែល ក្រោយ​យកឈ្នះ Burnley ១-០ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​៣៦ ថ្ងៃទី​២៨ ខែមេសា​។ Manchester United ដែល​បញ្ចប់​ត្រឹម​លទ្ធផល​មួយ​ស្មើ​ជាមួយ Chelsea នៅសល់​ឱកាស​តិចតួច​ដើម្បី​ដណ្តើមយក Top4 សម្រាប់​កៅអី Champions League រដូវ​កាល​ក្រោយ​។​


 
​ក្រោយ​រកបាន​៣​ពិន្ទុ​បន្ថែម Man City រកបាន​៩២​ពិន្ទុ​ពី​ការប្រកួត​៣៦​លើក ដើម្បី​បន្ត​ការនាំ​មុខ Liverpool ដែលមាន​៩១​ពិន្ទុ​។ ក្រុម​ទាំងពីរ​នៅសល់​ការប្រកួត​២​លើក​ដូចគ្នា​សម្រាប់​កាត់សេចក្តី​ថា​តើ​ក្រុម​ណា​ដែល​អាច​ក្លាយជា​ម្ចាស់​ពានរង្វាន់​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។​
 
​ក្រុម​មេឃ​ខៀវ ត្រូវធ្វើ​យ៉ាងណា​ដណ្តើមពាន​នេះ​ដើម្បី​រក្សា​តំណែង​ជើងឯក​២​រដូវ​កាល​ជាប់​គ្នា​ឲ្យ​បាន ដ្បិត​ត្រូវ​ធ្លាក់​ចេញពី​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ក្រុម​ហង្ស​ក្រហម ក៏​កំពុង​ស្រែក​ឃ្លាន​ពាន​នេះ​ពី Man City ខ្លាំងក្លា​ដែរ ព្រោះ​ពួកគេ​មិនដែល​ធ្លាប់​ឈ្នះ​ពាន Premier League នេះឡើយ​។​
 
​យ៉ាងណា Liverpool នៅមាន​ឱកាស​ប្រជែង​ពាន Champions League មួយទៀត​ដោយ​ត្រូវ​តទល់​ជាមួយ Barcelona នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ រដូវកាលមុនពី​ពួកគេ​ទទួលបាន​ត្រឹមរងជើង​ឯក​ប៉ុណ្ណោះក្រោយចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ។​
 
​ដោយឡែក​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​យក​តំបន់ Top4 មាន​ចំនួន​៤​ក្រុម ក្នុងនោះ Spurs ជា​ក្រុម​មានប្រៀប​ជាងគេ​ហើយ​បច្ចុប្បន្ន​មាន​៧០​ឈរ​ចំណាត់ថ្នាក់​ទី​៣​បណ្តោះអាសន្ន​។ 
​សម្រាប់​ក្រុម​បិសាច​ក្រហម​ហាក់​ខើច​ឱកាស​ជាងគេ​ទៅហើយ​ក្រោយ​ប្រកួត​ស្មើ​ជាមួយ​តោ​ខៀវ ១-១ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦​មាន​៦៥​ពិន្ទុ តាម​ពីក្រោយ​ក្រុម​លេខ​៤ Chelsea ចំនួន​៣​ពិន្ទុ ដែល​ការប្រកួត​សល់​២​លើ​ក​ប៉ុណ្ណោះ​។ 
 
Arsenal ក៏​យ៉ាប់យ៉ឺន​ដែរ​ក្រោយ​ចាញ់ Leicester City ៣-០​។ កាំភ្លើង​ធំ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ រកបាន​៦៦​ពិន្ទុ​៕

Tag:
 ​បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com