ជាតិ
ស្រា​សំប៉ាញ​បារាំង​ត្រូវបាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ​កម្ពុជា​
30, Apr 2019 , 12:29 pm        
រូបភាព
​ស្រា​សំប៉ាញ (Champange)​ដែលមាន​ប្រវត្តិ​ជាច្រើន​រយ​ឆ្នាំ របស់​បារាំង​បាន​ក្លាយជា​ទំនិញ​បរទេស​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ដែល​នឹងត្រូវ​ការពារ​កម្មសិទ្ធិ​បញ្ញា​របស់​ម៉ាក​ស្រា​សំប៉ាញ​នៅ​កម្ពុជា​។​

 
​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ភូមិសាស្ត្រ​លើ​ផលិតផល​ស្រា​សំប៉ាញ​ដល់​លោក Vincent Perrin អគ្គនាយក​គណៈកម្មាធិកា​រ​អន្តរ​អាជីព​ស្រា​សំប៉ាញ នៅ​ចំពោះមុខ​លោកស្រី​អគ្គរដ្ឋទូត​បារាំង Eva Nguyen Binh នៅ​ស្ថានទូត​បារាំង​នា​ល្ងាច​ថ្ងៃទី​២៩​ខែមេសា​នេះ​។ តំណាង​ក្រុមហ៊ុន​នាំចូល​ស្រា​សំប៉ាញ​ជាច្រើន តំណាង​ស្ថាប័នគយ សមាគម​ចុងភៅ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​បាន​មាន​វត្តមាន​នៅក្នុង​ពិធី​ប្រកាស​ការទទួល​បានការ​ការពារ​ជា​ផ្លូវការ​ផ្នែក​កម្មសិទ្ធិបញ្ញា​លើ​ផលិតផល​ស្រា​សំប៉ាញ​នៅ​កម្ពុជា​។​
 
​បញ្ជាក់​នៅក្នុង​ពិធី​នោះ លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​បានជា​ភាសា​បារាំង​ថា ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នេះ បានបង្ហាញ​អំពី​ដំណើរ​ការល្អ​នៃ​ប្រព័ន្ធ​ការពារ​កម្មសិទ្ធិបញ្ញា​ដែលជា​យន្តការ​ដ៏​ស្មុគស្មាញ​មួយ​។ 
 
​លោក​រដ្ឋមន្ត្រី​បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​ការចុះបញ្ជី​ដូចនេះ​នឹង​នាំឱ្យមាន​ការការពា​រយ៉ា​ង​តឹងរឹង និង​មាន​ប្រសិទ្ធភាព​ចំពោះ​ស្រា​សំប៉ាញ ទប់​ទល់នឹង​ការផលិត​មិន​ត្រឹមត្រូវ​។ កម្ពុជា​គាំទ្រ​គំនិត​នៃ​ការបង្កើតឱ្យមាន​កា​រស​ម្គា​ល់​ភូមិសាស្ត្រ​លើ​ទំនិញ ក៏ដូចជា​ការគោរព​ក​ម្ម​សិទ្ធិ​បញ្ញា​»​។​
 
​សម្រាប់​លោកស្រី​អគ្គរដ្ឋទូត​បារាំង ការលើកស្ទួយ​កម្មសិទ្ធិ​បញ្ញា ជាពិសេស​ផលិតផល​សម្គាល់​ភូមិសាស្ត្រ គឺជា​អាទិភាព​រួមគ្នា​មួយ​របស់​ប្រទេស​បារាំង និង​កម្ពុជា​។ លោកស្រី​បន្តថា ការទទួលស្គាល់​ប្រភពដើម​ទំនិញ វា​គឺជា​ការទទួលស្គាល់​ផលិតផល​កសិកម្ម​ដ៏​ល្បីឈ្មោះ​មួយ​ដោយ​ភ្ជាប់​ជាមួយនិង​របៀប​ធ្វើ និង​គុណភាព ហើយ​ដែល​ត្រូវ​បានកំណត់​នៅក្នុង​សៀវភៅ​បន្ទុក និង​មាន​ប្រភព​ភូមិសាស្ត្រ​ជាក់លាក់​។​
 
«​ទន្ទឹមគ្នានេះ ការការពារ​ម៉ាក​យីហោ​ផលិតផល​បារាំង​នៅ​កម្ពុជា ក៏​ទាក់ទាញ​ចំណាប់អារម្មណ៍​ផលិតករ​បារាំង​ផងដែរ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោកស្រី​អគ្គរដ្ឋទូត Eva Nguyen Binh​។​
 
​គួរ​បញ្ជាក់ថា ផលិតផល​កសិកម្មរ​បស់​កម្ពុជា​ចំនួន​៣​ហើយ​ដែល​ត្រូវបាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ គឺ​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះ​ទ្រង់​ខេត្តក្រចេះ​៕
 


Tag:
 champagne
  GI
  ស្ថានទូត​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com