ស្មាន​មិន​ដល់​សោះ​ថា “​ក្រូចថ្លុង​” ល្អ​យ៉ាងនេះ​ចំពោះ​សុខភាព ទប់ស្កាត់​សូម្បី​ជំងឺមហារីក​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ក្រូចថ្លុង​” ល្អ​យ៉ាងនេះ​ចំពោះ​សុខភាព ទប់ស្កាត់​សូម្បី​ជំងឺមហារីក​
30, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រូចថ្លុង គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង​ដែលមាន​រសជាតិ​ជូរអែម ហើយ​អាច​ផ្ដល់នូវ​អត្ថប្រយោជន៍​ល្អៗ​ជាច្រើន​ចំពោះ​សុខភាព​។ ក្រូចថ្លុង​មាន​ផ្ទុក​នូវ​វីតាមីន​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន រួមបញ្ចូល​ទាំង​សារធាតុ​លី​កូ​ប៉ែន (lycopene), ប៉ូ​តា​ស្យូ​ម​, កាល់​ស្យូ​ម និង​ផូស្វ័រ​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ក្រូចថ្លុង ៖
 
១. ទប់ស្កាត់​ជំងឺមហារីក​
 
​ក្រូចថ្លុង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​នឹង​ជំងឺមហារីក​ច្រើន​ប្រភេទ ជាពិសេស​ជំងឺមហារីក ពោះវៀនធំ​, បំពង់​អាហារ​, ក្រពះ​, ក្រពេញ​ប្រូ​ស្តា​ត និង​មហារីក​សុដន់​។ ការទទួល​ទាន​ទឹក​ក្រូចថ្លុង​ស្រស់​ជាប្រចាំ​ជួយ​រក្សាសុខ​ភាពល្អ​នៃ​កោសិកា DNA មិនឱ្យ​ប្រែក្លាយជា​កោសិកា​មហារីក​។​
 
២. បញ្ចុះ​សម្ពាធ​ឈាម​
 
​សារធាតុ Hesperidin ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ក្រូចថ្លុង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក ក៏ដូចជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ទៅលើ​មុខងារ និង​សកម្មភាព​នៃ​សរសៃឈាម​តូចៗ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ក្រូចថ្លុង ឬ​ទឹក​ក្រូចថ្លុង​ស្រស់​ទៀងទាត់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ក៏ដូចជា​បញ្ហា​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ក្រូចថ្លុង ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​ផងដែរ​។ វីតាមីន C ក៏មាន​ប្រសិទ្ធិភាព​ទប់ស្កាត់ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​បង្ក​ជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ រួមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​សរសៃឈាម​បេះដូង​, បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​។​
 
៤. ទប់ស្កាត់​គ្រួស​ក្នុង​តម្រងនោម​
 
​ក្រូចថ្លុង​មាន​ផ្ទុក​អាស៊ីត​ស៊ី​ត្រាត និង​ស៊ី​ទ្រិ​ក​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ជៀសផុត ឬ​ឆាប់​ធូរស្បើយ​ពី​ជំងឺ​គ្រួស​ក្នុង​តម្រងនោម ចូរ​ព្យាយាម​ទទួលទាន​ទឹក​ក្រូចថ្លុង​ស្រស់ ឬ​ផ្លែ​ក្រូចថ្លុង​។​
 
៥. បង្កើន​សុខភាព​បេះដូង​
 
​អត្ថប្រយោជន៍​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ការ​ទទួលទាន​ក្រូចថ្លុង គឺ​ជួយ​ទប់ស្កាត់​បញ្ហា​ជំងឺ​បេះដូង​។ ក្រូចថ្លុង​មាន​ផ្ទុក​សារធាតុ Hesperidin ដែល​ជួយ​ការពារ​សរសៃឈាម​ពី​ការស្ទះ​តាមរយៈ​ការពង្រឹង​សុខភាព​នៃ​កោសិកា​។​
 
៦. ជួយ​ឲ្យ​ស្រក​ទម្ងន់​
 
​ប្រសិនបើ​អ្នក​ព្យាយាម​សម្រក​ទម្ងន់ ផ្លែ​ក្រូចថ្លុង គឺអាច​ជួយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការ​ស្រក​នៃ​ទម្ងន់​បាន​។ ក្រូចថ្លុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​បរិមាណ​ខ្ពស់​។ អង់ស៊ីម​ទាំងនោះ​មិន​ត្រឹមតែ​ជួយ​បង្កើន​សកម្មភាព​នៃ​ការរំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាចជួយ​បង្កើន​ថាមពល​របស់​អ្នក​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com