សិស្ស​ពូកែ​ថ្នាក់​ទី​៩៖ កណ្តាល​ខ្លាំង​អក្សរសិល្ប៍ ភ្នំពេញ​នាំមុខ​គណិត រីឯ​ព្រៃវែង​លេខ​១​រូបវិទ្យា​
ជាតិ
សិស្ស​ពូកែ​ថ្នាក់​ទី​៩៖ កណ្តាល​ខ្លាំង​អក្សរសិល្ប៍ ភ្នំពេញ​នាំមុខ​គណិត រីឯ​ព្រៃវែង​លេខ​១​រូបវិទ្យា​
29, Apr 2019 , 5:35 pm        
រូបភាព
​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​២៨ ខែមេសា បានចេញ​ប្រកាស​ស្តីពី​ការទទួលស្គាល់​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរ​សិ​ល្បិ៍​ខ្មែរ គណិតវិទ្យា និង​រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ឆ្នាំ​២០១៩​នេះ​។ សិស្ស​ពូកែ ដែល​ក្នុង​មួយ​មុខវិជ្ជា​មាន​១០​នាក់​នោះ ត្រូវបាន​ជ្រើសរើស​ចេញពី​សម័យ​ប្រឡង​ថ្ងៃទី​២២ ខែមេសា នៅ​ខេត្តសៀមរាប​។​

​សម្រាប់​ថ្នាក់​ទី​៩ សិស្សស្រី​មាន​រហូតដល់​ទៅ​៦​នាក់​ក្នុងចំណោម​សិស្ស​ដែល​ក្រសួង​ទទួលស្គាល់​សរុប​១០​នាក់​លើ​មុខវិជ្ជា​អក្សរ​សិ​ល្បិ៍​ខ្មែរ​។ សិស្សស្រី​ពី​អនុវិទ្យាល័យ​ព្រះសីហនុ​រាជ ខេត្តកណ្តាល រហូតដល់​ទៅ​៣​នាក់ ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ ដោយ រ៉ុ​ន រ៉ូ​នី​តា បាន​លេខ​១ ឃុន ស៊ូ​ឡា បាន​លេខ​២ និង ឆាយ លិញ​អ៊ី បាន​លេខ​៣ ។ ជ័យលាភី​៧​រូប​ទៀត មាន​ព្រៃវែង (២​នាក់​) សៀមរាប កំពត ពោធិ៍សាត់ កណ្តាល និង​រាជធានី​ភ្នំពេញ​។​


 
​ចំពោះមុខ​វិជ្ជា គណិតវិទ្យា បេក្ខជន​ពី​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ នាំមុខគេ ដោយ តែ ប៊ុន​ម៉េង ពីសា​ខា​ទី​៥ បាន​ចំណាត់ថ្នាក់​លេខ​១ និង ឃ​ន វណ្ណដា ពីសា​ខា​ទី​១១ បាន​លេខ​២ ។ ក្នុងចំណោម​១០​នាក់​ដែលជា​សិស្ស​ពូកែ​មុខវិជ្ជា​នេះ មាន​នារី​តែ​២​នាក់​ប៉ុណ្ណោះ គឺ កែវ សុគន្ធ​ធា​រី ពី​ខេត្តតាកែវ បាន​លេខ​៣ និង ធូ រ៉ា​ណេ ពី​រាជធានី​ភ្នំពេញ បាន​លេខ​៦​។ ជ័យលាភី​៦​រូប​ផ្សេងទៀត មកពី​កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ តាកែវ កំពត និង​កំពង់ឆ្នាំង​។​
 
​ងាក​ទៅមុខ​វិជ្ជា រូបវិទ្យា បេក្ខជន មន់ សី​ម៉ា ពី​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង បាន​ចំណាត់ថ្នាក់​លេខ​១ ឡុង សុខលី ពី​វិទ្យាល័យ​អន្តរជាតិ​យូ អេស អេ ខេត្តបាត់ដំបង បាន​លេខ​២ និង​អ៊ឹង ហុក​ឆាយ ពី​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បាន​លេខ​៣​។ ជ័យលាភី​៧​រូប​ទៀត មកពី​ខេត្តកណ្តាល (២​រូប​) កំពង់ឆ្នាំង (២​រូប​) ពោធិ៍សាត់ ភ្នំពេញ និង​បាត់ដំបង​។ 


 
​ប្រកាស​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ហង់ ជួន ណា​រ៉ុ​ន បាន​បញ្ជាក់ថា សិស្ស​ពូកែ​ទាំងនោះ​ទទួល​វិញ្ញាបនបត្រ​បញ្ជាក់​សិស្ស​ពូកែ​ទូទាំងប្រទេស​ម្នាក់​១​ច្បាប់ ហើយ​អ្នក​បាន​ចំណាត់ថ្នាក់​ពី​លេខ​១ ដល់​លេខ​៣ ទទួលបាន​មេដាយ​ម្នាក់​មួយគ្រឿង​។​
 
​សម្រាប់​ប្រាក់រង្វាន់ ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា​ចំនួន​៣​លាន​៥​សែន​រៀល លេខ​២ ទទួលបាន​៣​លាន​២​សែន​រៀល លេខ​៣ បាន​២​លាន​៩​សែន​រៀល លេខ​៤ បាន​២​លាន​៦​សែន​រៀល លេខ​៥ បាន​២​លាន​៣​សែន​រៀល លេខ​៦​បាន​២​លាន​រៀល លេខ​៧ បាន​១​លាន​៧​សែន​រៀល លេខ​៨​បាន​១​លាន​៤​សែន​រៀល លេខ​៩ បាន ១​លាន​១​សែន​រៀល និង​លេខ​១០ បាន ៨​សែន​រៀល រួមទាំង​ថវិកា ឬ​វត្ថុ​ផ្សេងៗ​ពី​សប្បុរសជន​៕
 

Tag:
 ​អប់រំ​
  សិស្ស​ពូកែ​
© រក្សាសិទ្ធិដោយ thmeythmey.com