កីឡាអន្តរជាតិ
អន្តរជាតិ
Cannavaro ចុះ​ពី​តំ​ណែង​គ្រូ​ជម្រើស​ជាតិចិន ដោយ​ផ្តោត​តែ​ក្លិប​មួយ និង​មាន​ពេល​ឲ្យ​គ្រួសារ​
29, Apr 2019 , 4:42 pm        
រូបភាព
​លោក Fabio Cannavaro បានប្រកាស​ចុះចេញ​ពី​តំណែង​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន​ក្រោយ​ដឹកនាំ​បានតែ​២​ប្រកួត​ប៉ុណ្ណោះ​។ លោក​បានបញ្ជាក់​ពី​ការចាកចេញ​នេះ ដ្បិត​ចង់​ផ្តោត​តែ​លើ​ការចាត់ការ​ក្រុម Guangzhou Evergrande នៃ​លី​គ​កំពូល​ចិន និង​មានពេលខ្លះ​សម្រាប់​គ្រួសារ​។​


 
​អតីត​ខ្សែការពារ​ឆ្នើម Real Madrid និង​ជម្រើសជាតិ​អ៊ីតាលី​រូបនេះ​ត្រូវបានតែងតាំង​ជា​អ្នក​ស្នង​តំណែង​លោក Marcello Lippi ក្នុងនាម​ជា​គ្រូបង្វឹក​ជម្រើស​ជាតិចិន​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ និង​ដឹកនាំ​ក្រុម Guangzhou ផង​។ 
 
​យ៉ាងណាក៏ដោយ​លោក Cannavaro បានសម្រេច​លាលែង​ពី​តំណែង​នេះ​វិញ ក្រោយ​ដឹកនាំ​ចិន​ចាញ់​ទាំងពីរ​ប្រកួត ពោលគឺ​ចាញ់​ថៃ និង​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​ការប្រកួត​ពានរង្វាន់ China Cup កន្លងទៅ​។ លើសពីនេះ​លោក​ចង់​ផ្តោត​សំខាន់​តែ​ក្នុង​ការដឹកនាំ​ក្រុម Guangzhou តែមួយ​ប៉ុណ្ណោះ​។​


 
​ការបញ្ជាក់​ពី​ការចាកចេញ​ពី​កៅអី​គ្រូជ​ម្រ​ស​ជាតិចិន​នេះ ធ្វើឡើង​បន្ទាប់ពី Cannavaro ជួយ​ក្រុម Guangzhou យកឈ្នះ Chongqing Dangdai Lifan ១-០ ក្នុងការ​ប្រកួត​លី​គ​កំពូល​ចិន (Chinese Super League) នៅ​ថ្ងៃទី​២៨ ខែមេសា​។​
 
​តាមរយៈ​បណ្តាញ​សង្គម Instagram គ្រូ​សញ្ជាតិ​អ៊ីតាលី​វ័យ​៤៥​នេះ​បានសរសេរថា​៖«​ដោយ​ការគោរព​ចំពោះ​ប្រទេស​ដែល​បានទទួល​ខ្ញុំ​យ៉ាង​រាក់ទាក់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ភារកិច្ច​ផ្សេង ដែល​ខ្ញុំ​ត្រូវ​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិចិន​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្លិប Guangzhou Evergrande និង​សហព័ន្ធ​កីឡាបាល់ទាត់​ចិន​ដែល​បានផ្តល់​ឲ្យ​ខ្ញុំ​ក្នុង​តំណែង​ដ៏​សំខាន់​ចំនួន​ពីរ​ក្នុងប្រទេស​នេះ​។ ទោះបី​យ៉ាងនេះ​ការ​ទ្វេដង​នេះ​បានធ្វើ​ឲ្យ​ចាក​ឆ្ងាយ​ពី​ក្រុមគ្រួសារ​របស់ខ្ញុំ​យូរពេក​»​។ 
 
​យក្ស​ចិន​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​ដើម្បី​អភិ​វ​ឍ្ឍ​វិស័យ​កីឡាបាល់ទាត់​របស់ខ្លួន​តាមរយៈ​ការនាំយក​អ្នក​ដែលមាន​ឈ្មោះ​ល្បីៗ​ទៅ​បំផុសគំនិត​កីឡាករ​របស់​ពួកគេ​ដើម្បី​ឈានដល់​កម្រិត​ខ្ពស់​មួយ​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី ចិន​នៅតែ​មិនទាន់​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ស្របតាម​អ្វីដែល​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​ពិភពលោក​នេះ​ចង់បាន​ឡើយ ស្រប​ពេលដែល​ពួកគេ​មាន​មហិច្ឆតា​ចង់ទៅ​លេង World Cup ឆ្នាំ​២០២០ នៅ​កាតា​។​
 
​ចិន​ក៏បាន​សម្រេច​ដាក់ពាក្យ​ដេញថ្លៃ​ជា​ផ្លូវការ​ដើម្បី​សុំ​សិទ្ធិ​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ី (Asian Cup) ឆ្នាំ​២០២៣ និង​មានបំណង​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០៣០ ឬ ២០៣៤ ទៀតផង​៕

Tag:
 បាល់ទាត់​
  Fabio Cannavaro
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com