ជាតិ
សង្គមជាតិ
រដ្ឋ​នឹង​រឹបអូស​យក បើ​លុយ​ជាង​៣,៥​លាន​ដុល្លារ​ដែល​ចាប់បាន​ពី​ជនជាតិ​ចិន ជា​លុយ​បទល្មើស​
30, Apr 2019 , 10:25 am        
រូបភាព
ដោយ: ថ្មីៗ
​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​យកប្រាក់​ជាង​៣,៥​លាន​ដុល្លារ ដែល​សមត្ថកិច្ច​ចាប់បាន​ពី​ជន​ជាតិចិន​៣​នាក់ ទៅ​តម្កល់ទុក​នៅ​ធនាគារជាតិ​កម្ពុជា​ជាប​ណ្ណោះ​អាសន្ន​សិន ដើម្បី​ធ្វើជា​វត្ថុ​តាង​ក្នុង​សំណុំ​រឿងនេះ​។ នេះ​ជាការ​អះអាង​របស់លោក កែវ វណ្ណ​ថន អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។


 
​លោក កែវ វណ្ណ​ថន ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រាក់​ទាំងនោះ មិនទាន់​ក្លាយជា​របស់​រដ្ឋ​ទេ ព្រោះ​ដំណាក់កាល​នេះ គឺ​កំពុង​ស្ថិតក្នុង​នីតិវិធី និង​ចំណាត់ការ​របស់​តុលាការ ដោយ​មិនដឹងថា ប្រាក់​ទាំងនោះ បានមកពី​ប្រភព​ណា​នោះទេ​។ លោក ពន្យល់​យ៉ាង​ដូច្នេះ​ថា «​ប្រាក់​នោះ បាន​ពី​ការឆក់ប្លន់ ឬ​ពី​ការជួញដូរ​គ្រឿងញៀន គឺ​យើង​អត់​ទាន់​ដឹង​។ តែបើ​យើង​រកឃើញថា ប្រាក់​នោះ បាន​ពីបទ​ល្មើស​ណាមួយ គឺ​យើង​នឹង​រឹបអូស​យក​»​។ 
 
​បច្ចុប្បន្ន ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​។ ពួកគេ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ក្រោយ​ឆែក​ឃើញថា ពួកគេ បាន​នាំ​ប្រា​ក់ជាង​៣,៥​លាន​ដុល្លារ ពី​ហុងកុង​ចូលមក​កម្ពុជា ដោយ​ប្រាក់​ទាំងនោះ ពុំមាន​ការបញ្ជាក់​អំពីប្រ​ភព​ច្បាស់លាស់​៕
 

Tag:
 ជនជាតិ​ចិន​
  តុលាការ​
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com