ជាតិ
សេដ្ឋកិច្ច
ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ តម្លៃ​៧០​លាន​ដុល្លារ នៅ​សៀមរាប​ចាប់ផ្តើម​សាងសង់
30, Apr 2019 , 4:09 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ ត្រូវបាន​ប្រកាស​សម្ពោធ​សាងសង់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៩ មេសា នា​និ​វា​សិ​ក​ដ្ឋា​ន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ គម្រោង​នេះ នឹង​វិនិយោគ​ទឹកប្រាក់ ៧០​លាន​ដុល្លារ ដែល​ត្រូវ​សាងសង់​លើ​ផ្ទៃដី ១០០​ហិកតា ក្នុងស្រុក​សូទ្រ​និគម ខេត្តសៀមរាប​។ ម្ចាស់​គម្រោង​ដែលជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​កម្ពុជា ជប៉ុន និង​អាមេរិក អះអាងថា គម្រោង​នេះ នឹង​ក្លាយជា គោលដៅ​ទេសចរ​លំដាប់​ពិភពលោក​។​

 
​ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ និង​អី​ឃ្លា​វៀ​ម (Angkor Wildlife & Aquarium) ដែលជា ក្រុម ហ៊ុន​វិនិយោគ​រួមគ្នា​រវាង វិនិយោគិន​កម្ពុជា ជប៉ុន និង​អាមេរិក  បានប្រកាស​សម្ពោធ​ការសាងសង់ ជល​វប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​ដ៏​ធំ​របស់ខ្លួន​នៅលើ​ផ្ទៃដី ១០០​ហិកតា ក្នុងស្រុក​សូត្រ​និគម ខេត្តសៀមរាប​។ កម្មវិធី​សម្ពោធ​នេះ ធ្វើឡើង​នៅ​និ​វា​សិ​ក​ដ្ឋា​ន​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមេសា​នេះ​។​


 
​គម្រោង​នេះ មានបំណង​វិនិយោគ​ទឹកប្រាក់​៧០​លាន​ដុល្លារ នៅក្នុង​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១ នឹង​ចាប់ផ្តើម​នៅក្នុង​ខែឧសភា ខាងមុខ ហើយ​គ្រោង​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២១  និង​ចំណាយ​ទឹកប្រាក់ ១៨​លាន​ដុល្លារ​។ ដំណាក់កាល​ទី​២ នឹង​បន្ថែម​ភាព​ទាក់ទាញ ដោយ​បង្កើត​សួន​រុក្ខសាស្ត្រ សាល​តាំង​ពិ​ព័​ឬ​ណ៍ ជម្រក​ល្មូ​ន និង​ដំណាក់​ចុងក្រោយ គឺ​ការអភិវឌ្ឍ​សណ្ឋាគារ​លំដាប់​ពិភពលោក ក្នុង​បំណង​ធ្វើ​ឲ្យ​ជល​វប្បដ្ឋាន​ក្រុង​អង្គរ និង​អាណាចក្រ​ជម្រក​សត្វ (Angkor Aquarium&Animal Kingdom) ក្លាយជា​គោលដៅ បង្កើន​ការ​ស្នាក់នៅ​របស់​ទេសច​រ នៅក្នុង​ក្រុង​សៀមរាប​។ 
 
​លោក Ronger R. Reynolds ប្រធាន​ក្រុមហ៊ុន Angkor Wildlife & Aquarium និង​ជា​ស្ថាបនិក​របស់ ICM មានប្រសាសន៍ថា ត្រឹមតែ​ដំណាក់​ទី​១ ប៉ុណ្ណោះ ការបង្កើត​ភាព​ទាក់ទាញ​ថ្មី និង​ធ្វើ​ឲ្យ​មាន​សក្តានុពល ជំរុញ​ឲ្យ​ភ្ញៀវទេសចរ មកកាន់​ខេត្តសៀមរាប​បន្ត​ការ​ស្នាក់នៅ​ជា​មធ្យម ពាក់កណ្តាល​ថ្ងៃ​ទៅហើយ​។ លោក Ronger បន្ត​ដោយ​សង្ឃឹមថា គម្រោង​ជា​និមិត្ត​រុ​ប​នេះ នឹង​ក្លាយជា​គោលដៅ​លំដាប់​ពិភពលោក នៅក្នុង​ខេត្តសៀមរាប ហើយ​វា​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​បំផុត​ទី​២ បន្ទាប់ពី​អង្គរវត្ត​។ 


 
​នៅក្នុង​ពិធី​បើកសម្ពោធ​នេះ លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​អាមេរិក បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា គម្រោង​នេះ ជា​គម្រោង​មួយ​ក្នុងចំណោម​ការវិនិយោគ​ធំជាងគេ​របស់​អាមេរិក​នៅ​កម្ពុជា​។ ភារធារី​នៃ​ស្ថានទូត​អាមេរិក បន្តថា គម្រោង Angkor Wildlife & Aquarium នឹង​ក្លាយជា​គោលដៅ ទេសចរ​ថ្នាក់​ពិភពលោក ដែល​នឹង​ជំរុញ​ឲ្យ​អ្នកទេសចរ​ស្នាក់នៅ​រយៈ​ពេល​យូរ ក៏ដូចជា​បន្ថែម​ពិសោធន៍​ថ្មី​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទៅ​ទស្សនា​ខេត្តសៀមរាប​។ លោក Michael Newbill បញ្ជាក់​ដូច្នេះ​៖«​ការអភិវឌ្ឍ​នេះ មាន​ភាពស្រប​ឥតខ្ចោះ ជាមួយនឹង​ផលប្រយោជន៍​ទាំងនោះ ហើយ​វា​ពិតជា​ទាក់ទាញ​ឲ្យ​ប្រជាជន​ន​កម្ពុជា​ចង់​រៀន​ថែមទៀត ពី​ប្រព័ន្ធ​បរិស្ថាន​អេកូឡូស៊ី ដ៏​សម្បូរបែប​។ តាមពិត​ខ្ញុំ មើលមិនឃើញ​ពី​វិធី​ប្រសើរ​ណាមួយ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ជាង​ការអភិរក្ស​ជីវចម្រុះ ដ៏​សម្បូរបែប​នៃ​តំបន់​ទន្លេមេគង្គ ដែលជា​សួនសត្វ​ព្រៃ និង​ជល​វប្បដ្ឋាន​ដ៏​ល្អ​បំផុត​នោះទេ​»​។​
 
​លោក ទិ​ត ចន្ថា រដ្ឋមន្ត្រី​ស្តីទី​ក្រសួងទេសចរណ៍ បាន​សាទរ​ចំពោះ​គម្រោង​នេះ ដោយ​គូសបញ្ជាក់ថា គម្រោង​នេះ នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ថ្មី​មួយទៀត​សម្រាប់​ខេត្តសៀមរាប​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នឹងធ្វើ​ឲ្យ​ទេសចរ​ពន្យារ​ការ​ស្នាក់​នៅក្នុង​ខេត្តសៀមរាប កាន់តែ​យូរ​ផងដែរ​។ នេះ​ជា​បន្ថែម​របស់លោក ទិ​ត ចន្ថា​។​
 
​សូមជម្រាបថា គម្រោង​នេះ ត្រូវបាន​រៀបចំ​រចនា​ប្លង់ ដោយ​ក្រុមហ៊ុន ICM Inc.(International Concep Managerment Inc.) ពី​សហរដ្ឋអាមេរិក ដែលមាន​ជំនាញ​ផ្នែក​វប្បកម្ម ហើយ​ក្រុមហ៊ុន​នេះ ក៏​នឹង​ទទួលបន្ទុក​គ្រប់គ្រង​គម្រោង និង​ប្រតិបត្តិ​ជល​វប្បដ្ឋាន និង​ឧទ្យាន​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​ផងដែរ​៕
 

Tag:
 ទេសចរណ៍​
 ​ត្រី​
 ​វិនិយោគ​
  អភិរក្ស​
 ​សូត្រ​និគម​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com