រថយន្ត
អន្តរជាតិ
នូ​វែ​ល​សេ​ឡង់​ចង់​បន្ថយ​ការប្រើ​រថយន្ត នៅត្រឹម​ឆ្នាំ​២០៥០ សម្រាប់​ដំណើរ​ជិត​ល្មម​
29, Apr 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ពលរដ្ឋ​នូ​វែ​ល​សេ​ឡង់ ចង់​ឲ្យ​មានការ​កំណត់​ការប្រើប្រាស់​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​លើកកម្ពស់​សុខភាព និង​ការរស់នៅ​របស់​ពួកគេ​។ របាយការណ៍​ដែល​ដកស្រង់​ផ្សាយ​ដោយ Stuff គេហទំព័រ​ព័ត៌មាន​ដ៏​ធំ​បំផុត​នៅ​នូ​វែ​ល​សេ​ឡង់ ចង់ឃើញ​កំណើន​នៃ​ការ​ជិះ​កង់ និង​ថ្មើរជើង សម្រាប់​ដំណើរ​ដែល​មិនសូវ​ឆ្ងាយ​។​

 
​សាកលវិទ្យាល័យ Otago តាមរយៈ​របាយការណ៍​ឈ្មោះ Turning the Tide- from Cars to Active Transport បានផ្តល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​លើ​ការអនុម័ត​ច្បាប់​ទាក់ទង​នឹង​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត​នៅតាម​បណ្តា​ក្រុង​ពី​៨៤​ភាគរយ មក​នៅត្រឹម​៤៥​ភាគរយ​នៅ​ឆ្នាំ​២០៥០​។​
 
​ពលរដ្ឋ​នៅ​នូ​វែ​ល​សេ​ឡង់ ជាពិសេស​នៅ​ក្រុង Auckland ចង់​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត​ឲ្យ​បាន​ពាក់កណ្តាល​ឯណោះ នា​រយៈពេល​ប្រមាណ​៣០​ឆ្នាំ​ទៅមុខទៀត​។ បច្ចុប្បន្ន ការធ្វើដំណើរ​ជិត​ល្មមៗ មាន​៨៤​ភាគរយ​ប្រើប្រាស់​រថយន្ត ១២​ភាគរយ​ធ្វើដំណើរ​ថ្មើរជើង ៣​ភាគរយ​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ហើយ​ត្រូវតែ​១​ភាគរយ​ប៉ុណ្ណោះ​ដែល​ជិះ​កង់​។​


 
​ការប្តូរ​ពី​ការប្រើប្រាស់​រថយន្ត​ទៅជា​ការដើរ ឬ​ជិះ​កង់ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា អាច​កាត់បន្ថយ​អត្រា​មរណភាព ដែលជា​ញឹកញាប់​បង្កដោយ​កង្វះ​ការប្រុងប្រយ័ត្ន និង​ការបំពុល​ខ្យល់​បរិយាកាស​។ បើតាម Stuff ក្រុម​អ្នកសិក្សា ចង់ឃើញ​កំណើន​នៃ​ការដើរ ឡើងដល់​២៥​ភាគរយ ហើយ​ការ​ជិះ​កង់ និង​ការប្រើប្រាស់​សេវា​ដឹកជញ្ជូន​សាធារណៈ​ឡើងដល់​១៥​ភាគរយ ដោយ​គិត​ត្រឹម​ឆ្នាំ​២០៥០​។​
 
​លទ្ធផល​ស្ទង់​មតិ​កាលពី​ឆ្នាំ​២០១៦-១៧ (New Zealand Health Survey) បាន​រកឃើញថា យុវជន​ជាង​ពាក់កណ្តាល មិនបាន​ប្រើប្រាស់​សកម្មភាព​ផ្នែក​លំ​ហាត់​រូបរាងកាយ​ឡើយ ខណៈ​ការប្រើប្រាស់​យានយន្ត រួមចំណែក​ឲ្យ​មានការ​បំពុលបរិយាកាស​១៧​ភាគរយ និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៣០០​នាក់​ក្នុង​១​ឆ្នាំ​។​
 
​លោកស្រី Julie Anne Genter អនុរដ្ឋមន្ត្រី​ដឹកជញ្ជូន​នូ​វែ​ល​សេ​ឡង់ បាន​បញ្ជាក់ថា អនុសាសន៍​ទាំងនេះ ពិតជា​អាច​យកទៅ​សិក្សា​បាន ដែល​វា​អាចជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​បន្ទាប់​របស់​រដ្ឋាភិបាល លើ​ការបង្កើន​ថវិកា​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​។​
 
​លោកស្រី​ក៏បាន​លើកទឹកចិត្ត​ផងដែរ​ថា ដំណើរ​ចម្ងាយ​ជិត គួរតែ​នាំគ្នា​ជិះ​កង់ ឬ​ថ្មើរជើង ប្រសើរ​ជាងគេ​ប្រើប្រាស់​រថយន្ត​៕
 

Tag:
 បរិស្ថាន​
  នូ​វែ​ល​សេ​ឡង់
© រក្សាសិទ្ធិដោយ thmeythmey.com