កីឡាជាតិ
ជាតិ
ខ្សែការពារ Jhonata Sant’anna បញ្ចប់កិច្ចសន្យាជាមួយភ្នំពេញក្រោន ដោយសាររបួស
× ខ្សែការពារប្រេស៊ីល Jhonata Sant’anna Da Silva បានសម្រេចចែកផ្លូវជាមួយក្លិបភ្នំពេញក្រោនមុនកិច្ចសន្យា ក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរ។ ការចាកចេញរបស់កីឡាកររូបនេះ អាចធ្វើឲ្យភ្នំពេញក្រោនប្រឈមនឹងការខ្វះកីឡាករបរទេស ព្រោះក្លិបនេះទើបតែបាត់បង់ខ្សែប្រយុទ្ធប្រេស៊ីល១រូបកាលពីពេលថ្មី ខណៈរដូវកាលដោះដូរកីឡាត្រូវបានបិទ។
គិតត្រឹមសប្តាហ៍ទី៥ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានបាត់បង់កីឡាករបរទេសចំនួនពីររូប បន្ទាប់ពីកីឡាករប្រេស៊ីល Jhonata Sant’anna Da Silva សម្រេចបញ្ចប់កិច្ចសន្យាមុនកាលកំណត់ ដោយសាររបួសជង្គង់នៅថ្ងៃទី៣០ ខែមេសា ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធ Darlan Martins ដោយសាររបួសដូចគ្នាកាលពីពេលថ្មីៗ។
«កីឡាករ Jhonata Sant’anna Da Silva ខ្សែការពារកណ្តាលរបស់យើង បានសម្រេចបញ្ចប់កុងត្រាជាមួយក្លិបក្រោយមានបញ្ហារបួសធ្ងន់ធ្ងរលើជង្គង់ ពេលប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង នាពេលកន្លងមក ដែលជាហេតុធ្វើឲ្យរូបគេមានការឈឺចាប់ខ្លាំង និងអាក់ខានមិនអាចចូលលេងក្នុងទីលានរយៈពេលពី៦ទៅ៨ខែ»។ ក្លិបភ្នំពេញក្រោន បានបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ការចាកចេញរបស់ខ្សែការពារប្រេស៊ីល Jhonata បន្ទាប់ពីរូបគេរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងអំឡុងពេលប្រកួតជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលភ្នំពេញក្រោនចាញ់ ៥-១ នាជំនួបក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគសប្តាហ៍ទី៥ នៅទឹកដីស្វាយរៀង។ ការចាកចេញរបស់ខ្សែការពាររូបនេះ អាចធ្វើឲ្យភ្នំពេញក្រោនប្រឈមនឹងការខ្វះកីឡាករបរទេសប្រើប្រាស់ ខណៈរដូវកាលដោះដូរកីឡាករត្រូវរង់ចាំរហូតជើងទី២។ ៥ប្រកួតកន្លងមករបស់ភ្នំពេញក្រោន ហាក់ទទួលបានលទ្ធផលមិនគាប់ប្រសើរ ដោយឈ្នះ២ និងចាញ់៣។
កីឡាករប្រេស៊ីលខាងលើបានចូលរួមជាមួយក្លិបភ្នំពេញក្រោនកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ ដោយរូបគេបានបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការជាមួយក្លិបនេះបាន៤លើក៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
Jhonata Sant’anna
© រក្សាសិទ្ធិដោយ thmeythmey.com