ជាតិ
សង្គមជាតិ
ស្វាយរៀងស្វាគមន៍យ៉ាងកក់ក្តៅសិស្សពូកែគណិតវិទ្យា ផៃ វុទ្ធី ដែលជាប់លេខ៧ទូទាំងប្រទេស
× ក្បួនរថយន្តដង្ហែពេញផ្លូវក្នុងខេត្តស្វាយរៀង ហើយបន្តឆ្ពោះទៅកាន់វិទ្យាល័យស្វាយរៀង អមដោយតន្ត្រីឆៃយ៉ាំ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ ទិដ្ឋភាពទាំងនេះ គឺធ្វើឡើងដើម្បីស្វាគមន៍សិស្សឆ្នើម ផៃ វុទ្ធី ដែលទើបប្រឡងជាប់សិស្សពូកែទូទាំងប្រទេសនៅខេត្តសៀមរាប ដោយទទួលបានចំណាត់ថ្នាក់លេខ៧ មុខវិជ្ជាគណិតវិទ្យា។
យុវសិស្ស ផៃ វុទ្ធី ដែលទើបតែប្រារព្ធខួប១៨ឆ្នាំរបស់ខ្លួន កាលពីពីរសប្តាហ៍មុននោះ បានក្លាយជាយុវជនតែម្នាក់គត់ប្រចាំខេត្តស្វាយរៀងដែលស្ថិតក្នុងបញ្ជីសិស្សឆ្នើមថ្នាក់ជាតិទាំង៦០នាក់ [ថ្នាក់ទី៩ ចំនួន៣០នាក់ និងថ្នាក់ទី១២ ចំនួន៣០នាក់] ប្រចាំឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ឆ្លងកាត់សម័យប្រឡងសិស្សពូកែកាលពី ថ្ងៃទី២២ ខែមេសា នៅខេត្តសៀមរាប ផៃ វុទ្ធី បានជាប់ចំណាត់ថ្នាក់លេខ៧ លើមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី១២។ សម្រាប់មុខវិជ្ជានេះ ជ័យលាភីសុទ្ធតែជាសិស្សទាំងអស់ ដោយ សាន គឹមស័ង មកពីវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម លេខ២ ប៉ែន មកពីវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្តាល និងលេខ៣ អន ឧសា មកពីវិទ្យាល័យ អន្តរជាតិស្មាធឃីជ ខេត្តសៀមរាប។
លេខ៤ បានលើ ជន ឡងឌី (តាកែវ) លេខ៥ បានលើ មុំ ធានវីន (ភ្នំពេញ) លេខ៦ បានលើ ងិន សម្បត្តិ (បាត់ដំបង) ខណៈ ផៃ វុទ្ធី បានលេខ៧ ដោយឈរលើជ័យលាភី៣រូបទៀតគឺ ផៃ ធន (កណ្តាល), ហួង សេងលី (ភ្នំពេញ) និង ម៉ា លីវណ្ណ (ក្រចេះ)។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ក្រៅពីថ្នាក់ដឹកនាំសាលា និងសិស្សានុសិស្ស លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានទៅស្វាគមន៍ និងអបអរសាទរសិស្សពូកែប្រចាំខេត្តរបស់ខ្លួនដោយផ្ទាល់ផងដែរ៕
Tag:
សិស្សពូកែ
គណិតវិទ្យា
ការអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com