ខ្មែរ​ក្រហម
ជាតិ
អ្នកជំនាញ​សង្ឃឹមថា សៀវភៅ​ថ្មី​ពី​អំពើ​ប្រល័យពូជសាសន៍​លើ​ពិភពលោក​នឹង​ជួយ​ព្យាបាល​ក្តី​ឈឺចាប់​របស់​ជនរងគ្រោះ​ពី​របប​ខ្មែរក្រហម​
29, Apr 2019 , 7:59 pm        
រូបភាព
កម្រប​សៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» របស់​​លោក Chris Dearing។ (Courtesy Image)
កម្រប​សៀវភៅ​ «អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» របស់​​លោក Chris Dearing។ (Courtesy Image)
ដោយ: VOA
​ភ្នំពេញ ៖ ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅតែ​ដើរតួ​សំខាន់​នៅក្នុង​សង្គម​កម្ពុជា បើទោះបីជា​មកទល់ពេលនេះ របប​ខ្មែរក្រហម​បាន​ដួល​រំលំ​ជាង​៤០​ឆ្នាំ​ក៏ដោយ​។ អ្នក​រៀបរៀង​សៀវភៅ​មួយ​ក្បាល​ក្រោម​ចំណងជើង​ថា «​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» បាន​បង្កប់​ប្រវត្តិសាស្ត្រ​កម្ពុជា​អំឡុងពេល​របប​ខ្មែរក្រហម​នៅក្នុង​សៀវភៅ​នេះ ក្នុង​ក្តី​សង្ឃឹមថា អ្នកសិក្សា​នឹង​អាចធ្វើ​ការប្រៀបធៀប និង​យល់ដឹង​ពី​ភាពខុសគ្នា​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​ទៅនឹង​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅ​ប្រទេស​ដទៃទៀត​លើ​សកលលោក​។​

 
​សៀវភៅ «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» ឆ្លុះបញ្ចាំង​ពី​ហេតុផល​នានា នៃ​ព្រឹត្តិការណ៍​កើតមាន​ជា​បន្តបន្ទាប់ និង​ផលវិបាក​ពី​ការសម្លាប់​រង្គាល និង​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​ចំនួន​៥ នៅលើ​ពិភពលោក​។ ប្រទេស​ទាំងនេះ​រួមមាន ប្រទេស​អា​មេ​នី អាល្លឺម៉ង់ បូ​ស្ន៊ី ហេ​ហ្សា​ហ្គោ​វី​ណា និងរ​វ៉ាន់ដា​។ សៀវភៅ​នេះ​មាន​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ហើយ​ត្រូវបាន​ចុះផ្សាយ​ជា​ផ្លូវការ​នៅ​ខែមេសា​នេះ​។​
 
​ជំពូក​មួយ​រៀបរាប់​ពី​កម្ពុជា​នៅក្នុង​សៀវភៅ​ដែល​ត្រូវបាន​ចងក្រង​ដោយ​លោក Chris Dearing និយាយ​ពី​អំពើ​ប្រល័យពូជសាសន៍​ក្រោម​របប​ខ្មែរក្រហម​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដោយ​ពណ៌​នាពី​ព្រឹត្តិការណ៍​ប្រទាក់ក្រឡា​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​អ្នកអាន​ឃើញ​ពី​ទំហំ​នៃ​ភាព​អមនុស្សធម៌​ក្នុងករណី​ដែល​ការ​ស្អប់​គុំ​គួ​ន ការព្រងើយកណ្តើយ និង​ការរើសអើង​មិន​ត្រូវបាន​យកចិត្តទុកដាក់​។​


រូបថត​ផ្តល់​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បង្ហាញ​ពី​បាតុកម្ម​ធ្វើ​ឡើង​ដោយ​និស្សិត​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ នៅ​ទសវត្ស​ឆ្នាំ ១៩៧០។ (Documentation Center of Cambodia Archives)
 
​លោក Dearing ដែល​លោក​ជាទី​ប្រឹក្សា​ផ្នែក​ផ្លូវច្បាប់​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ផងដែរ​បាន​និយាយថា គោលដៅ​នៃ​សៀវភៅ​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​អំពើហិង្សា​ផ្សេងៗ​និង​ការសម្លាប់​រង្គាល​នៅលើ​សកលលោក​ក្នុង​ថ្នាក់រៀន​នៅ​កម្ពុជា ដោយសារតែ​មិនមាន​ឯកសារ​គ្រប់គ្រាន់​ទាក់ទិន​នឹង​ការសម្លាប់​រង្គាល​នៅក្នុង​កម្មវិធីសិក្សា​។ ហើយ​ការណ៍​នេះ​នឹង​អាច​ឲ្យ​សិស្ស​ប្រៀបធៀប និង​ឃើញ​ភាពខុសគ្នា​នានា​រវាង​ប្រ​វិត្ត​សាស្ត្រ​របស់​កម្ពុជា​និង​ប្រទេស​ដទៃទៀត ពាក់ព័ន្ធ​ការសម្លាប់​រង្គាល និង​អំពើ​ប្រល័យពូជសាសន៍​។​


លោក Chris Dearing អ្នក​ចងក្រង​សៀវភៅ​«អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក» ​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ខែ​មេសា ឆ្នាំ​២០១៩។ (ណឹម សុភ័ក្រ្តបញ្ញា​/VOA)
 
​លោក Dearing បាន​ប្រាប់ VOA ថា​៖
 
«​រឿងរ៉ាវ​ពី​ប្រទេស​ផ្សេងៗ​នៅក្នុង​សៀវភៅ​នេះ​គឺ ផ្តល់ឱកាស​ដល់​សិស្ស​យល់ដឹង​ពី​ការ​គំរាម​គំហែង​ផ្សេងៗ ហើយ​សំខាន់​ជាង​នេះ​គិតពី​របៀប​ដែល​សង្គម​របស់​ពួកគេ​អាច​ចាត់វិធានការ​ផ្សេងៗ ដើម្បី​បង្ការ​ភាព​ឃោ​ឃៅ និង​ភាព​អមនុស្សធម៌​កុំ​ឲ្យ​កើតមានឡើង​សារជាថ្មី​នៅក្នុង​សង្គម​»​។​
 
​លោក Dearing បាន​បន្ថែមថា សៀវភៅ​នេះ​ក៏​ពិភាក្សា​ពី​បែបផែន​ផ្សេងៗ ដែល​សង្គម​នានា​ប្រកាន់​យក​ដើម្បី​ទទួលបាន​យុត្តិធម៌ និង​ជួយ​ឲ្យ​សិស្ស​វាយតម្លៃ​ពី​របៀប​ដែល​សង្គម​មួយ ដែល​រងគ្រោះ​ពី​ជម្លោះ​ព្យាយាម​ធ្វើការ​ផ្សះផ្សា​ចំពោះ​អ្វីដែល​បានកើត​ឡើង​។​
 
​លោក Dearing បាន​និយាយថា​៖
 
«​ផ្នែក​ដ៏​សំខាន់បំផុត​នៃ​កម្មវិធីសិក្សា​ណាមួយ​ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​គឺ​ការទទួលស្គាល់ និង​ដោះស្រាយ​ចំពោះ​ការកើតមាន​ភាព​អមនុស្សធម៌ និង​មូលហេតុ​ដើមចម​ដែល​នាំ​ឲ្យ​កើតមាន​ភាព​អមនុស្សធម៌​នោះ​។ តាមរយៈ​ការដោះស្រាយ​នេះ អ្នក​បានផ្តល់​ឱកាស​ដ​ល់​អ្នក​រៀនសូត្រ​គិតពិចារណា​អំពី​បរិយាកាស​សង្គម​នាពេល​បច្ចុប្បន្ន និង​ទិដ្ឋភាព​ផ្សេងៗ​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​បរិយាកាស​សង្គម​នាពេល​បច្ចុប្បន្ន​»​។​
 
​នៅក្នុង​អារម្ភកថា​នៃ​សៀវភៅ «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​ការអប់រំ និង​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​។​
 
​លោក ឆាំង យុ បានសរសេរថា​៖
 
«​គ្រប់​សង្គម​ទាំងអស់​ត្រូវការ​កម្មវិធី​សិក្សា ដែល​បំផុសគំនិត និង​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ ពីព្រោះ​គោលដៅ​ចម្បង​បង្អស់​នៃ​ការអប់រំ គឺ​មិន​ត្រឹមតែ​បង្ហាញ​ឲ្យ​ឃើញ​ពីអ្វី​ដែលមាន​ការដឹងឮ​ពីមុនមក​ទេ ប៉ុន្តែ​ត្រូវតែ​ប្រជែង​តស៊ូ​មតិ​លើ​ការ​សន្ម​ត់ និង​ចំណេះដឹង​ផ្សេងៗ ដោយ​ប្រើ​ព័ត៌មាន និង​ទស្សនៈ​ផ្សេងៗ​»​។​


លលាដ៍​ក្បាល​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាលពិឃាត​ជើងឯក ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
 
​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅតែ​ជា​ប្រធានបទ​រំញោច​ផ្នែក​នយោបាយ​មួយ​នៅ​កម្ពុជា ដោយសារតែ​មន្ត្រី​រដ្ឋាភិបាល​មួយចំនួន​មាន​ឬ​សគល់​នៅក្នុង​របប​ខ្មែរក្រហម ហើយ​រហូតមក​ដល់ពេលនេះ មិនមាន​វគ្គ​សិក្សា​ណាមួយ​ដែល​សិក្សា​លម្អិត​និង​ស៊ីជម្រៅ​អំពី​របប​ខ្មែរក្រហម​នៅ​កម្ពុជា​នោះទេ​។​
 
​ក្រោយពី​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួលរំលំ​នៅ​ឆ្នាំ ១៩៧៩ ដោយ​រដ្ឋាភិបាល​កម្ពុជា​មួយ ក្រោម​ជំនួយ​ពី​វៀតណាម ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ត្រូវបាន​បង្រៀន​ក្នុង​ទម្រង់​បែប​ឃោសនា​ដើម្បី​ផលចំណេញ​នយោបាយ​។​
 
​ប្រជាជន​ខ្មែរ​ប្រមាណ ១,៧ លាន​នាក់​បាន​ស្លាប់​នៅក្នុង​របប​ខ្មែរក្រហម​ដោយសារ​ការកាប់សម្លាប់ ការធ្វើ​ទារុណកម្ម ការឃុំ​ឃាំង ការធ្វើ​ទាស​កម្ម និង​ការ​បង្អត់អាហារ​។​


លោក ឆាំង យុ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា(DC-Cam)​ និង​ក្រុម​ការងារ​ ចាប់​ផ្ដើម​មើល​ប័ណ្ណសារ​ផ្ទាល់​ខ្លួន​របស់​ឧត្ដមសេនីយ៍ ឡេះ កូសែម​ ដែល​ត្រូវ​បាន​បរិច្ចាគ​នា​ពេល​ថ្មី​ៗ​ដល់​មជ្ឈមណ្ឌល​នេះ​ សម្រាប់​ការសិក្សា​ស្រាវជ្រាវ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ឆ្នាំ​២០១៨​។ (អូន ឆេងប៉រ/VOA)
 
​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានលើកឡើង​ពី​ការគិត​ដែល​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​នៅក្នុង​អារម្ភកថា​នៃ​សៀវភៅ «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​»​។​
 
​លោក ឆាំង យុ​បានសរសេរថា​៖
 
«​ប្រជាជន​កម្ពុជា​អាច​អះអាង​ពី​សារៈសំខាន់​នៃ​ការ​រិះគិត​ដែល​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​។ ប៉ុន្តែ​សកម្មភាព​និង​គំនិត ជាទូទៅ​តែងតែ​ត្រូវបាន​បំពេញ​ដោយ​ក្តី​ប្រាថ្នា​យ៉ាង​មុតមាំ​ចំពោះ​បញ្ហា​សន្តិសុខ​ដែល​កើតចេញពី​ការជំរុញ​ចិត្ត និង​ការបង្កើត​ថ្មី​។ ភព​លូតលាស់​ទៅមុខ និង​ភាព​ច្នៃប្រឌិត​របស់​មនុស្ស គឺ​អាស្រ័យ​លើ​អ្នកដឹកនាំ ហើយ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​វិធីសាស្ត្រ ដែល​អាច​លើកកម្ពស់​ការគិត​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ប៉ិនប្រសព្វ​»​។​
 
​លោក Chris Dearing សង្ឃឹមថា តាមរយៈ​សៀវភៅ​នេះ​លោក​អាច​ជំរុញ​ភាពជា​មេដឹកនាំ​នៅក្នុង​ចំណោម​សិ​ស្ស​នៅ​កម្ពុជា និង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​សម្រប​តាម​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​។ សម្រាប់​លោក ការជំរុញ​ឲ្យ​មាន​សីលធម៌​ខ្ពស់​គួរតែ​ស្ថិត​ជា​របៀបវារៈ​អាទិភាពរ​បស់​រដ្ឋាភិបាល​ចំពោះ​ប្រជាជន និង​ក្នុងចំណោម​ប្រជាជន​។​
 
​លោក Dearing បាន​ប្រាប់ VOA ថា​៖
 
«​មនុស្ស​គ្រប់គ្នា​អាចបំពេញ​ភាពជា​មេដឹកនាំ​តាមរយៈ​ការ​ក្រសោប​យក​ការប្រកាន់​សីលធម៌​ខ្ពស់​។ ហើយ​ខ្ញុំ​គិតថា នៅ​ថ្នាក់​កំពូល​នៃ​អង្គភាព ឬ​សង្គម​មួយ រដ្ឋាភិបាល​ត្រូវតែមាន​ភាពលេច​ធ្លោ​នៅក្នុង​ផ្នែក​ភាពជា​មេដឹកនាំ និង​ផ្នែក​សីលធម៌ ក៏ដូចជា ធ្វើជា​ឧទាហរណ៍​ពី​ការប្រព្រឹត្ត​ដាក់​លើ​ពលរដ្ឋ​ទូទៅ​។ មិន​ត្រឹមតែ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅក្នុង​ចំណោម​ប្រជាជន​និង​ប្រជាជន​ផងដែរ​»​។​
 
​នៅពេល​សួរថា​តើ​សៀវភៅ​«​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» ឆ្លុះបញ្ចាំង​ថា យុត្តិធម៌​គួរតែ​ផ្តល់​ឲ្យ​យ៉ាងដូច​មេ្ត​ច​នៅពេល​មានការ​ប្រព្រឹត្ត​ភាព​សាហាវយង់ឃ្នង លោក Dearing បានចង្អុលបង្ហាញ​ថា ការអប់រំ​គឺជា វិធីសាស្ត្រ​បង្ការ​មួយ ក៏ដូចជា វិធានការ​ចាត់​ឡើង​ក្រោយ​ជម្លោះ​នៅក្នុង​បរិបទ​ផ្សះផ្សា​ក្នុងចំណោម​ប្រជាជន​។​
 
​ដោយ​យល់ស្រប​ជាមួយ​ការលើកឡើង​របស់ លោក Dearing លោក ឆាំង យុ បានសរសេរថា​៖
 
«​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ចក្ខុវិស័យ​នៃ​ការអប់រំ​។ ប្រវត្តិសាស្ត្រ​អាច​ត្រូវបាន​សិក្សា​ដើម្បី​បណ្តុះ​ការយល់ដឹង និង​ការឆ្លុះបញ្ចាំង​ប្រកបដោយ​ការ​ត្រិះរិះ​ពិចារណា តាមរយៈ​គំនិត​ពី​អតីតកាល មនុស្ស​និង​ស្ថាប័ន​។ ប្រវត្តិសាស្ត្រ​អាចជា​មូលដ្ឋានគ្រឹះ​នៃ​ក្តីសង្ឃឹម ជា​កត្តា​ជំរុញ​ទឹកចិត្ត និង​ជា​ការសណ្តោសប្រណី​។ ទន្ទឹមនឹង​នេះដែរ ប្រវត្តិសាស្ត្រ​ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ជា​សម្ភារៈ​សម្រាប់​ការអប់រំ ដើម្បី​ពន្យល់​ពី​កំហុស គុណវិបត្តិ និង​អំពើ​ខុសឆ្គង​ក្នុងសង្គម​»​។​
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ការផ្តន្ទាទោស​ទៅលើ​ជន​ទទួលខុសត្រូវ​ខ្ពស់បំផុត​នៅក្នុង​របប​ខ្មែរក្រហម​គឺ នួន ជា និង​ខៀវ សំផន​បាន​ជំរុញ​ឲ្យ​តុលាការ​ខ្មែរក្រហម​ដែល​ធ្លា​ប់រង​ភាពចម្រូងចម្រាស​គៀក​នឹង​បញ្ចប់​ជា​ស្ថាពរ​។​
 
​នៅក្នុង​ដំណើរការ​សវនាការ​អស់​រយៈពេល​ជិត​១០​ឆ្នាំ និង​មានការ​ចំណាយ​ជាង​៣០០ លាន​ដុល្លារ​មក តុលាការ​ខ្មែរក្រហម​បាន​រកឃើញ​ជនជាប់ចោទ​ឈ្មោះ កាំ​ង ហ្គិ​ច​អៀវ ហៅ​ឌុ​ច ដែល​ដឹកនាំ​គុក​ស​២១​អំឡុងពេល​របប​ខ្មែរក្រហម​ថា មានទោស ហើយ​នៅ​ទីបំផុត ឌុ​ច​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​
 
​ករណី​នៃ​ជនសង្ស័យ​នៅ​ថ្នាក់កណ្តាល​ក្នុង​របប​ខ្មែរក្រហម​ចំនួន​បួន​នាក់​ផ្សេងទៀត​កំពុងតែ​ត្រូវបាន​សិក្សា​ដើម្បី​ធ្វើការ​កាត់ទោស ក៏ប៉ុន្តែ​ធ្លាប់បាន​រង​ការអាក់ខាន ឬ​ភាពមិនច្បាស់លាស់​ផងដែរ​។ ដោយ​មិនមាន​កិច្ចសហការ​ពី​សមាជិក​មកពី​ភាគី​កម្ពុជា​នៅក្នុង​ដំណើរការ​តុលាការ​នោះទេ គឺ​គ្មាន​រឿងក្តី​ណាមួយ​អាច​បន្ត​ទៅមុខ​បានឡើយ​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្ថិតក្នុង​អំណាច​ជាង​៣​ទសវត្សរ៍ បានលើកឡើង​ម្តង​ហើយ​ម្តង​ទៀតថា នឹងមិន​មានការ​កាត់ទោស​លើ​អតីតយុទ្ធជន​ខ្មែរក្រហម​បន្តទៀត​ឡើយ ដោយ​លោក​លើកឡើងថា ការកាត់ទោស​បន្តទៀត​អាច​បង្ក​ឲ្យ​មាន​ភាពចលាចល​។ លោក ហ៊ុន សែន ខ្លួនឯង​ផ្ទាល់​ធ្លាប់ជា​មេបញ្ជាការ​ថ្នាក់កណ្តាល​នៃ​ពួក​ខ្មែរក្រហម មុនពេល​ផ្តាច់ខ្លួន នៅពេលដែល​ខ្មែរក្រហម​នៅមាន​អំណាច​នៅឡើយ​។​
 
​នៅពេល​សួរថា​តើ​ផលវិបាក​មាន​អ្វីខ្លះ​ប្រសិនបើ​ពលរដ្ឋ​មាន​អារម្មណ៍​ថា យុត្តិធម៌​ជាទូទៅ​មាន​ភាពស្រពិចស្រពិល លោក ឆាំង យុ បាន​សរសេរ​ប្រាប់ VOA តាមរយៈ​អ៊ី​ម៉ែ​ល​ថា​៖
 
«​ប្រសិនបើ​អ្នក​សម្លឹងមើល​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៤៥​មក ពលរដ្ឋ​បានចេញ​ដើរ​តាមផ្លូវ និង​បានទាមទារ​យុត្តិធម៌​។ ហើយ​នៅក្នុង​ករណីខ្លះ ការណ៍​នេះ​នាំ​ឲ្យ​មាន​អំពើហិង្សា ឬ​សង្គ្រាម ដែល​ក្នុងនោះ​រួមមាន​អំពើ​ប្រល័យពូជសាសន៍​ផងដែរ​»​។​
 
​លោក Dearing អះអាងថា ភាពស្របច្បាប់ និង​ជំនឿ​ជាក់​ពី​សាធារណជន​លើ​ស្ថាប័ន​នានា​ដើរតួ​សំខាន់​នៅក្នុង​ការរក្សា​សន្តិភាព​នៅក្នុង​សង្គម​។​
 
​លោក Dearing បាន​និយាយថា​៖
 
«​គ្រប់​សង្គម​ទាំងអស់​ពឹង​ផ្អែកលើ​ទម្រង់​ជាក់លាក់​មួយ​នៃ​ភាពស្របច្បាប់​នៃ​ស្ថាប័ន​នានា ហើយ​ប្រសិនបើ​មិនមាន​ការជឿជាក់​ពី​សាធារណជន​ទេ ការណ៍​នេះ​ងាយ​បង្ក​ឲ្យ​មានការ​ផ្លាស់ប្តូរ​ស្ថាប័ន​ទាំងនោះ​ទាំង​ដោយ​សន្តិវិធី និង​ដោយ​ប្រើ​ហិង្សា​»​។​
 
​ក្នុងការ​ឆ្លើយតប​នឹង​សំណួរ​ថា​តើ​មាន​សេណា​រី​យ៉ូ​ណាមួយ​ដែល​បង្ហាញថា យុត្តិធម៌​មិនត្រូវ​បានផ្តល់​ឲ្យ​ត្រឹមត្រូវ លោក Dearing បាន​អំពាវនាវ​ឲ្យ​មានការ​សញ្ជឹងគិត និង​ចាត់វិធានការ​ផ្សេងៗ​នៅក្នុង​ចំណោម​ពលរដ្ឋ​។​
 
​លោក​បាន​និយាយថា​៖
 
«​ជំនឿ​ជាក់​ដែលថា អ្នក​អាច​បំបាត់​អតីតកាល​គឺ តែងតែ​បង្ក​ជា​បញ្ហា​សម្រាប់​យុត្តិធម៌​។ អតីតកាល​មិនអាច​ត្រូវបាន​កប់​ចោល​ទាំងស្រុង​នោះទេ​។ តាមរយៈ​ការព្យាយាម​លុបបំបាត់​អតីតកាល អ្នក​កំពុង​បំបិទ​ការ​សញ្ជឹងគិត ដែល​ត្រូវតែ​ធ្វើឡើង ដើម្បី​បញ្ចៀស​ការកើត​ឡើងវិញ​នូវ​ភាព​សាហាវ​ឃោ​ឃៅ​ដែល​ធ្លាប់បាន​កើតឡើង​កាលពី​អតីតកាល​»​។​


លោក​ ហង់ ជួន​ណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហោស្រពជាតិ​ស្តី​ពីវិទ្យាសាស្រ្ត​និងវិស្វកម្ម​លើកទី​៥​ឆ្នាំ​២០១៩​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​ រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ (ទុំ ម្លិះ/VOA Khmer)
 
​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ចែករំលែក​គំនិត​របស់លោក​នៅក្នុង​អារម្ភកថា​នៃ​សៀវភៅ «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​» ដោយ​លោក​បាន​កោះហៅ​ឲ្យ​មានការ​ប្តេជ្ញា​ដើម្បី​អនាគត​ប្រសើរ​ជាង​មុន​សម្រាប់​ជន​ជំនាន់​ក្រោយ​។​
 
​លោក​បានសរសេរថា​៖
 
«​ទោះបីជា​យើង​ពុំមាន​ដំណោះស្រាយ​ទំនើប​បែប​វិទ្យាសាស្ត្រ ឬ​ការ​បង្វិល​ពេលវេលា​ថយក្រោយ​ក៏ពិតមែន ក៏​យើង​មានអំណាច​ផ្នែក​ប្រវត្តិសាស្ត្រ ការអប់រំ និង​ការប្តេជ្ញាចិត្ត​ចំពោះ​អនាគត​របស់​យើង​។ យើង​មាន​កាតព្វកិច្ច​ផ្តល់​ដល់​មនុស្ស​ជំនាន់​ក្រោយ​នូវ​ពិភពលោក​ដ៏​ប្រសើរ​មួយ ដែល​គ្មាន​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​អាច​យាយី​ដល់​អ្នក​ទាំងនោះ​»​។​
 
​ដោយ​គាំទ្រ​ការយល់​អារម្មណ៍ និង​ការសម្រុះសម្រួល លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​សរសេរ​បន្ថែមថា​៖ «​ការអប់រំ​ពុំ​អាចជា​ឱសថ​ព្យាបាល​រាល់​អំពើ​អមនុស្សធម៌​ទាំងអស់​បានទេ ក៏ប៉ុន្តែ​ការអប់រំ​គឺជា កត្តា​ដ៏​សំខាន់​មួយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ជារួម​របស់​យើង ក្នុង​ការកសាង​ពិភពលោក​ដ៏​ប្រសើរ​មួយ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com