អន្តរជាតិ
រុស្ស៊ី​ចង់​ចាប់ផ្ដើម​តុ​ចរចា​៦​ភាគី​ឡើងវិញ តែ​អាមេរិក​ចង់​ចរចា​មួយ​ស្មើ​ជាមួយ​កូរ៉េខាងជើង​
29, Apr 2019 , 10:39 pm        
រូបភាព
​ក្រោយ​ជំនួប​សប្ដាហ៍​មុន​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានលើកឡើង​ពី​លទ្ធភាព​នៃ​ការចាប់ផ្ដើម​តុ​ចរចា​៦​ភាគី​ឡើងវិញ​។ ការចរចា​៦​ភាគី មិនមាន​ដំណើរការ​អ្វី​ឡើយ​តាំងពី​ឆ្នាំ​២០០៩ មក​។ យ៉ាងណាមិញ អាមេរិក​ដែលជា​ភាគី​មួយ​ក្នុងចំណោម​ភាគី​ទាំង​៦ គ្មាន​បំណង​វិល​ទៅរក​ក្បួន​ចរចា​ចាស់​នេះឡើយ តែ​ចង់​ចរចា​មួយ​ទល់នឹង​មួយ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​។

 
​តុ​ចរចា​៦​ភាគី ជា​យន្តការ​ពហុភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ចាប់ផ្ដើម​នៅ​ឆ្នាំ​២០០៣ យន្តការ​ចរចា​មួយ​នេះ​មាន​ប្រទេស​ចូលរួម​ដូចជា អាមេរិក ចិន រុស្ស៊ី កូរ៉េខាងត្បូង កូរ៉េខាងជើង និង​ជប៉ុន​។ ប៉ុន្តែ ការចរចា​នេះ​បាន​ដួលរលំ​ទៅវិញ​ក្នុង​ឆ្នាំ​២០០៩ ។ នៅក្នុង​ការវិវត្ត​ចុងក្រោយ ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ក៏​បែរជា​ជួបគ្នា​ដោយ​វិញ​ដើម្បី​ដោះស្រាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ តែ​លទ្ធផល​នៅតែ​គ្មាន​ដដែល​។​
 
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ទើប​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​២៥ ខែមេសា ចង់​ឲ្យ​ភាគី​ទាំង​៦ ជួបគ្នា​ឡើងវិញ​។ នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ទល់មុខ​លើកដំបូង​នៅឯ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក លោក ពូ​ទីន លើកឡើងថា ការចាប់ផ្ដើម​យន្តការ​នេះ​ឡើងវិញ ជាការ​បំបែក​ការជាប់គាំង​ក្នុងការ​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ 
 
​យ៉ាងណាមិញ អាមេរិក​ហាក់​គ្មាន​បំណង​ទៅ​គាស់​រំលើង​ការចរចា​ដែល​គាំង​មិន​ទៅមុខ​នេះឡើយ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News លោក ច​ន ប៊ូល​តុ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ត្រូវបាន​សួរ​សំណួរ​ពាក់ព័ន្ធ​ជំហរ​របស់​ប្រធានាធិបតី​ជុំវិញ​ការអធិប្បាយ​របស់លោក ពូ​ទីន ។ លោក ប៊ូល​តុ​ន អះអាងថា មេ​កើយ​របស់លោក​មិន​ចង់​មាន​ការចរចា​ពហុភាគី​លើ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើយ ដ្បិត​វា​បរាជ័យ​ទៅហើយ​។ 
 
​បើតាម​ទីប្រឹក្សា​សន្តិសុខ​ជាតិ​រូបនេះ ការជួប​ចរចា​មួយ​ទល់​មួយ​រវាង​អាមេរិក និង​កូរ៉េខាងជើង មិន​ត្រឹមតែ​ជាការ​ចង់បាន​របស់​អា​មេ​រិ​ក​តែ​ម្ខាង​ឡើយ គឺ​សូម្បី​កូរ៉េខាងជើង​ចង់បាន​ដូច្នេះ​ដែរ​។ លោក ប៊ូល​តុ​ន ដែលជា​រឿយៗ​ក្លាយជា​មុខសញ្ញា​រិះគន់​របស់​ក្រុង​ព្យុងយ៉ាង លើកឡើងថា មកទល់​បច្ចុប្បន្ននេះ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មានបំណង​ជួប​ជជែក​ជាមួយ​លោក ត្រាំ ដោយផ្ទាល់​ដូចដែល​បាន​កើតឡើង​ពីរដង​ទៅហើយ​។​
 
​ទោះ​ប្រកាន់​ជំហរ​ចរចា​មួយ​ស្មើ​ជាមួយ​កូរ៉េខាងជើង​ក្ដី លោក ប៊ូល​តុ​ន បញ្ជាក់ថា អាមេរិក​មិនបាន​ប៉​បង់​ការជជែក​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ការទូត​ជាមួយ​កូរ៉េខាងជើង​ឡើយ​។ លោក​ថា លោក ត្រាំ ទើបបាន​ជួប​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ កាលពី​ថ្ងៃទី​២៦ ខែមេសា​កន្លងទៅ ហើយ​បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​សម​ភាគី​រុស្ស៊ី និង​ចិន​ផងដែរ​។ កាន់តែ​សំខាន់ លោក ត្រាំ មិន​ភ្លេច​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ដែរ​៕ 

Tag:
 រុស្ស៊ី​
  កូរ៉េខាងជើង​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com