កីឡាអន្តរជាតិ
អន្តរជាតិ
​គ្រូ Ajax តប​ទៅ​គ្រូ Spurs ដែល​ត្អូញ​ថា អយុត្តិធម៌​រឿង Ajax មាន​ពេល​ត្រៀម​ច្រើន​
30, Apr 2019 , 11:42 am        
រូបភាព
​អ្នកចាត់ការ​ក្រុម Ajax លោក Erik Ten Hag បាន​និយាយ​វាយបក​ទៅ​លោក Mauricio Pochettino ដែលថា​មិនមាន​ភាពយុត្តិធម៌​សម្រាប់ Tottenham Hotspur ខណៈដែល​គូប្រជែង​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក​ការប្រកួត​លី​គ​ដើម្បី​ត្រៀម​លេង UEFA Champions League​។ លោក Ten Hag ថា Ajax បាន​ប្រាក់​តិចជាង Spurs ម្តេច​មិន​ថា​អយុត្តិធម៌​ផង​។​


 
​ក្រុម​ម្ចាស់ផ្ទះ Spurs នឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន Tottenham Hotspur ដើម្បី​ទទួល Ajax ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១ នៅ​រាត្រី​ថ្ងៃទី​៣០ ខែម​សា វេលា​ម៉ោង ២:០០​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​ក្នុងជំនួប​នេះដែរ​ក្រុម​របស់លោក Pochettino មិនមាន​ខ្សែប្រយុទ្ធ​ដ៏​សំខាន់​ពីររូប​ចូលរួម​ឡើយ​ដែល​រួមមាន Harry Kane និង Son Heung-min ហើយ​ក្រុម​ទាំងមូល​ថែមទាំង​ហត់នឿយ​សម្រាប់​ការប្រកួត​ក្នុង​លី​គ​ដោយ​ជួប West Ham United ពោលគឺ​២​ថ្ងៃមុន​ប៉ះ Ajax ដែលជា​ក្រុម​បាន​សម្រាក​ច្រើន​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ថា​មិន​យុត្តិធម៌​ទេ​សម្រាប់ Spurs ខណៈ Ajax ជា​ក្រុម​មានប្រៀប​ដ្បិត​លី​គ​នៅ​ហូ​ឡង់​ត្រូវ​ពន្យារពេល​ដើម្បី​ជួយ​ក្រុម​របស់លោក Ten Hag ក្នុងការ​តទល់​ជាមួយ​ក្រុម​ខ្លួន​។ 
 
​បើ​ទោះ​យ៉ាងនេះ​ក្តី លោក Ten Hag អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់ មិន​ចាប់អារម្មណ៍​នឹង​សម្តី​របស់ Pochettino ឡើយ ហើយ​ថា​ការប្រៀបធៀប​រវាង​ក្រុម​ទាំងពីរ​លើ​ករណីនេះ​ក៏​មិន​សម​ហេតុផល​ដែរ​។​
 
«​យើង​ទទួលបាន​ជាង ១១​លាន​ដុល្លារ​អាមេរិក​ពី​ការផ្សាយ​តាម​ទូរទស្សន៍​សម្រាប់​ការលេង​ក្នុង​ក្របខណ្ឌ Eredivisire ប៉ុន្តែ​ពួកគេ (Spurs) ទទួលបាន​ប្រាក់​ច្រើនជាង​យើង​ទៅទៀត​នៅ Premier League​។ តើ​មិន​យុត្តិធម៌​ចំពោះ​យើង​ទេ​?» លោក Ten Hag និយាយ​យ៉ាងខ្លី​បែបនេះ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​។​
 
​សូមបញ្ជាក់ថា សហព័ន្ធ​កីឡាបាល់ទាត់​ហូ​ឡង់ (KNVB) បានអនុញ្ញាត​ឲ្យ​លី​គ​ក្នុងស្រុក Eredivisie សម្រាក​ទាំងអស់​ដើម្បី​ជួយ Ajax សន្សំ​កម្លាំង​ហ្វឹកហាត់​ប្រជែង​ជាមួយ Spurs ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ Ajax ទើប​ឈានដល់​វគ្គ​នេះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៦ មក​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Erik Ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com