ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ លោក កឹម សុខា និង អ្នកស្រី ស៊ូជី គឺដូចគ្នា
30, Apr 2019 , 9:28 am        
រូបភាព
លោក សម រង្ស៊ី បានបង្ហោះរូបលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និង រូបអ្នកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដោយសរសេរប្រៀបធៀបថា ជីវិតនយោបាយរបស់អ្នកទាំងពីរ គឺដូចគ្នា។ លោក សររសេរថា «ពេលនេះ លោក កឹម សុខា ជាអ្នកទោសនយោបាយ ដូចអ្នកស្រី អ៊ុងសាន ស៊ូជី កាលពីប្រមាណ១០ ឆ្នាំមុនអ៊ីចឹងដែរ»។



លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលកំពុងនិរទេស និងជាដៃគូនយោបាយរបស់លោក កឹម សុខា បានរម្លឹករឿងរបស់អ្នកស្រី ស៊ូជី ដែលធ្លាប់ជាប់ឃុំក្នុងផ្ទះ១៤ឆ្នាំ កាលពីអ្នកស្រី នៅធ្វើជាអ្នកប្រឆាំងនៅមីយ៉ាន់ម៉ា។ លោក បន្តថា ការឃុំឃាំងអ្នកស្រីក្នុងផ្ទះបែបនេះ បានធ្វើឲ្យពិភពលោកទាំងមូល ទាមទារឲ្យមានការដោះលែងអ្នកស្រី ឲ្យទទួលបានសេរីភាពពេញលេញឡើងវិញ។

បន្ទាប់មក លោក ក៏លើកយកករណីរបស់លោក កឹម សុខា មកប្រដូចនឹងករណីរបស់អ្នកស្រី ស៊ូជី។ លោក បង្ហាញថា លោក កឹម សុខា កំពុងតែត្រូវបានឃុំឃាំងក្នុងផ្ទះ ដូច្នេះ ពិភពលោកទាំងមូល ក៏ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ឲ្យទទួលបានសេរីភាពពេញលេញឡើងវិញដែរ ពីព្រោះតុលាការ គ្មានភស្តុតាង និងគ្មានសាក្សី ក្នុងការចោទប្រកាន់ ទៅលើលោក កឹម សុខា នោះទេ។

ការលើកឡើងរបស់លោក សម រង្ស៊ី គឺធ្វើឡើងនៅពេលអ្នកស្រី ស៊ូជី កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ អ្នកស្រី ត្រូវជួបមេដឹកនាំកំពូលៗរបស់កម្ពុជា ដែលរួមមាន សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ ដំណើរទស្សនកិច្ចរបស់អ្នកស្រី នឹងត្រូវបញ្ចប់នៅថ្ងៃទី១ ខែឧសភា៕  

Tag:
 កឹម សុខា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com