ជាតិ
កម្ពុជា សាងសង់​សួន​និម្មិត​រូប​មួយ ដោយ​ប្រើ​រចនាប័ទ្ម​ខ្មែរ ក្រោយ​សម័យអង្គរ នៅ​ប្រទេស​ចិន​
29, Apr 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា សាងសង់​សួន​និម្មិត​រូប​មួយ ដោយ​ប្រើ​រចនាប័ទ្ម​ខ្មែរ ក្រោយ​សម័យអង្គរ នៅលើ​ទឹកដី​ចិន​។ សួន​និម្មិត​រូបនេះ បាន​សាងសង់​ក្នុង​មជ្ឈមណ្ឌល​តាំង​ពិ​ព័រ​ណ៌​សាកវប្បកម្ម​អន្តរជាតិ​២០១៩ ដែលជា​មជ្ឈមណ្ឌល​តាំង​ពិ​ព័រ​ណ៌​លំដាប់​អន្តរជាតិ ទើប​សាងសង់​ថ្មី នៅ​ជាយ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។


 
​សម្ដេច ហ៊ុន សែន បាន​កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ក្រោយ​ចូលរួម​វេទិកា​គំនិត​ផ្ដួចផ្ដើម​«​ខ្សែក្រវ៉ាត់ និង​វិថី​» លើក​ទី​២​នោះ បាន​និយាយថា មេដឹកនាំ​ចិន បានផ្តល់​ដី​សម្រាប់​ប្រទេស​នីមួយៗ ដែលជា​ដៃគូ​សហប្រតិបត្តិការ​ខ្សែក្រវាត់ និង​វិថី ក្នុងការ​សាងសង់​សួន​ដែលជា​និម្មិត​រូប​ទៅតាម​បែបបទ​របស់​ប​ណ្ដា​ប្រទេស​ទាំងនោះ​។ ដូច្នេះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​សម្រេច​សាងសង់​សួន​កម្ពុជា ក្រោម​ប្រធានបទ «​រស់នៅ​កាន់តែ​ល្អប្រសើរ រស់នៅ​ជាមួយ​បរិស្ថាន​បៃតង​»​។​
 
​តាមរយៈ​អត្ថន័យ​ប្រធានបទ​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា គោលបំណង​នៃ​ការចូលរួម គឺ​ដើម្បី​ជំរុញ​ផ្សព្វផ្សាយ​ពី​វប្បធម៌ និង​កសាង​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ​។ ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​ដូច្នេះ​ថា​៖«​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ កម្ពុជា​នឹងមាន​ឱកាស បាន​ចែករំលែក​បទពិសោធន៍ ទាក់ទាញ​និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន បង្ហាញ​ពី​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់ និង​ការប្រតិបត្តិ​របស់​ប្រជាជន ការរៀបចំ​បរិស្ថាន​នៃ​ការរស់នៅ តាមរយៈ​ការរៀបចំ​សួន​ដែលមាន​ធម្មជាតិ និង​រុក្ខ​ជាត​ចម្រុះ តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ និង​ជាការ​ពេញនិយម​របស់​ប្រជាជន ដូចជា​ដើមត្នោត ដើម​ស្លា និង​ផ្កា​ភ្ញី​ជាដើម​»​។​
 
​បើតាម​សម្ដេច ហ៊ុន សែន សួន​កម្ពុជា ត្រូវបាន​សាងសង់ឡើង​តាម​រចនាប័ទ្ម​ខ្មែរ សម័យ​ក្រោយ​អង្គរ ដោយ​ផ្សារភ្ជាប់​គ្នា​រវាង​ធម្មជាតិ និង​វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់​របស់​ខ្មែរ ការរៀបចំ​តុបតែង​ភូមិដ្ឋាន និង​ការបង្ហាញ​ពី​ឧបករណ៍ សម្ភារៈ ដែល​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​។ ក្លោងទ្វារ​ចូល​ត្រូវបាន​រៀបចំ តាម​រចនាប័ទ្ម​ខ្មែរ យក​លំនាំ​តាម​ក្លោងទ្វារ​សារមន្ទីរ​ជាតិ និង​មាន​របង​ព័ន្ធ​ជុំវិញ​បរិវេណ​សួន​។ រូបសំណាក់​ដែលមាន​ព្រះភ័ក្ត្រ​ញញឹម​ស្រទន់ ជា​តំណាង​ឲ្យ​ទសពិធរាជធម៌ របស់​អតីតព្រះមហាក្សត្រ​ខ្មែរ នា​សម័យបុរាណ មានចិត្ត​មេត្តា ករុណា មុទិតា និង​ឧបេក្ខា គ្រប់​ដណ្តប់​លើ​ផ្ទៃដី​កម្ពុ​រដ្ឋ ក្នុង​ទិស​ទាំង​បួន និង​បានផ្តល់​សេចក្តីសុខ​សន្តិភាព​ដល់​មនុស្ស សត្វ និង​រុក្ខជាតិ ដែល​រស់នៅក្នុង​ភាព​ស្ងប់ស្ងៀម​ជាមួយនឹង​ធម្មជាតិ ស្របតាម​ប្រធានបទ​«​រស់នៅ​សុខដុមរមនា​ជាមួយ​ធម្មជាតិ​»​។ 
 
​ចំណែក​រោង​នៅ​ផ្នែក​ខាងស្តាំ និង​ខាងឆ្វេង នៃ​រូបសំណាក់​ព្រហ្ម​មុខ​បួន​វិញ មាន​រោង​អដ្ឋ​កោណ​មួយ សម្រាប់​ជាទី​សម្រាក​បណ្តោះអាសន្ន​រយៈពេល​ខ្លី​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បន្ទាប់ពី​បាន​ចូល​ទស្សនា​សួន និង​ពន្លា​ជាតិ​កម្ពុជា​។ ក្នុង​រោង​នេះ អ្នកទស្សនា​អាច​គយគន់​ទស្សនីយភាព​របស់​សួន​កម្ពុជា ហើយក៏​អាច​សិក្សា​ស្វែងយល់​ពី​ឧបករណ៍​សម្ភារៈប្រើប្រាស់​មួយចំនួន​របស់​ប្រជាជន​ខ្មែរ នា​សម័យបុរាណ ដែលមាន​ដាក់តាំង​លម្អ​ក្បែរ​នោះ មានដូចជា​រទេះគោ នង្គ័ល រនាស់ និង​ឧបករណ៍​ផ្សេងៗ​ទៀត ដែល​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​។ នៅក្នុង​សួន​នេះដែរ កម្ពុជា​បាន​សាងសង់​ពន្លា​ជាតិ​ជា​៣​ខ្នង តាម​រចនាប័ទ្ម​ខ្មែរ​នា​សម័យ​ចតុមុខ​។ នៅ​អម​សងខាង​ទ្វារ​ចូល​ពន្លា​ជាតិ មាន​ដាក់តាំង​រូបចម្លាក់​តោ​ថ្ម​ចំនួន​២ តាម​រចនាប័ទ្ម​តោ​ថ្ម​សម័យ​លង្វែក ដើម្បី​បង្ហាញ​ពី​ឫទ្ធានុភាព នៃ​អំណាច​ក្នុងការ​ការពារ​ផែនដី និង​ធម្មជាតិ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​
 
​សូម​បញ្ជាក់ដែរថា ពិ​ព័រ​ណ៌​សាកវប្បកម្ម​ពិភពលោក ឆ្នាំ​២០១៩​នេះ មេដឹកនាំ​ចិន ផ្ដល់​ផ្ទៃដី​ឲ្យ​កម្ពុជា​ទំហំ​១​ពាន់​ការ៉េ សម្រាប់​សាងសង់​សួន ដែលមាន​ទីតាំង​ក្នុង​មជ្ឈមណ្ឌល​នៃ​ពិ​ព័រ​ណ៌​ពិភពលោក ក្នុងស្រុក​យ៉ាង​ជី​ង ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​ទីក្រុង​ប៉េកាំង​៕

Tag:
 ហ៊ុន សែន​
  សួន​វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com