អន្តរជាតិ
អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ថា ទណ្ឌកម្ម​របស់​ស​.​រ​.​អា​.​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ធ្លាក់ចុះ និង​អតិផរណា​កើនឡើង​
30, Apr 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​នឹង​ធ្លាក់ចុះ ៦ ភាគរយ នៅ​ឆ្នាំនេះ ដោយសារតែ​ប្រឈម​ជាមួយនឹង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​។​

 
​នៅក្នុង​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ អង្គការ IMF បាន​បញ្ជាក់ថា ការព្យាករណ៍​របស់ខ្លួន​សម្រាប់​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុងនោះ​មាន​ទាំង​ភាព​ដែល​អាច​កើតមាន​នូវ​អតិផរណា​ជាង ៤០ ភាគរយ​ផងដែរ គឺ​បាន​កើតឡើង​មុនពេល​សហរដ្ឋអាមេរិក​សម្រេច​បញ្ចប់​ការលើកលែង​ទណ្ឌកម្ម​លើ​បណ្ដា​ប្រទេសមួយ​ចំនួន​ដែល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​។​
 
​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នូវ​ការលើកលែង​ទណ្ឌកម្ម​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​។ សហរដ្ឋអាមេរិក​បាន​លើកលែង​ទណ្ឌកម្ម​ដល់​ប្រទេស​ចម្បងៗ​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដូចជា​ប្រទេស​ចិន ឥណ្ឌា ជប៉ុន តួ​ក​គី និង​កូរ៉េខាងត្បូង​ជាដើម ដោយ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងនោះ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​អ៊ីរ៉ង់​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំមុន​ក៏ដោយ​។​
 
​សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា ខ្លួន​ចង់​ឲ្យ​អ៊ីរ៉ង់​បាត់បង់​ចំណូល​ប្រចាំឆ្នាំ​ដែល​បានមកពី​ប្រេង​ចំនួន ៥០ ពាន់​លាន​ដុល្លារ ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​ឲ្យ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​។ សេត​វិមាន​បាន​បញ្ជាក់ថា ខ្លួន​កំពុង​សហការ​ជាមួយនឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែលជា​ប្រទេស​នាំចេញ​ប្រេង​កំពូលៗ​នៅលើ​ពិភពលោក ដើម្បី​ធានាថា​មានការ​ផ្គត់ផ្គង់​ប្រេង​បាន​គ្រប់គ្រាន់​នៅលើ​ពិភពលោក​។​
 
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បានបញ្ជាក់​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ដែល​បាន​ចាក់ផ្សាយ​នៅលើ​កម្មវិធី​ទូរទស្សន៍ Fox News Sunday ថា សហរដ្ឋអាមេរិក​កំពុង​ព្យាយាម «​បំផ្លាញ​ប្រទេស​អ៊ីរ៉ង់​» និង​ទម្លាក់​រដ្ឋាភិបាល​អ៊ីរ៉ង់ ដោយ​ការព្យាយាម​រារាំង​ការធ្វើ​ពាណិជ្ជកម្ម​ប្រេង​អន្តរជាតិ​របស់ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com