ជាតិ
សង្គមជាតិ
រដ្ឋនឹងរឹបអូសយក បើលុយជាង៣,៥លានដុល្លារដែលចាប់បានពីជនជាតិចិន ជាលុយបទល្មើស
× ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យយកប្រាក់ជាង៣,៥លានដុល្លារ ដែលសមត្ថកិច្ចចាប់បានពីជនជាតិចិន៣នាក់ ទៅតម្កល់ទុកនៅធនាគារជាតិកម្ពុជាជាបណ្ណោះអាសន្នសិន ដើម្បីធ្វើជាវត្ថុតាងក្នុងសំណុំរឿងនេះ។ នេះជាការអះអាងរបស់លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក កែវ វណ្ណថន ប្រាប់សារព័ត៌មានថ្មីៗថា ប្រាក់ទាំងនោះ មិនទាន់ក្លាយជារបស់រដ្ឋទេ ព្រោះដំណាក់កាលនេះ គឺកំពុងស្ថិតក្នុងនីតិវិធី និងចំណាត់ការរបស់តុលាការ ដោយមិនដឹងថា ប្រាក់ទាំងនោះ បានមកពីប្រភពណានោះទេ។ លោក ពន្យល់យ៉ាងដូច្នេះថា «ប្រាក់នោះ បានពីការឆក់ប្លន់ ឬពីការជួញដូរគ្រឿងញៀន គឺយើងអត់ទាន់ដឹង។ តែបើយើងរកឃើញថា ប្រាក់នោះ បានពីបទល្មើសណាមួយ គឺយើងនឹងរឹបអូសយក»។
បច្ចុប្បន្ន ជនជាតិចិនទាំង៣នាក់នោះ កំពុងជាប់ឃុំបណ្តោះអាសន្ន។ ពួកគេ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ក្រោយឆែកឃើញថា ពួកគេ បាននាំប្រាក់ជាង៣,៥លានដុល្លារ ពីហុងកុងចូលមកកម្ពុជា ដោយប្រាក់ទាំងនោះ ពុំមានការបញ្ជាក់អំពីប្រភពច្បាស់លាស់៕
Tag:
ជនជាតិចិន
តុលាការ
បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com