ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នករាយការណ៍ UN មកដល់កម្ពុជាហើយ
29, Apr 2019 , 2:36 pm        
រូបភាព
លោកស្រី រ៉ូណា ស្មីត ជួបលោក​ កែវ រ៉េមី កាលពីលោកមុន។ រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោកស្រី រ៉ូណា ស្មីត ជួបលោក​ កែវ រ៉េមី កាលពីលោកមុន។ រូបពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ (UN) បានផ្តល់ព័ត៌មានលើបណ្តាញសង្គមថា អ្នកស្រី បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។ ចាប់ពីថ្ងៃទី៣០ ខែមេសាទៅ អ្នកស្រី នឹងចាប់ផ្តើមធ្វើទស្សនកិច្ច ដោយដើរជួបមន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។



អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ នឹងជួបលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី៣០ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស ប្រាប់សារព័ត៌មានថ្មីៗថា ការពិភាក្សាគ្នាក្នុងជំនួបនេះ នឹងផ្តោតលើស្ថានការណ៍ទូទៅ ពីសិទ្ធិមនុស្សនៅកម្ពុជា។ លោក បញ្ជាក់យ៉ាងដូច្នេះថា «អ្នកស្រី ត្រូវតាមដានការអនុវត្តរបស់យើង និងចង់ដឹងថា ការអនុវត្តរបស់យើងយ៉ាងណា ចំពោះបញ្ហាសិទ្ធិមនុស្ស ដែលគាត់ធ្លាប់ផ្តល់អនុសាសសន៍កន្លងមក»។

នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយរបស់អ្នកស្រី។ អ្នកស្រី នឹងបញ្ចប់ទស្សនកិច្ច នៅថ្ងៃទី៩ ខែឧសភា ហើយអ្នកស្រី នឹងធ្វើសន្និសីទកាសែតពីដំណើរទស្សនកិច្ចរបស់អ្នកស្រី មុននឹងអ្នកស្រី ចាកចេញពីកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com