អន្តរជាតិ
នាយករដ្ឋមន្ត្រី មហា​ធៀ​៖ ឲ្យ​តែ​ខ្ញុំ​នៅរស់ ខ្ញុំ​មិន​ឲ្យ​ម៉ាឡេស៊ី​ធ្លាក់ចុះ​ឡើយ​
30, Apr 2019 , 7:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ក្នុងពិធីមួយនៅឯរដ្ឋសភា។ រូបភាព AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ក្នុងពិធីមួយនៅឯរដ្ឋសភា។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២៩ ខែមេសា បានប្រកាស​ការតាំង​ចិត្ត​យ៉ាង​មុត​ម៉ា​ក្នុងការ​កាច់ចង្កូត​នាវា​ម៉ាឡេស៊ី​ឲ្យ​ទៅមុខ​។ កាន់តំណែង​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​ពីរ​ក្នុង​អាជីព​នយោបាយ​របស់ខ្លួន លោក មហា​ធៀ សន្យាថា នឹងមិន​បណ្ដោយ​ឲ្យ​ម៉ាឡេស៊ី​ជួប​បញ្ហា​មិន​រៀបរយ​ឡើយ​។ លោក​សន្យា​បែបនេះ ស្របពេល​រដ្ឋបាល​រប​ស់លោក​ជួប​បញ្ហា​ជាច្រើន​ដោះស្រាយ​មិនទាន់​ចេញ​តាំងពី​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ​២០១៨ មក​។​

 
​ថ្លែង​ក្នុង​សន្និសីទ​មួយ​ស្ដីពី​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ទទួលស្គាល់ថា ម៉ាឡេស៊ី​ជួប​បញ្ហា​ប្រឈម​ជាច្រើន ហើយ​ដែល​មិនអាច​ជម្នះ​បាន​ទៅទៀត​។ ទោះជា​បែបនេះ​ក្ដី លោក មហា​ធៀ មិន​រាថយ​ឡើយ ហើយ​ប្រកាស​ធ្វើយ៉ាងណា​ដឹកនាំ​ម៉ាឡេស៊ី​ទៅមុខ មិន​ទៅ​ថយក្រោយ​ឡើយ​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន ប្រមុខ​រដ្ឋាភិបាល​វ័យ​ចំណាស់​ជាងគេ​លើ​ពិភពលោក​រូបនេះ​អះអាងថា ឲ្យ​តែ​នៅមាន​ជីវិត លោក​នឹងមិន​អនុញ្ញាត​ឲ្យ​ម៉ាឡេស៊ី​ក្លាយទៅជា​ប្រទេស​គ្មាន​របៀបរៀបរយ ធ្លាក់ចុះ បាត់បង់​សេចក្ដីថ្លៃថ្នូរ និង​គ្មាន​គោលដៅ​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ។ លោក មហា​ធៀ បន្តថា ម៉ាឡេស៊ី ធ្លាប់​ពុះពារ​គ្រប់​បញ្ហា​កាលពី​អតីត ហើយ​បន្ត​ជម្នះ​រាល់​បញ្ហា​នៅ​បច្ចុប្បន្ន និង​នៅ​ថ្ងៃ​ខាងមុខ​ទៀត​។​
 
​លោក មហា​ធៀ ដែលមាន​វ័យ​៩៣​ឆ្នាំ​ទៅហើយ បាន​វិល​មក​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ម្ដងទៀត ក្រោមរូបភាព​បក្សប្រឆាំង បន្ទាប់ពី​ផ្ដួល​សម្ព័ន្ធភាព​កាន់អំណាច Barisan Nasional ដែល​លោក​ធ្លាប់​ដឹកនាំ​កាលពី​អតីត​ក្នុងការ​បោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៨ ។ រយៈពេល​ជិត​មួយឆ្នាំ​ក្នុង​អំណាច រដ្ឋាភិបាល​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ជួប​បញ្ហា​ជាច្រើន​ដូចជា​ការឡើង​ថ្លៃទំនិញ និង​បញ្ហា​រើសអើង​ពូជ​សាន៍​ជាដើម​។     
 
​ក្នុង​ពិធី​ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​ចន្លោះ​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ រូបនេះ ក៏បាន​ចែករំលែក​បទពិសោធ​ដឹកនាំ​ប្រទេស​ផង ពិសេស​របៀប​ដឹកនាំ​ប្រទេស​ដែល​ចម្រុះ​ពូជសាសន៍​ដូច​ម៉ាឡេស៊ី​នេះ​។ លោក​ថា រឿង​ដែល​សំខាន់​សម្រាប់​ការគ្រប់គ្រង​ប្រទេស គឺ​ការស្វែងរក​ចំណុចរួម និង​គោលបំណង​រួម​ដើម្បី​ប្រមូលផ្ដុំ​ប្រជាជន​តែមួយ ហើយ​លោក​ក៏​គ្មាន​អាថ៌កំបាំង​ដឹកនាំ​ប្រទេស​អ្វី​ឡើយ​។  
 
​សូមបញ្ជាក់ថា បញ្ហា​ប្រឈម​ជាច្រើន​ដែល​លេចឡើង​នៅ​ម៉ាឡេស៊ី ហើយ​មិនទាន់​ត្រូវបាន​ដោះស្រាយ​ឲ្យ​ស្រេចបាច់ បាន​ប៉ះពាល់​ប្រជាប្រិយភាព​រដ្ឋាភិបាល​លោក មហា​ធៀ យ៉ាងខ្លាំង​។ ក្នុង​ការស្ទង់មតិ​ដែល​ធ្វើឡើង​ក្នុង​ខែមីនា អ្នកចូលរួម​ចំនួន​៤៦​ភាគរយ បានបង្ហាញ​ការយល់ស្រប​លើ​ការដឹកនាំ​របស់លោក មហា​ធៀ ដែល​នេះ​ជាការ​ធ្លាក់​យ៉ាងខ្លាំង ព្រោះ​កាលពី​ខែសីហា ឆ្នាំ​២០១៨ លោក​ទទួលបាន​ការយ​ល់​ព្រម​ចំនួន​៧១​ភាគរយ​ឯណោះ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com