អន្តរជាតិ
អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ ដាក់រាជ្យ​ផ្លូវការ​ហើយ​
30, Apr 2019 , 3:34 pm        
រូបភាព
​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ នៅ​ថ្ងៃទី​៣០ ខែមេសា បានដាក់​រាជ្យ​ជា​ផ្លូវការ​ហើយ​។ ព្រះអង្គ​ក្លាយជា​អធិរាជ​ជប៉ុន​ទីមួយ​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​ដែល​ដាក់រាជ្យ​បែបនេះ ខណៈ​ច្បាប់​ជប៉ុន​ចែងថា អធិរាជ​ត្រូវ​សោយរាជ្យ​អស់​មួយ​ព្រះជន្ម​។ រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ នឹង​ឡើង​គ្រងរាជ្យ​បន្ត​ពី​បិតា​របស់​ទ្រង់​ក្នុង​ពិធី​ដែល​ធ្វើ​នៅ​ថ្ងៃទី​១ ខែឧសភា​។

 
​រជ្ជកាល Heisei ដែលមាន​រយៈពេល​៣០​ឆ្នាំ ៤​ខែ របស់​អធិរាជ អាគី​ហ៊ី​តុ បានបញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ​។ អធិរាជ អាគី​ហ៊ី​តុ ដែលជា​អធិរាជ​ជំនា​ន់ទី​១២៥ របស់​ជប៉ុន ឡើង​គ្រងរាជ្យ​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៨៩ បន្ត​ពី​បិតា​អធិរាជ ហ៊ី​រ៉ូ​ហ៊ី​តុ ដែល​ដឹកនាំ​ជប៉ុន​ប្រយុទ្ធ​ក្នុងសម័យ​សង្គ្រាមលោក​។ 
 
​កម្មវិធី​ដាក់រាជ្យ​សម្បត្តិ​បែប​សាសនា បានចាប់ផ្ដើម​តាំងពីព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ​ក្នុង​រាជវាំង​នៃ​ទីក្រុង​តូ​ក្យូ​។ អធិរាជ អាគី​ហ៊ី​តុ ប្រកាស​ពី​ការដាក់រាជ្យ​របស់​ទ្រង់​ទៅកាន់​ព្រះ​ក្នុង​វិហារ​នៃ​រាជវាំង រួច​បន្ត​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ និង​មន្ត្រី​ផ្សេងទៀត​។ កម្មវិធី​សំខាន់​ជាងគេ​នៃ​ការដាក់រាជ្យ បានធ្វើ​ឡើង​នៅឯ​បន្ទប់ Matsu-no-Ma ដែល​ត្រូវបាន​ចាត់ទុកជា​បន្ទប់​ល្អ​ឯក​ប្រចាំ​រាជវាំង​។ ពី​បន្ទប់​នេះ អធិរាជ អាគី​ហ៊ី​តុ បានប្រកាស​ដាក់រាជ្យ​ផ្លូវការ​តែម្ដង​។  
 
«​ថ្ងៃនេះ ខ្ញុំ​ដាក់រាជ្យ​ហើយ​»​។ នេះ​ជា​បន្ទូល​របស់​អធិរាជ អាគី​ហ៊ី​តុ ថ្លែង​ជា​ចុងក្រោយ​ក្នុង​ព្រះនាម​ជា​អធិរាជ​។ ទ្រង់​មានបន្ទូលថា​៖ ទ្រង់​ចំណាយពេល​៣០​នៃ​រាជ្យ​របស់​ទ្រង់​ដើម្បី​បំពេញ​កាតព្វកិច្ច​ដោយ​ក្ដី​គោរព និង​ក្ដី​ស្រឡាញ់​សម្រាប់​ប្រជាជន ហើយ​នេះ​ជាការ​ប្រសិទ្ធពរ​ដ៏​អស្ចារ្យ​។ 
 
​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ពីរ​រយ​ឆ្នាំ​ដែល​អធិរាជ​ជប៉ុន​ដាក់រាជ្យ នៅពេលដែល​ច្បាប់​ប្រទេសមួយ​នេះ​កំណត់​ឲ្យ​អធិរាជ​ប្រថាប់​លើ​បល្ល័ង្ក Chrysanthemum មួយ​ព្រះជន្ម​។ ព័ត៌មាន​នៃ​ការដាក់រាជ្យ ត្រូវបាន​បញ្ចេញ​ដោយ​អធិរាជ អាគី​ហ៊ី​តុ ផ្ទាល់​ក្នុង​ឆ្នាំ​២០១៦ ដោយ​ទ្រង់​បាន​លើក​ហេតុផល​នៃ​ការចុះ​ខ្សោយ​ព្រះ​សុខភាព​។ មាន​ព្រះជន្ម​៨៥​វស្សា ប្រមុខរដ្ឋ​ជប៉ុន​អង្គ​នេះ ធ្លាប់​ទទួលបាន​ការព្យាបាល​មហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ឆ្លង​ការវះកាត់​ជំងឺ​បេះដូង​ផង​។​
 
​អធិរាជ អាគី​ហ៊ី​តុ បាន​ផ្លាស់ប្ដូរ​មាត់​រាជវង្ស និង​ប្រទេសជាតិ​ពេញ​មួយ​រជ្ជកាល​របស់​ទ្រង់​។ ព្រះអង្គ​បានក្លាយ​ជា​អធិរាជ​ទីមួយ​ដែល​មិន​គោរព​តាម​ប្រពៃណី ដោយ​រៀប​អភិសេក​ជាមួយ​មហេសី​ដែល​ពុំមែន​ជាប់​ខ្សែ​រាជវង្ស​។ អធិរាជ និង​អធិរាជ​នី បាន​ជួយ​ផ្សះផ្សា​របួស​ផ្លូវចិត្ត​របស់​ជនរងគ្រោះ​ដោយសារ​ទង្វើ​ទាហាន​ចក្រពត្តិ​ជប៉ុន​កាលពី​សង្គ្រាមលោកលើកទី​ពីរ​តាមរយៈ​ការសុំ​ទោស​ជា​សាធារណៈ​ផង និង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ដល់​ប្រទេស​ដែល​ធ្លាប់​ជប៉ុន​គ្រប់គ្រង​ផង​។ 
 
​រាជបុត្រ​របស់​ទ្រង់ គឺ​រជ្ជទាយាទ ណា​រ៉ូ​ហ៊ី​តុ ដែលមាន​ព្រះជន្ម​៥៩​វស្សា នឹង​ឡើង​គ្រង​បន្ត​ជា​អធិរាជ​ទី​១២៦ របស់​ជប៉ុន​ក្នុង​កម្មវិធី​តាម​ប្រពៃណី​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​១ ខែឧសភា​។ រជ្ជកាល​ថ្មី ត្រូវបាន​កំណត់​ឈ្មោះ​រួចហើយ គឺ Reiwa ដែល​មានន័យថា សុខដុម​។ កម្មវិធី​គ្រងរាជ្យ​ផ្លូវ​ការដែល​ចូលរួម​ភ្ញៀវ​អន្តរជាតិ​ធំៗ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២២ ខែតុលា​ឯណោះ​៕

Tag:
 ជប៉ុន​
  អាគី​ហ៊ី​តុ​
  ណា​រ៉ូ​ហ៊ី​តុ
© រក្សាសិទ្ធិដោយ thmeythmey.com