អន្តរជាតិ
អាមេរិក ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​ប្រេង​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ផ្លាស់ប្តូរ​របប ម៉ា​ឌុយ​រ៉ូ
30, Apr 2019 , 9:29 am        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​ស្របពេល​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​កាន់តែ​ធ្លាក់​ដុនដាប ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​ប្រទេស​អាមេរិក​ឡាទីន​នេះ​។  ម្តងនេះ​គឺ​ផ្តោត​សំខាន់​លើ​ការនាំចេញ​ប្រេង ដែលជា​ដង្ហើម​សេដ្ឋកិច្ច​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​។ សម្រាប់​ទណ្ឌកម្ម​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​២៨ ខែមេសា កន្លងទៅនេះ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ សង្ឃឹមថា វា​នឹង​រួមចំណែក​ក្នុង​យុទ្ធនា​ការដែល​ខ្លួន​សន្យា​ក្នុងការ​ផ្តួលរំលំ​ប្រធានាធិបតី​ឆ្វេងនិយម លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ និង​ដាក់​បន្តុប​មេដឹកនាំ​បក្សប្រឆាំង​លោក  ហ័ន ក្វៃ​ដូ ដែល​ស្និទ្ធ​នឹង​អាមេរិក​ជំនួស​វិញ​។​

 
​ចាប់ពី​ម៉ោង ១២៖០១ នាទី​យប់​តទៅ (​ម៉ោង​នៅ​រដ្ឋធានី វ៉ាស៊ីនតោន​) ថ្ងៃទី​២៨ ខែមេសា សហរដ្ឋអាមេរិក នឹង​ផ្តើម​ចាត់វិធានការ​ប្រឆាំង​បុគ្គល ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ វេ​ណេ​ស៊ុយ​អេ​ឡា Petroleos de Venezuela (PDVSA) ឬក៏​អង្គភាព​នានា ដែល​ក្រុមហ៊ុន​កាន់កាប់​ភាគហ៊ុន​យ៉ាងហោចណាស់ ៥០​ភាគរយ​។ 
 
​ទណ្ឌកម្ម​ប្រេង​ថ្មី​នេះ គឺជា​ចំណាត់ការ​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋបាល​លោក​ប្រ​ធា​ធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដ្បិតថា ប្រេង​ជា​ចរន្តឈាម​ដ៏​សំខាន់​ក្នុង​សេដ្ឋកិច្ច​ដែល​កំពុង​ដាំ​ក្បាល​ចុះ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​។ ជំនួញ​ប្រេង ស្មើនឹង​៩៦ ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ហើយ​គោលដៅ​នៃ​ទណ្ឌ​កម្មនេះ គឺ​ដើម្បី​ទម្លាក់​របប​លោក ម៉ា​ឌុយ​រ៉ូ និង​ដាក់​បន្តុប​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា លោក ហ្វ័​ន ក្វៃ​ដូ ឡើង​ធ្វើជា​ប្រធានាធិបតី​ជំនួស​វិញ​។ គិត​មក​ត្រឹម​ពេលនេះ លោក ក្វៃ​ដូ ត្រូវបាន​ប្រទេស​ជាង​៥០ ដែល​ភាគច្រើន​ជា​សម្ព័ន្ធ​អាមេរិក ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់​។ 
 
​នៅ​មុនពេល​ផ្ទុះឡើង​នៃ​វិបត្តិ​នៅ​វេ​ណេ​អ៊ុយ​អេ​ឡា ក្រុង​កា​រ៉ា​កាស​បាន​នាំចេញ​ប្រេង ៥​ម៉ឺន​បារ៉ែល​ប្រចាំថ្ងៃ​ទៅកាន់​សហរដ្ឋអាមេរិក ដែលជា​អតិថិជន​ធំ​បំផុត​របស់ខ្លួន ។ ការដោះដូរ​ប្រេង​នេះ បានធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ដ៏​ធំ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា PDVSA និង​ក្រុមហ៊ុន​ប្រេង Citgo ដែលជា​សាខា​ប្រចាំ​អាមេរិក​។ 
 
​កន្លងទៅ អាមេរិក​ចង់​ឲ្យ​មាន​ការដាក់​ក្រុមហ៊ុន​ប្រេង Citgo  ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក ហ័ន ក្វៃ​ដូ ។ ប្រភពព័ត៌មាន​បរទេស​មួយចំនួន  បាន​ចុះផ្សាយ​កាលពី​ខែកុម្ភៈ​ថា  លោក ក្វៃ​ដូ ថែមទាំង​បានតែងតាំង​សមាជិក​នៃ​គណៈកម្មការ​ជាន់ខ្ពស់រ​បស់​ក្រុមហ៊ុន​ប្រេង​នេះ ដោយ​ខ្លួន​លោក​ផ្ទាល់​ទៀតផង​។​
 
​ទាក់ទិន​នឹង​ការដាក់ទណ្ឌកម្ម​ថ្មី​នេះ  អ្នកជំនាញ​ផ្នែក​ច្បាប់​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​លោក  Mariano de Alba គូសបញ្ជាក់ថា ទោះបីជា​ទណ្ឌកម្ម​ថ្មី​ទើបតែ​បាន​ចូល​ជា​ធរមាន​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ ជា​ការពិតទៅ ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​រវាង​សហរដ្ឋអាមេរិក និង​វេ​ណេ​ស៊ុយ​អេ​ឡា  បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ជា​យូរ​មកហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យ៉ាងណាមិញ ទណ្ឌ​កម្មនេះ នឹង​នៅតែមាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​វេ​ណេ​ស៊ុយ​អេ​ឡា ព្រោះថា​ក្រុង​វ៉ាស៊ីនតោន​បាន​ប្តេជ្ញា​អនុវត្ត​ទណ្ឌ​កម្មនេះ ប្រឆាំងនឹង​ក្រុមហ៊ុន​បរទេស​នានា ដែលមាន​ទំនាក់ទំនង​ជាមួយ​ខ្លួន ជាពិសេស​ខាង​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក ដែល​គ្របដណ្តប់​ទូទាំង​សកលលោក​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក  de Alba ។​
 
​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​សុក្រ​ទី ២៦ មេសា ក្រុង​វ៉ាស៊ីនតោន បានសម្រេច​បង្កក​ទ្រព្យសម្បត្តិ​របស់​រដ្ឋមន្ត្រី​ការបរទេស​វេ​ណេ​ស៊ុយ​អេ​ឡា លោក Jorge Arreaza ដែលមាន​នៅលើ​ទឹកដី​អាមេរិក​។ ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​វេ​ណេ​ស៊ុយ​អេ​ឡា​បែបនេះ បាន​ផ្ញើ​សារ​មួយ​យ៉ាងច្បាស់​ថា រដ្ឋបាល​លោក​ត្រាំ គ្មាន​បំណង​ចូល​តុ​ចរចា​ជាមួយ​របប​លោក ម៉ា​ឌុយ​រ៉ូ ដែល​គាំទ្រ​លទ្ធិសង្គមនិយម ហើយ​ដែល​អាមេរិក​ចាត់ទុកថា ជាដើម​ចម​នៃ​ការធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​។​
 
​បើតាម AFP លោក Elliott Abrams ប្រេសិត​អាមេរិក​ដែល​ដឹកនាំ​កិច្ចប្រឹងប្រែង​ក្នុងការ​ផ្តួលរំលំ​របប​លោក ម៉ា​ឌុយ​រ៉ូ បាន​សន្យាថា លុយ​១០​ពាន់​លាន​ដុល្លារ នឹង​ចាក់​បញ្ចូល​ក្នុង​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​កសាង​សេដ្ឋកិច្ច​ប្រទេស​នេះ​ឡើងវិញ​។  ថ្លែង​កាលពី​ថ្ងៃទី ២៥ មេសា លោក Abrams បានដាក់​លក្ខខណ្ឌ​មួយ​ថា ការ​ស្រោចស្រង់​អាច​ចាប់​ផ្តើមឡើង ដរាបណា​ប្រទេស​អាមេរិក​ឡាទីន​នេះ មាន​រដ្ឋាភិបាល​ស្របច្បាប់​មួយ ដែល​តំណាង​ឲ្យ​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​ទាំងអស់​។​
 
​ប៉ុន្តែ​ការសិក្សា​មួយ​របស់​អ្នកជំនាញ​សេដ្ឋកិច្ច​អាមេរិក​ពីររូប បាន​ព្រមាន​ថា ការដាក់ទណ្ឌកម្ម​បន្ថែម​លើ​របប​លោក ម៉ា​ឌុយ​រ៉ូ នឹង​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​ពលរដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា​ស្លូតត្រង់​។ ការសិក្សា​ដែល​បាន​ចុះផ្សាយ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ​គោលនយោបាយ និង​សេដ្ឋកិច្ច  បាន​រកឃើញថា វេ​ណេ​ស៊ុយ​អេ​ឡា​មាន​មនុស្ស​ស្លាប់​ច្រើនជាង​៤​ម៉ឺន​នាក់​បន្ថែម ចន្លោះ​ពី​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​អ្នកជំនាញ​ទាំងនេះ ទម្លាក់កំហុស​លើ​ទណ្ឌកម្ម​អាមេរិក ដែល​បង្ក​ឲ្យ​កើតមាន​បញ្ហា​កង្វះខាត​ចំណីអាហារ និង​ថ្នាំសង្កូវ​៕

Tag:
 អាមេរិក វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា ទណ្ឌកម្ម​ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com