អន្តរជាតិ
ហេតុអ្វី​ឥណ្ឌូណេស៊ី​ក្រោម​អាណត្តិ​លោក​ចូ​កូ​វី​ចង់​រើ​រដ្ឋធានី​ហ្សា​កាតា​?
30, Apr 2019 , 2:16 pm        
រូបភាព
រដ្ឋធានី ហ្សាកាតា របស់ឥណ្ឌូណេស៊ី (ប្រភពរូប៖ AFP)
រដ្ឋធានី ហ្សាកាតា របស់ឥណ្ឌូណេស៊ី (ប្រភពរូប៖ AFP)
ដោយ:
​គំនិត​បង្កើត​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី ដែល​បានលើកឡើង​ជាច្រើន​ទសវត្សរ៍​មកហើយ​នោះ កំពុង​បោះជំហាន​ទៅមុខ ក្រោយពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បានអនុម័ត​គម្រោងរ​យៈ​ពេល​វែង​មួយ​សម្រាប់​រដ្ឋាភិបាល​លោក​។ គម្រោង​នេះ មាន​គោលដៅ​បោះបង់​រដ្ឋធានី​បច្ចុប្បន្ន​របស់​ឥណ្ឌូណេស៊ី​គឺ ហ្សា​ការ​តា ខណៈ​ទីតាំង​ភូមិសាស្ត្រ​នៃ​រដ្ឋធានី​នេះ​គ្របដណ្តប់​ដោយ​បញ្ហា​ការបំពុល លិច​ទឹក និង​ការកកស្ទះ​ចរាចរណ៍​។

 
​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ទី ២៩ មេសា ដែល​ដឹកនាំ​លោក​លោក ចូ​កូ វី​ដូ​ដូ ក្រសួងផែនការ និង​អភិវឌ្ឍន៍​ជាតិ​ឥណ្ឌូណេស៊ី បានលើកឡើង​ពី​ការសិក្សា​បឋម​ស្តីពី​គម្រោង​ផ្លាស់ប្តូរ​ទីតាំង​រដ្ឋធានី​។ អំឡុង​ជំនួប​នេះ ក្រុមមន្ត្រី​កំពូលៗ​របស់​ឥណ្ឌូណេស៊ី បាន​បើក​កិច្ចពិភាក្សា​ស្តីពី​ជម្រើស​ចម្បងៗ ដើម្បី​បង្កើត​រដ្ឋាភិបាលកណ្តាល​ថ្មី ដោយ​លើកឡើង​ពី​បញ្ហា​ប្រឈម​រួមមាន បរិស្ថាន និង​ប្រជាជន​ច្រើន​លើសលប់​នៅក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។  
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Jakarta Post រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ឥណ្ឌូណេស៊ី លោក Bambang Brodjonegoro បញ្ជាក់​ឲ្យ​ដឹងថា​៖ «​អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក​ប្រធានាធិបតី ចូ​កូ​វី បានសម្រេច​រើ​រដ្ឋធានី​ហ្សា​កាតា​ចេញពី​កោះ​ជ្វា​»​។ ទន្ទឹមនឹង​គ្នា​នេះដែរ លោក Bambang បន្តថា ទីតាំង​ថ្មី​នៅ​ពុំទាន់​ត្រូវបាន​កំណត់​នៅឡើយ​ទេ​។ យ៉ាងណាមិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ឥណ្ឌូណេស៊ី ចុះផ្សាយ​ថា ទីតាំង​ដែល​សាក​សម​បំផុត​គឺជា​ទីក្រុង Palangkaraya ដែល​ស្ថិត​លើ​កោះ Borneo ។​
 
​ឥណ្ឌូណេស៊ី នឹង​យក​គំរូ​តាម​គោល​គំនិត​ដែល​បាន​អនុវត្ត​ដោយ​សហរដ្ឋអាមេរិក (​រដ្ឋធានី​វ៉ាស៊ីនតោន​) អូស្ត្រាលី (​រដ្ឋធានី Canberra) កូរ៉េខាងត្បូង (​ទីក្រុង Sejong) និង​ម៉ាឡេស៊ី (​ទីក្រុង Putra Jaya) ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​មជ្ឈមណ្ឌល​រដ្ឋបាល​របស់​រដ្ឋាភិបាល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Bambang ។​
 
​មែនទែនទៅ ការប្រកាស​ស្តីពី​គម្រោង​ផ្លាស់ប្តូរ​រដ្ឋធានី​នេះ ធ្វើឡើង​ក្រោយពី​លោក វី​ដូ​ដូ បានប្រកាស​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​កាលពីដើម​ខែមេសា​កន្លង​ទៅ ទោះជា​លទ្ធផល​ផ្លូវការ​នៅ​មិនទាន់​បានប្រកាស​ក៏ដោយ​ក្តី​។ លទ្ធផល​ផ្លូវការ គឺ​ប្រកាស​ថ្ងៃទី​២២ ខែឧសភា​។ 
 
​ហេតុអ្វី​ត្រូវ​ផ្លាស់ប្តូរ​រដ្ឋធានី​បែបនេះ​? 
 
​តាមពិតទៅ គម្រោង​រើ​រដ្ឋធានី​នេះ ត្រូវបាន​គេ​យកមក​ពិភាក្សា​ជាច្រើនលើក​មកហើយ ចាប់តាំងពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​ហូ​ឡង់​ក្នុង​ឆ្នាំ​១៩៤៥​មកម្ល៉េះ​។ បញ្ហា​ស្នូល​នោះ​គឺ​បណ្តាលមកពី បញ្ហា​កកស្ទះ​ចរាចរណ៍ ការ​គំរាម​គំហែង​ពី​ទឹកជំនន់​ជាប្រចាំ និង​ការ​លិច​ចូលក្នុង​ជម្រៅ​ទឹក​របស់​រដ្ឋធានី​នេះ​បន្តិច​ម្តងៗ​។ 
 
​បច្ចុប្បន្ន រដ្ឋធានី​ហ្សា​កាតា មាន​ប្រជាជន​រស់នៅ​ជាង​១០​លាន​នាក់ ប៉ុន្តែ​មនុស្ស​ច្រើនជាង​បី​ដង​នៃ​ចំនួន​នេះ កំពុង​រស់នៅ​ទីក្រុង​ជុំវិញ​នោះ ដែល​ស្ថិត​លើ​កោះ​ជ្វា ។ កោះ​ជ្វា គឺជា​កោះ​ដែលមាន​ប្រជាជន​រស់នៅ​ច្រើន​បំផុត​មួយ ដែល​ស្មើនឹង​ជិត​៦០​ភាគរយ​នៃ​ប្រជាជន​ឥណ្ឌូណេស៊ី​សរុប​ទាំង ២៦០​លាន​នាក់ ហើយ​សកម្មភាព​សេដ្ឋកិច្ច​ប្រមូលផ្តុំ​នៅ​ទីនោះ​។ 
 
​ក្នុង​ឆ្នាំ​២០១៦ ការស្ទង់មតិ​មួយ បាន​រកឃើញថា រដ្ឋធានី​ហ្សា​ការ​តា មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​អាក្រក់​បំផុត​លើ​ពិភពលោក​។ បណ្តា​រដ្ឋមន្ត្រី​របស់រ​ដ្ឋា​ភិ​បាល ទាមទារ​ឲ្យ​មាន​សមត្ថកិច្ច​អមដំណើរ និង​សម្រួល​ចរាចរណ៍​ឲ្យ ទើប​អាច​ទៅ​ចូលរួម​ប្រជុំ​ទាន់ពេលវេលា​។ លើសពីនេះ ប្រភព​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី អះអាងថា បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ហ្សា​ការ​តា ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ជាង ៧​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ ។ តួលេខ​នេះ កើតឡើង​ជាង​៥០​ភាគរយ ចាប់តាំងពី​ឆ្នាំ​២០១៣​មក​។ 
 
​មួយវិញទៀត ហ្សា​ការ​តា គឺជា​ទីក្រុង​ដែល​លិច​ទឹក​លឿន​បំផុត​មួយ​ក្នុង​ពិភពលោក​។ ក្រុម​អ្នកស្រាវជ្រាវ បាន​និយាយថា  ផ្នែក​ធំៗ​មួយចំនួន​នៃ​ទីក្រុង​នេះ អាច​ត្រូវ​លិច​បាត់​ទាំងស្រុង​នា​ឆ្នាំ​២០៥០​។ ជាក់ស្តែង ភាគ​ខាងជើង​ហ្សា​ការ​តា លិច ២,៥​ម៉ែត្រ ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ និង​កំពុង​បន្ត​លិច​ជា​មធ្យម ១​សង់ទីម៉ែត្រ​ទៅ​១៥​សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំ​។​
 
​ភូមិសាស្ត្រ​នៃ​ទីក្រុង​នេះ ស្ថិតនៅលើ​ឆ្នេរ ប្រភេទ​ដី​ភក់​ល្បប់ និង​ហ៊ុមព័ទ្ធ​ខ្វាត់ខ្វែង​ដោយ​ទន្លេ​ចំនួន ១៣​។ ផ្ទៃដី​ពាក់កណ្តាល​នៃ​ទីក្រុង​ហ្សា​ការ​តា ស្ថិតក្រោម​កម្រិត​នីវ៉ូទឹក​សមុទ្រ​។ មូលហេតុ​ចម្បង​នៃ​បញ្ហា​លិច​ដ៏​លឿន​រហ័ស​នេះ កឺ​បណ្តាលមកពី​ការទាញយក​ប្រភពទឹក​ក្រោម​ដី ដែល​យក​ប្រើប្រាស់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ​រួមមាន បរិភោគ និង​ការ​ងូតទឹក​ដើម​។ 
 
​តើ​មាន​ជម្រើស​ចម្បងៗ​បែបណាខ្លះ​?
 
​ក្នុងពេល​បិទ​បញ្ចប់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ជម្រើស​ចំនួន​បី​ធំៗ ត្រូវបាន​ពិភាក្សា និង​លើកឡើង​ទៅកាន់ ប្រធានាធិបតី​។ ជម្រើស​ទីមួយ​គឺពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់​ពិ​សេសមួយ​សម្រាប់​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​បច្ចុប្បន្ន ដូច​អ្វីដែល​លោក​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​បានលើកឡើង​។ ជម្រើស​ទី​ពីរ គឺ​បង្កើត​រដ្ឋធានី​ថ្មី ដែល​ស្ថិតនៅ​រង្វង់​ពី​៥០ ទៅ ៧០​គីឡូម៉ែត្រ ចេញ​ក្រៅពី ហ្សា​ការ​តា​។ ចំណែក​ជម្រើស​ទី​បី ដែលជា​អ្វីដែល​ប្រ​ធានា​ធីប​តី​ឥណ្ឌូណេស៊ី​ចង់បាន​នោះ គឺ​បង្កើត​រដ្ឋធានី​ថ្មី​មួយ នៅលើ​កោះ​ថ្មី​មួយ​ផ្សេងទៀត ក្រៅពី​កោះ​ជ្វា​។  
 
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ឥណ្ឌូណេស៊ី ទីតាំង​ដែល​សាក​សម​ជាងគេ​គឺ​ទីក្រុង Palangkaraya ដែលជា​ផ្នែក​មួយ​នៃ​កោះ Borneo របស់​ឥណ្ឌូណេស៊ី​។ អ្វីដែល​ពិសេស​នោះ ភូមិសាស្ត្រ​នៃ​ទីក្រុង​នេះ គឺ​ស្ទើរតែ​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ប្រទេស​ដែល​សម្បូរ​ប្រជុំ​កោះ​ឥណ្ឌូណេស៊ី ហើយ​វា​ក៏​ជាទី​តាំង​ដែល​បិតា​ស្ថាបនិក​ឥណ្ឌូណេស៊ី​លោក Sukarno ធ្លាប់​បានស្នើ​ដាក់​ធ្វើជា​រដ្ឋធានី​ផងដែរ​៕

​ជា​សារ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​
 
​តាម​សំណេរ​របស់​អតីត​កវីនិពន្ធ​របស់ BBC ប្រចាំ​ឥណ្ឌូណេស៊ី លោក Rebecca Henschke ប្រជាជន​ឥណ្ឌូណេស៊ី ហាក់​មាន​មន្ទិលសង្ស័យ​ជុំវិញ​ការផ្លាស់ប្តូរ​រដ្ឋធានីរ​បស់​ពួកគេ​។ ពួកគេ​ធ្លាប់បាន​ដឹងលឺ​រឿងនេះ​ពីមុនមក ប៉ុន្តែ​ពុំទាន់​មាន​ប្រធានាធិបតី​ណាមួយ​របស់​ឥណ្ឌូណេស៊ី យកចិត្តទុកដាក់​នឹង​គំនិត​នេះឡើយ​។ 
 
​យ៉ាងណាមិញ ប្រធានាធិបតី វី​ដូ​ដូ បានសម្រេច​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មហិមា​ជាច្រើន​ក្នុង​អាណត្តិ​៥​ឆ្នាំ​របស់លោក​។ ដូច្នេះ​លោក​អាចជា​មេដឹកនាំ​សាក​សម​ជាងគេ ដែល​ចុងបញ្ចប់​អនុវត្ត​គម្រោង​ផ្លាស់ប្តូរ​រដ្ឋធានី​នេះ​។ 
 
​យោងតាម​សំណេរ​របស់លោក Rebecca ដដែល ឥណ្ឌូណេស៊ី ជា​ប្រជាជាតិ​ចម្រុះ​ជាតិ​សាសន៍​ដ៏​មិនគួរ​ឲ្យ​ជឿ​មួយ ដែល​បង្កើតឡើង​ដោយ​ក្រុម​ជនជាតិ​រាប់រយ  ហើយ​ពួកគេ​កំពុង​រស់នៅ​លើ​កោះ​រាប់ពាន់​។ ប៉ុន្តែ​ការអភិវឌ្ឍ​សេដ្ឋកិច្ច អត្តសញ្ញាណ​វប្បធម៌​ជាតិ និង​អំណាច​នយោបាយ ត្រូវបាន​គ្រប់គ្រង​ដោយ​ជនជាតិ​ជ្វា ដែលមាន​ជិត​១០០​លាន​នាក់​ក្នុងប្រទេស​នេះ​។​
 
​ប្រជាជន​ឥណ្ឌូណេស៊ី ពុំ​ធ្លាប់​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​មិន​អាចជា​ជនជាតិ​ជ្វា​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នេះ​។ ហើយ​ភាគច្រើន​នៃ​អ្នកមាន​ឥណ្ឌូណេស៊ី ប្រមូល​ផ្តុំគ្នា​ក្នុង​រដ្ឋធានី ហ្សា​កាតា​។ ចំណែក​ប្រជាជន​ដែល​រស់នៅ​ក្រៅ​កោះ​ជ្វា ជាពិសេស​នៅ​ភាគ​ខាងកើត ជា​យូរ​មកហើយ បាន​លើកឡើងថា ពួកគេ​ត្រូវបាន​មេដឹកនាំ​ព្រងើយកន្តើយ និង​បំភ្លេចចោល​។ 
 
​ជា​ចុងក្រោយ លោក Rebecca បាន​ទាញ​សេចក្តី​សន្និដ្ឋានថា ការផ្លាស់ប្តូរ​រដ្ឋធានី​ចេញពី​កោះ​ជ្វា នឹង​ផ្ញើ​សារ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ ដោយ​ថា «​នេះ​ជាការ​ផ្លាស់ប្តូរ​» ប្រសិនបើ​វា​កើតឡើង​មែន​នោះ​៕

Tag:
 ​ឥណ្ឌូណេស៊ី​
  ហ្សា​កាតា​
  កោះ​ជ្វា​
  ចូ​កូ​វី​
© រក្សាសិទ្ធិដោយ thmeythmey.com