អន្តរជាតិ
ឥណ្ឌូណេស៊ី ឃាត់ខ្លួនអ្នកនេសាទវៀតណាម១២នាក់ ក្រោយប៉ះទង្គិចគ្នា
× កាលពីចុងសប្ដាហ៍មុន នាវាល្បាតរបស់ឥណ្ឌូណេស៊ីមួយគ្រឿង ត្រូវបានបុកដោយនាវាល្បាតឆ្នេរវៀតណាម២គ្រឿង។ ហេតុការណ៍ប៉ះទង្គិចគ្នានេះ បានកើតឡើងក្រោយពីនាវាល្បាតឥណ្ឌូណេស៊ី បានស្ទាក់ចាប់ទូកនេសាទវៀតណាមមួយគ្រឿង ដែលខ្លួនអះអាងថាបានធ្វើសកម្មភាពនេសាទត្រីខុសច្បាប់ក្នុងដែនទឺកឥណ្ឌូណេស៊ី។
ការប៉ះទង្គិចរវាងនាវាល្បាតវៀតណាម និងឥណ្ឌូណេស៊ី បានកើតឡើងកាលពីថ្ងៃសៅរ៍ទី ២៧ ខែមេសា និងបានបង្កឲ្យលិចទូកវៀតណាមមួយគ្រឿង។ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ កងកម្លាំងជើងទឺកឥណ្ឌូណេស៊ី បានចាប់ឃុំខ្លួនអ្នកនេសាទវៀតណាម ១២នាក់ ពីទូកដែលលិចនោះ។ នេះបើតាមការបញ្ជាក់របស់លោក Yudo Margono មេបញ្ជាការកងទ័ពជើងទឹកតំបន់ខាងលិចរបស់ឥណ្ឌូណេស៊ី។
លោក Yudo បានបញ្ជាក់ឲ្យដឹងទៀតថា អ្នកទាំង១២នាក់នោះ ត្រូវឃុំខ្លួននៅមូលដ្ឋានជើងទឹកឥណ្ឌូណេស៊ី ដើម្បីដំណើរការនីតិវិធីច្បាប់បន្តទៀត។ ចំណែកមនុស្ស២នាក់ផ្សេងទៀត ត្រូវបានជួយរំដោះដោយកងល្បាតឆ្នេររបស់វៀតណាម។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP មន្ត្រីយោធាជាន់ខ្ពស់រូបនេះ លើកឡើងថា ទីតាំងចាប់ខ្លួន ពិតជាកើតឡើងក្នុងដែនទឹកឥណ្ឌូណេស៊ីមែន។ ប៉ុន្តែភាគីវៀតណាម ក៏បានអះអាងដូចគ្នាថា តំបន់នោះ គឺជាដែនទឹករបស់ខ្លួន។
យោងតាមវីដេអូមួយ ដែលថតចេញពីនាវាឥណ្ឌូណេស៊ី និងត្រូវបានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម នាវាល្បាតវៀតណាមមួយគ្រឿងបានបើកទៅបំបុកជាមួយនាវាឥណ្ឌូណេស៊ី ខណៈគេលឺកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ីបានស្រែកជេរប្រមាថ ដូចជា «ឆ្កែ» និង«ជ្រូក» ជាដើម។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រជាជាតិមានប្រជុំកោះច្រើនបំផុតរបស់ពិភពលោក បានបុកពន្លិចនាវានេសាទខុសច្បាប់រាប់រយគ្រឿងរបស់វៀតណាម ហ្វីលីពីន ចិន និងបណ្តាប្រទេសផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៤មក។ ប្រតិបត្តិការបុកពន្លិចនេះ ស្ថិតជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងគោលដៅពង្រីកការគ្រប់គ្រងលើដែនទឹកដ៏ធំធេងរបស់ខ្លួនឲ្យធំបន្ថែមទៀត៕
Tag:
វៀតណាម
ឥណ្ឌូណេស៊ី
សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com