ជាតិ
លោក ឈាង វណ្ណារិទ្ធ៖ បើមេដឹកនាំកម្ពុជា មានជំហរការពារប្រយោជន៍ជាតិច្បាស់ នោះមិនជាប់អន្ទាក់បំណុលចិនឡើយ
× ភ្នំពេញ៖ នៅថ្ងៃ២៩ មេសា វេទិកាគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់ និងផ្លូវ» លើកទី២ ដែលរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិននោះ បានបិទបញ្ចប់ហើយ។ ដ្បិតគម្រោងផ្តួចផ្ដើម«ខ្សែក្រវាត់ និងវិថី»នេះ ផ្ដល់ប្រយោជន៍ដល់ប្រទេសជាដៃគូសហការ ប៉ុន្តែក៏មានក្តីព្រួយបារម្ភច្រើនថា រាល់ការវិនិយោគចិន តាមរយៈគម្រោងនេះ នឹងធ្វើឲ្យប្រទេសនោះ ធ្លាក់ខ្លួនជាប់អន្ទាក់បំណុលចិន។ ករណីនេះ វាអាចកើតឡើងមែន បើសិនជាមេដឹកនាំកម្ពុជា ខ្វះការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នលើបញ្ហាវិនិយោគចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី»។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
លោក ឈាង វណ្ណារិទ្ធ បានមើលឃើញថា ការវិនិយោគតាមគម្រោងក្រោមគំនិតផ្ដួចផ្ដើមរបស់ចិន ក៏មានការបង្ករហានិភ័យដល់ប្រទេសខ្លះមកហើយ ដោយសារកង្វះតម្លាភាព និងគម្រោងវិនិយោគគ្មានគុណភាព។ ចំណែកការប្រើឥទ្ធិពលហិរញ្ញប្បទានរបស់ចិន សម្រាប់ប្រទេសជាដៃគូសហការក្នុងគម្រោងនេះ ក៏អាចជាហានិភ័យផងដែរ។ ត្រង់ចំណុចនេះ លោក ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់ថា ចិនបានផ្ដល់ប្រយោជន៍ជាវិជ្ជមានបណ្ដើរដល់កម្ពុជា តាមរយៈគម្រោងនេះ ខណៈបំណុលកម្ពុជា ជំពាក់ចិន មិនទាន់ជាហានិភ័យនោះទេ។ ហើយបើមេដឹកនាំមានជំហរការពារប្រយោជន៍ជាតិច្បាស់ នោះក៏មិនជាប់អន្ទាក់បំណុលចិនឡើយ។
សូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដូចតទៅ៖
ជំហរការពារប្រយោជន៍ជាតិច្បាស់របស់មេដឹកនាំកម្ពុជា ដែលលោក ឈាង វណ្ណារិទ្ធ ចង់ឃើញនោះ គឺចរចាដោយស្មើភាព និងផ្ដល់ប្រយោជន៍រួម ដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងចីរភាព ។ ជាពិសេសការបើកទូលាយឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សិក្សាស្រាវជ្រាវ និងពិភាក្សា រាល់ការវិនិយោគរបស់ចិន តាមរយៈគម្រោង«ខ្សែក្រវាត់ និងវិថី» ដើម្បីបញ្ចៀសហានិភ័យ និងភាពរងគ្រោះដល់ប្រជាពលរដ្ឋ។ បើតាមប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី រដ្ឋាភិបាលត្រូវគ្រប់គ្រងហិរញ្ញប្បទានសាងសង់គម្រោងនីមួយៗ ឲ្យមានតម្លាភាព និងគណនេយ្យភាព ទប់ស្កាត់អំពើពុករលួយ ដែលនាំឲ្យជាប់អន្ទាក់បំណុលបរទេសជាដើម។
កាលពីថ្ងៃទី២៦ មេសា នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារគម្រោងគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់ និងវិថី»របស់ចិនថា វាមិនមែនជាអន្ទាក់បំណុលទេ ប៉ុន្តែវានឹងជួយឲ្យប្រទេសដៃគូសហប្រតិបត្តិការនៃគម្រោងនេះ ទទួលបានផលប្រយោជន៍សម្រាប់វិស័យសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះនាយករដ្ឋមន្ត្រីកម្ពុជា ថែមទាំងអះអាងថា កម្ពុជា មិនត្រឹមតែអាចចរចា ដោយឈរលើស្មារតីនៃការពារប្រយោជន៍ជូនជាតិ និងប្រជាជនរបស់ខ្លួន ដោយស្មើភាពនិងស្មើសិទ្ធិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងសម្រេចបាន នូវការធ្វើវិស្វកម្មហិរញ្ញវត្ថុមួយ ដែលមិនបង្កើតបន្ទុកហិរញ្ញវត្ថុ និងបំណុលសាធារណៈ ដល់រដ្ឋថែមទៀតផង៕
Tag:
ឈាង វណ្ណារិទ្ធ
ខ្សែក្រវាត់ និងវិថី
One Belt One Road
© រក្សាសិទ្ធិដោយ thmeythmey.com