ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន និង អ្នកស្រី ស៊ូ​ជី ជជែក​គ្នា​ពី​ទំនាក់ទំនង វប្បធម៌ សាសនា អប់រំ និង សេដ្ឋកិច្ច​
30, Apr 2019 , 4:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានបទ​មួយចំនួន រួមមាន ទំនាក់ទំនង វប្បធម៌ សាសនា អប់រំ និង សេដ្ឋកិច្ច ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ​។ 


 
​អ្នកស្រី ស៊ូ​ជី និយាយ​ទៅកាន់​សម្តេច ហ៊ុន សែន ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​អ្នកស្រី បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​ជាពិសេស គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​មី​យ៉ាន់​ម៉ា ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ហើយ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​។ ក្នុងជំនួប​នោះ អ្នកស្រី លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ វិស័យ​សាសនា វិស័យ​អប់រំ និង វិស័យសេដ្ឋកិច្ច​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី តប​នឹង​អ្នកស្រី​ថា ទាក់ទង​នឹង​បញ្ហា​វប្បធម៌​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ គឺជា​ខួប​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ដូច្នេះ​ប្រទេស​ទាំងពីរ គប្បី​រៀបចំ​សកម្មភាព​ឲ្យ​មាន​ភាព​អធិកអធម និង​ជំរុញ​វិស័យ​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​។ 
 
​ពាក់ព័ន្ធ​នឹង​សាសនា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​អរគុណ​មី​យ៉ាន់​ម៉ា ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​សាងសង់​ព្រះវិហារ​នៅ​មី​យ៉ាន់​ម៉ា ហើយ​ក៏បាន​អរគុណ​ផងដែរ ដែល​មី​យ៉ាន់​ម៉ា បាន​បណ្តុះបណ្តាល​សមណ​សិស្ស​និង​សមណ​និស្សិត​ខ្មែរ (​ព្រះសង្ឃ​) ឲ្យ​ទទួលបាន​ការអប់រំ​នៅ​ទីនោះ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​ព្រះសង្ឃ​ខ្មែរ​៩៤​អង្គ​ហើយ ដែល​បានបញ្ចប់​ការសិក្សា​នៅ​មី​យ៉ាន់​ម៉ា ហើយ​នៅមាន​៤​អង្គ​ទៀត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​។   
 
​ចំណែក វិស័យ​អប់រំ មេដឹកនាំ​កម្ពុជា បានស្នើ​ឲ្យ​មី​យ៉ាន់​ម៉ា អនុវត្ត​កិច្ចព្រមព្រៀង ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​រួចមក និង​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទំនាក់ទំនង​គ្នា​រវាង​និស្សិត​ខ្មែរ និង​និស្សិត​មី​យ៉ាន់​ម៉ា​។ ក្នុងឱកាស​នេះ  ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានផ្តល់​អាហារូបករណ៍​១០ ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ឲ្យ​និស្សិត​មី​យ៉ាន់​ម៉ា មក​សិក្សា​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩-២០២០​។ 
 
​រីឯ វិស័យសេដ្ឋកិច្ច សម្តេចនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួតគ្នា និង​វិស័យ​ដទៃទៀត ដែល​ប្រទេស​យើង​ទាំងពីរ មាន​សក្តានុពល​ជំរុញ​ឲ្យ​មានការ​រីកចម្រើន ជាពិសេស បង្កើន​ទំហំ​ពាណិជ្ជកម្ម ពី​១០​លាន​ដុល្លារ ឲ្យ​បាន​ច្រើនជាង​មុន​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បញ្ជាក់​បែបនេះ​ថា «​រាល់​កិច្ចការ ដែល​បានលើកឡើង​ខាងលើនេះ អ្នកស្រី និង សម្តេច ហ៊ុន សែន បាន​ឯកភាពគ្នា ជំរុញ​វិស័យ​សំខាន់ៗ​ទាំងនេះ ហើយក៏​បានផ្ដល់​ការទុកចិត្ត និង​ឲ្យ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ  ធ្វើការ​ងារ​នោះ​ជា​បន្តបន្ទាប់​»​។ 
 
​ក្រៅពី​ជួប​សម្តេច ហ៊ុន សែន អ្នកស្រី ត្រូវ​ចូលជួប​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​។ បន្ទាប់មក អ្នកស្រី នឹង​ទៅ​ទស្សនា​ប្រាសាទ​នានា​នៅ​ខេត្តសៀមរាប​។ ទស្សនកិច្ច​របស់​អ្នកស្រី នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១ ខែឧសភា​៕ 

Tag:
 ហ៊ុន សែន​
  អ៊ុង​សាន ស៊ូ​ជី​
  កម្ពុជា​-​មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com