ភ្នំពេញ៖ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចកម្ពុជានោះ មេដឹកនាំចិន បានសន្យាចេញមុខជួយដោះស្រាយនិងទ្រទ្រង់ពាណិជ្ជកម្មមិត្តដែកថែបខ្លួន ក្នុងការទប់ទល់នឹងបញ្ហាអនុគ្រោះពន្ធ (Everything But Arms) ដែលកម្ពុជាអាចប្រឈមនឹងការបាត់បង់នាពេលអនាគត។ តើចិននឹងជួយដល់កម្ពុជា តាមវិធីណា?
អ្នកវិភាគ និងអ្នកជំនាញ ក៏មិនទាន់អាចសន្និដ្ឋានច្បាស់ពីគោលបំណងចិន ដែលអាចជួយកម្ពុជា តាមរបៀបណាដែរ។ ប៉ុន្តែអ្វីដែលអ្នកជំនាញមើលឃើញនោះ គឺចិនអាចជួយកម្ពុជា នៅផ្នែកវិនិយោគ , ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពកម្មករជំនាញ សម្រាប់កម្ពុជាអាចមានលទ្ធភាពទ្រទ្រង់សេដ្ឋកិច្ចខ្លួន។
ត្រង់ចំណុចនេះលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បាននិយាយថា ការសន្យារបស់ចិនជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចកម្ពុជានេះ ទំនងជាចិនអាចរក្សាលំនឹងវិនិយោគ ដោយឲ្យក្រុមហ៊ុនចិនទាំងអស់បន្តរកស៊ីនៅកម្ពុជា ដោយកុំងាកទៅវិនិយោគនៅប្រទេសផ្សេង។ ចំណុចទី២ ដែលលោក ឈាង វណ្ណារិទ្ធ មើលឃើញនោះ គឺចិនអាចជួយជំរុញសមត្ថភាពការងារផលិត និងបង្កើនកម្មករជំនាញ សម្រាប់កម្ពុជា អាចមានលទ្ធភាពបង្កើត និងផលិតអ្វីបាន ដូចប្រទេសអភិវឌ្ឍ។ ជាពិសេសការបោះទុនវិនិយោគបន្ថែម លើវិស័យសេវាកម្ម និងកម្មន្តសាលជាដើម ដើម្បីជួយទ្រទ្រង់ និងការពារហានិភ័យ នៅពេលកម្មករបាត់បង់ការងារធ្វើ។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ បាននិយាយដូច្នេះថា៖«វាពិបាកនឹងទស្សទាយថា ចិននឹងជួយកម្ពុជាតាមរបៀបណា។ ក៏ប៉ុន្តែចិនអាចជួយបាន ជំរុញឲ្យក្រុមហ៊ុនចិន កុំដកទៅប្រទេសផ្សេង។ ដូច្នេះត្រូវមានយន្តការមួយ ដើម្បីជាការលើកទឹកចិត្តក្រុមហ៊ុនចិន ដែលផលិតនៅកម្ពុជា ជាពិសេសផ្នែកកាត់ដេរ វាយនភ័ណ្ឌ កុំទៅបង់ក្លាដេស ឬភូមា។ ទី២ គឺការជំរុញធ្វើឲ្យសម្បូរបែបនៃវិស័យសេដ្ឋកិច្ច ជាពិសេសឈានទៅរកវិស័យសេដ្ឋកិច្ចមួយ ដែលទាក់ទងនឹងចំណេះដឹងផ្ដោតសំខាន់លើសេវាកម្ម។ ហើយចិនត្រូវពង្រឹងសមត្ថភាពកម្មករកម្ពុជាឲ្យមានជំនាញទៅរកវិស័យកម្មន្តសាល និងសេវាកម្មនាពេលអនាគត»។
ទាក់ទងនឹងចំណុចនេះដែរ លោក ប៉ូ សូវិនដា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បាននិយាយថា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានោះ វាពិតជាជះឥទ្ធិពលអាក្រកដល់សេដ្ឋកិច្ចកម្ពុជា ខណៈដែលចិន ក៏មិនអាចជួយទ្រទ្រង់ទីផ្សារសេដ្ឋកិច្ចកម្ពុជា ដូចសហភាពអឺរ៉ុបដ៏ធំផងដែរ។ ប៉ុន្តែអ្វីដែលចិនអាចជួយកម្ពុជានោះ គឺការបន្តវិនិយោគលើវិស័យសេវាកម្ម ដូចជាអចលនទ្រព្យ និងទេសចរណ៍ជាដើម។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ប៉ូ សូវិនដា បាននិយាយដូច្នេះថា៖«ចិនប្រហែលជាជួយកម្ពុជា ក្នុងការជួយអភិវឌ្ឍកន្លែងកម្សាន្ត( Resort)បន្ថែមទៀត នៅតាមខេត្តដូចជានៅខេត្តព្រះសីហនុ កំពត កោះកុង និងសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចិនបន្ថែមមកកម្ពុជា»។
ការវិនិយោគបន្ថែមលើវិស័យទាំងនេះ វាអាចជួយទ្រទ្រង់ និងការពារភាពអត់ការងារធ្វើរបស់កម្មកររោងចក្រ ដែលអាចបាត់បង់នាពេលអនាគត។ ហើយចិនក៏អាចផ្ដល់កម្ចីឥណទានសម្បទាន និងជំនួយដោយគ្មានលក្ខខណ្ឌផងដែរ។ នេះបើតាមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព។
ក្នុងជំនួបដោយឡែករវាងមេដឹកនាំចិន ទាំងលោក ស៊ី ជិនភីង ប្រធានាធិបតីចិន និងលោក លី ខឹងឈាង នាយករដ្ឋមន្ត្រីចិន ជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុទ្ធតែបានបង្ហាញជំហរយ៉ាងមុតមាំថា ចិន នឹងជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជា ដោយក្នុងនោះ រួមទាំងប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ៕