អន្តរជាតិ
Avengers: Endgame អាច​ផ្តួល «Avatar» ជាមួយ​ចំណូល​ជាង​៣​ពាន់​លាន​ដុល្លារ​
30, Apr 2019 , 8:19 pm        
រូបភាព
ដោយ:
​ភាពយន្ត​ចុងក្រោយ​របស់​ផលិតកម្ម​ចក្រវាល Marvel មាន​ចំណងជើង​ថា «Avengers: Endgame» ត្រូវ​អ្នកជំនាញ​ក្នុង​វិស័យ​ភាពយន្ត​រំពឹងថា នឹង​អាច​រក​ចំណូល​ដល់ ៣​ពាន់​លាន​ដុល្លារ ដោយ​ការលក់​សំបុត្រ​នៅ​ទូទាំង​សកលលោក​។

 
​សម្រាប់​ចំណូល​ដែល​រំពឹងទុក​នេះ ភាពយន្ត​ដែល​ដកស្រង់​ចេញពី​សៀវភៅ​ថ្ល​ក់​រូប​ថ្លុក​ប្រភេទ​វីរៈបុរស​នេះ មានឱកាស​ក្លាយ​ភាព​ខ្សែភាពយន្ត​រកចំណូលបាន​ច្រើន​បំផុត ដោយ​ផ្តួល​តំណែង​របស់ ភាពយន្ត «Avatar»​។ ភាពយន្ត «Avatar» ត្រូវបាន​ដឹកនាំ​សម្តែង​ដោយ​លោក James Cameron ដែល​អ្នកដឹកនាំ​រឿង​ដ៏​ល្បីឈ្មោះ និង​បាន​ចាក់​បញ្ចាំង​កាល​ឆ្នាំ​២០០៩​។ អំឡុង​ការចាក់​បញ្ចាំងភាពយន្ត​នេះ «Avatar» ដែលជា​ប្រភេទ​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ និង​អ​ភី​នី​ហារ រកចំណូលបាន ២,៧៨​ពាន់​លាន​ដុល្លារ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទូរទស្សន៍​អាមេរិក CNBC អ្នកជំនាញ​នៅ​ធនាគារ​អាមេរិក លោក Jessica Reif Ehrlich បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ទី​២៩ មេសា ថា​៖«​ខណៈ​មើលឃើញ​ពី​ភាពជោគជ័យ​ខ្លាំង​នៅ​ដើម​សប្តាហ៍​នៃ​ការបើក​បញ្ចាំង​រឿង ជាមួយ​ចំណូល​ដល់​ទៅ​ជាង​១,២​ពាន់​លាន​ដុល្លារ យើង​ជឿជាក់ថា ភាពយន្ត Avengers: Endgame អាច​រកចំណូលបាន​ពី​ចន្លោះ​ពី​២,៧ ទៅ ៣,៥​ពាន់​លាន​ដុល្លារ ជា​ទូទាំង​ពិភពលោក​»​។ 
 
​ជាធម្មតា ក្រោយ​ចាក់​បញ្ចាំង​មួយ​សប្តាហ៍​ដំបូង​រួច ចំណូល​ភាពយន្ត នឹង​ធ្លាក់​ប្រមាណ​៥០​ភាគរយ កាលណា​ឈាន​ចូលដល់​សប្តាហ៍​ទី​ពីរ​ហើយ​នោះ​។ យ៉ាងណាមិញ ជាមួយ​សន្ទុះ​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកទស្សនា​ចំពោះ​រឿង  «Endgame» អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ជាច្រើន សម្លឹង​ឃើញថា ការថយចុះ​មាន​កម្រិត​ទាប​ជាង​ពេលមុនៗ​។ នេះ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ភាពយន្ត​ចុងក្រោយបង្អស់​របស់​ចក្រ​វាល Marvel ក្នុងការ​សម្រេច​ដល់​៣​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ប្រភព CNBC ៕

Tag:
 Marvel
  Avengers: Endgame
  BoxOffice
© រក្សាសិទ្ធិដោយ thmeythmey.com