ជាតិ
តំណាង​យុវជន​កម្ពុជា​២០​រូប កំពុង​ចូលរួម​វេទិកា​អន្តរជាតិ​ស្ដីពី​សហគ្រិនភាព​ជាមួយ​ប្រទេស​ចំនួន​១៤ នៅ​ចិន​
29, Apr 2019 , 3:51 pm        
រូបភាព
​ខេត្ត​សាន​ទុង​៖ ប្រតិភូ​កម្ពុជា​ចំនួន​២០​រូប ដែលជា​យុវជន​វ័យក្មេង បាន​ចូលរួម​ក្នុង​វេទិកា​អន្តរជាតិ​ស្ដីពី​សហគ្រិនភាព​យុវជន​-​ក្ដី​សុបិន​នៅតាម​ផ្លូវ​សូត្រ ដែល​រៀបចំ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀង​ហៃ​។ វេទិកា​អន្តរជាតិ​នេះ មាន​យុវជន​វ័យក្មេង​រាប់រយ​នាក់​មកពី​ប្រទេស​ចំនួន ១៤ ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឈី​ង​ដៅ ខេត្ត​សាន​ទុង នៅ​ថ្ងៃទី ២៩ មេសា​នេះ​។


 
​វេទិកា​អន្តរជាតិ​ស្ដីពី​សហគ្រិនភាព​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​យុវជន​នៅ​ទូទាំងប្រទេស​ចិន និង​ថ្នាក់ដឹកនាំ​យុវជន​ដែល​មកពី​ប្រទេស​ចំនួន ១៤ រួមទាំង​យុវជន​វ័យក្មេង​រាប់រយ​នាក់​។ ក្នុង​វេទិកា​នេះ ប្រតិភូ​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ណេ​ប សាមុត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ទេសចរណ៍ និង​យុវជន​មកពី​ស្ថាប័នរដ្ឋ​-​ឯកជន រួមទាំង​អ្នកសារព័ត៌មាន ThmeyThmey​។​


 
​វេទិកា​អន្តរជាតិ​នេះ ស្ថិតក្រោម​កម្មវិធី​បោះជំរំ​យុវជន​ស្ដីពី​ទំនាក់ទំនង​យុវជន​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀង​ហៃ (SCO) ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឈី​ង​ដៅ ខេត្ត​សាន​ទុង និង​ទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី ២៥ មេសា ដល់​ថ្ងៃទី​២ ឧសភា​។ នេះ​ជា​លើក​ទី​៤​ហើយ ដែល​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀង​ហៃ​រៀបចំ​កម្មវិធី​បោះជំរំ​នេះ ដើម្បី​ផ្ដល់ឱកាស​ដល់​យុវជន​នានា​អាច​ទំនាក់ទំនង និង​ផ្លាស់ប្ដូរ​គំនិត​យោបល់​គ្នា​។ 


 
​តាមរយៈ​វេទិកា​អន្តរជាតិ​នេះ ប្រតិភូ​យុវជន​ដែល​មកពី​ប្រទេស​មួយចំនួន បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ប្រធានបទ ការតភ្ជាប់ និង​ការអភិវឌ្ឍ​រួមគ្នា​ក្នុង​តំបន់ SCO រួមទាំង​បដិវត្តន៍​ឧស្សាហកម្ម​ថ្មី និង​ឱកាស​ទំនាក់ទំនង​ជាល​ក្ខ​ណៈ​អន្តរជាតិ​។ វេទិកា​អន្តរជាតិ​នេះ ជំរុញ​សកម្មភាព​របស់​សហគ្រិន​វ័យក្មេង ដោយ​បណ្ដុះបណ្ដាល​សហគ្រិន​វ័យក្មេង និង​ការកសាង​សហគ្រិន​ភាពជា​លក្ខណៈ​ប្រព័ន្ធ​។ ជាមួយគ្នានេះ អង្គការ​យុវជន និង​សហគ្រិន​វ័យក្មេង នឹង​អាច​ចាប់យក​ឱកាស​រវាង​យុវជន តាមរយៈ​គម្រោង «​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​។ 


 
​សូមបញ្ជាក់ថា ក្នុង​កម្មវិធី​បោះជំរំ​យុវជន​ស្ដីពី​ទំនាក់ទំនង​យុវជន​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀង​ហៃ​លើក​ទី​៤ រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​ស្មារតី​សៀង​ហៃ និង​ការអភិវឌ្ឍ​រួមគ្នា ដោយ​ផ្លាស់ប្ដូរ​កិច្ច​សហប្រតិបត្តិ​រវាង​សហគ្រិន​វ័យក្មេង និង​ស្ថាប័ន​ដែល​ធ្វើការ​ទាក់ទង​នឹង​សហគ្រិនភាព​របស់​ប្រទេស​សមាជិក Shanghai Cooperation Organization Youth Campus (SCO)​។ ប្រតិភូ​យុវជន​ចំនួន ១៤​ប្រទេស រួមទាំង​ប្រទេស​ដែលជា​សមាជិក SCO នឹងចូលរួម​ជា​អ្នកសង្កេតការណ៍ និង​ជា​ដៃគូ ដែល​ពិភាក្សាគ្នា​លើ​ប្រធានបទ​ផ្សេងៗ​ផងដែរ​។



ប្រទេស​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ រួមមាន​៖ ចិន​, កម្ពុជា​, ឥណ្ឌា​,​កា​ហ្សា​ក់​ស្ថាន​, រុស្ស៊ី​, កៀ​ហ្ស៊ី​ស៊ី​ស្ថាន​, ប៉ា​គី​ស្ថាន​, តា​ហ្ស៊ី​គី​ស្ថាន​, អ៊ូ​ស​បេ​គី​ស្ថាន​, អា​ហ្វ​ហ្គា​នី​ស្ថាន​, បេឡា​រុស​, អ៊ីរ៉ង់ និង​ម៉ុង​ហ្គោ​លី​៕







Tag:
 ចិន​
  SCO
  កម្ពុជា​
  យុវជន​
  បោះជំរំ​
  វេទិកា​
  សហគ្រិនភាព​
© រក្សាសិទ្ធិដោយ thmeythmey.com