កីឡាជាតិ
ជាតិ
​ភ្នំពេញ​ក្រោ​ន​ឈ្នះ​ក្នុង​ដី​លើកដំបូង រីឯ​គ្រូ​ប៉ូលិស​មិន​ពេញចិត្ត​ការពិន័យ​កីឡាករ​ខ្លួន​នា​ជំនួប​ជាមួយ​សូល​ទី​ឡូ​
29, Apr 2019 , 4:16 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​ចាញ់​បឹងកេត និង​វិសាខា ទីបំផុត​ភ្នំពេញ​ក្រោ​នរក​ឃើញ​បី​ពិន្ទុ​លើកដំបូង​របស់ខ្លួន​ហើយ​នៅ​សប្តាហ៍​ទី​៥ ជាមួយនឹង​ជ័យជម្នះ ១-០ លើ​អាស៊ី​អឺរ៉ុប​។ ដោយឡែក ក្រោយ​ការប្រកួត​បាន​១​ថ្ងៃ លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​សំដែង​ការមិន​ពេញចិត្ត​ចំពោះ​ការ​ហូត​កាត​ពិន័យ​របស់​អាជ្ញាកណ្តាល​ទៅ​កីឡាករ​របស់លោក​នា​ជំនួប​ស្មើ ២-២ ជាមួយ​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។​

 
​ខ្សែបម្រើ​ប្រេ​ស៊ី​ល Paulo Victor បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​៦​នាទី​មុន​បញ្ចប់​ការប្រកួត​ដើម្បី​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន ទទួលបាន​៣​ពិន្ទុ​លើកដំបូង​សម្រាប់​ជំនួប​ដែល​រៀបចំ​នៅ​កីឡដ្ឋាន RSN របស់ខ្លួន ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Victorino​។ 
 
​ជ័យជម្នះ​នេះ នាំ​ឲ្យ​ភ្នំពេញ​ក្រោ​ន បាន​៦​ពិន្ទុ​ពី​ការប្រកួត​៥​លើក ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ បណ្តោះអាសន្ន បន្ទាប់ពី​អាស៊ី​អឺរ៉ុប និង​អគ្គិសនី​កម្ពុជា​។​
 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ផងដែរ អង្គ​រថា​យ​ហ្គឺ​រ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​វិសាខា​ស្គាល់​ចាញ់​លើកដំបូង​ជាមួយនឹង​លទ្ធផល ២-១ រីឯ​ម្ចាស់​ការពារ​ជើងឯក ណាហ្គា​វើ​ល បន្តបាន​៣​ពិន្ទុ ក្រោយ​ឈ្នះ​គិរីវង់​សុខ​សែន​ជ័យ ៣-១​។​
 
​ងាក​ទៅ​ជំនួប​រវាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​សូល​ទី​ឡូ​អង្គរ​វិញ ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅលើ​ទីលាន​អគ្គិសនី​កម្ពុជា​ដែល​ពោរពេញ​ទៅដោយ​ទឹក​ដក់​ពេញ ក្រោយ​ភ្លៀង​មួយ​មេ​ដ៏​ធំ​។​
 
​ខ្សែបម្រើ​នី​ហ្សេ​រី​យ៉ា Jose Magson និង នួន បូរី ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​នគរបាលជាតិ រីឯ​គ្រាប់​បាល់​ទាំងពីរ​គ្រាប់​របស់​សូល​ទី​ឡូ​អង្គរ​សម្រេចបាន​ដោយ​ខ្សែបម្រើ Yuta Kikuchi​។​
 
​លទ្ធផល​ឈ្នះ​ចាញ់ ឬ​ស្មើ មិនមាន​អ្វីដែល​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ប្រកែក​តវ៉ា​នោះឡើយ ប៉ុន្តែ​គ្រូបង្វឹក​ក្លិប​នគរបាលជាតិ​រូបនេះ បាន​រិះគន់​ចំពោះ​ការ​ហូត​កាត​ពិន័យ​របស់​អាជ្ញាកណ្តាល ដោយ​ក្រុម​លោក​ទទួលបាន​កាត​ក្រហម​២ និង​កាត​លឿង​៥​។​
 
​អ្នកចាត់ការ​រូបនេះ​បន្ថែមថា​៖«​ការពិត​រឿង​លទ្ធផល​ចាញ់ ឬ​ឈ្នះ​យើង​មិន​ទោមនស្ស​នោះទេ​។  ប៉ុន្តែ​បំណង​ដែល​ខ្ញុំ​ចង់​សរសេរ គឺ​ក្លិប​នីមួយៗ​គេ​ព្យាយាម​អប់រំ​ខ្លាំងណាស់​រឿង​ចិត្តសាស្ត្រ​ទាក់ទង​នឹង​អាជ្ញាកណ្តាល ព្រោះ​ក្លិប​នីមួយៗ​មាន​កីឡាករ មានគុណ​ភាព​តិច​ណាស់​។ យើង​ព្យាយាម​រហូត​ស្នើសុំ​សហព័ន្ធ​ឲ្យ​បន្ធូរបន្ថយ​កាត​លឿង​បី ឬ​បួន​ចាំ​ព្យួរ ព្រោះ​យើង​គ្មាន​កីឡាករ​លេង​»​។​
 
​ជាមួយ​ការ​ចំអក​នេះ អតីត​គ្រូបង្វឹក​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល​ឆ្នាំ​២០១៥​រូបនេះ បាន​ចោទ​អាជ្ញាកណ្តាល​ខាងលើ​ថា ជា​អាជ្ញាកណ្តាល​ដែល​ប្រើ​អារម្មណ៍​ក្នុង​កាត់សេចក្តី​។ សម្រាប់​លោក ប្រាក់ សុវណ្ណារ៉ា ការកាត់ក្តី​បែបនេះ នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​ក្លិប តាមរយៈ​ប្រឈម​នឹង​អត់​កីឡាករ​ប្រើប្រាស់​ក្នុងជំនួប​បន្ទាប់ ដោយសារ​ការចាយ​កាត​ឥត​សំចៃ​របស់​អាជ្ញាកណ្តាល​រូបនេះ​។   
 
«​ក្លិប​នីមួយៗ​បើ​បាត់​កីឡាករ​ល្អៗ​ណាមួយ គឺ​វា​ធ្វើ​ឲ្យ​ការប្រកួត​មិនសូវ​ល្អមើល​។ គាត់​នឹង​(​លោក ឃួន វីរៈ​) មិនមែន​ទើបតែ​ឥឡូវ​នឹង​នោះទេ គឺ​រាប់​ឆ្នាំ​មកហើយ គឺ​គាត់​សប្បាយ​នឹង​ការដក​កាត គ្រាន់តែ​លោត​បុក​គ្នា​ធ្ងន់​បន្តិច​កាត មិនដឹង​ម៉េច​គាត់​។ ខ្ញុំ​ខ្លាច​គាត់​មែន​ពី​ម្សិលមិញ អារម្មណ៍​នៃ​ការលេង​ស្ទើរ​គ្មាន និយាយ​ពី​អង្វរ សឹង​លត់​ជង្គង់​មុខ​កីឡាករ​ថា គាត់​កាច តែ​នៅតែមាន​កាត​ក្រហម​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា​៕    
 

Tag:
 Cambodian League 2019
  ប្រាក់ សុវណ្ណារ៉ា​
  ឃួន វិ​រៈ
© រក្សាសិទ្ធិដោយ thmeythmey.com