ជាតិ
សង្គមជាតិ
របស់​លេង​ដែល​ផ្ទុក​គីមី PBDE ធ្វើ​ឲ្យ​ប៉ះពាល់​ការអភិវឌ្ឍ​សរសៃប្រសាទ និង​បញ្ញា​កុមារ
01, May 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ សារធាតុ​គីមី​ពុល Poly Brominated Diphenyl Ethers (PBDE) ត្រូវបាន​អ្នកជំនាញ​សុខភាព​-​បរិស្ថាន រកឃើញ​នៅក្នុង​សម្ភារ​ក្មេង​លេង និង​ស​មា្ភ​រ​ប្រើប្រាស់​ដែល​ធ្វើ​ពី​បា្ល​ស្ទិ​ក​ឡើងវិញ​នៅ​កម្ពុជា​។ សារធាតុ​នេះ បា​នប​ញ្ជេ​ញ​ពី​សម្ភារ​ប្រើប្រាស់​ទាំងនេះ​ជា​លក្ខណៈ​ធូលី​ទៅក្នុង​ផ្ទះ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ពិសេស​កុមារ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សេ​ដាក កាលពី​ថ្ងៃទី​២៩​មេសា PBDEs  ជា​សារធាតុពុល​ដែល រំខាន​ដល់​ប្រព័ន្ធ​អ័រម៉ូន​មនុស្ស ដែល​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​សរសៃប្រសាទ និង​បញ្ញា​របស់​កុមារ​។​

 
​ដើមឆ្នាំ​២០១៩ អង្គការ​សេ​ដាក បាន​សហការ​ជាមួយ​អង្គការ​សុខភាព​បរិស្ថាន​សាកល​(IPEN) បាន​យក​សម្ភារ​ប្រើប្រាស់​មួយចំនួន​មក​ធ្វើតេស្ត​ដោយ​រកឃើញ​សារធាតុ PBDEs នៅក្នុង​សម្ភារ​ប្លា​ស្ទិ​ក​ដែល​កែច្នៃ​ឡើងវិញ​។ សម្ភារ​ទាំងនេះ​មាន សម្ភារ​តុ​ប​តែ​ខ្លួន និង សម្ភារ​ការិយាល័យ​ជាដើម​។​
 
​ការរកឃើញ​ថ្មី​នេះ បាន​អះអាង​បន្ថែម​ទៅលើ​លទ្ធផល​នៃ​ការវិភាគ​កាល​ឆ្នាំ​២០១៨ ទៅលើ​សំណាក​ផលិតផល​ដែល​បានជ្រើសរើស​ក្នុងប្រទេស​ចំនួន​១៩ នៅ​អឺរ៉ុប​។ ក្នុងនោះ​មាន «​មួយ​ភាគ​បួន​នៃ​សម្ភារ​» មាន​សារធាតុ PBDEs និង Brominated Flame Retardants ដែលជា​លទ្ធផល​នៃ​កែច្នៃ​ឡើងវិញ​។ កង្វះខាត​កែច្នៃ​ឡើងវិញ ធ្វើឱ្យ​អ្នកតស៊ូ​មតិ​ផ្នែក​សុខភាព​បរិស្ថាន ស្នើឱ្យ​បញ្ចប់​ករណី​លើកលែង​កែច្នៃ​ឡើងវិញ​ដោយ​ប្រើ​សារធាតុពុល​ក្នុង​ការផលិត ដែល​រដ្ឋាភិបាល​នានា​ក្នុង​ពិភពលោក​ហាមឃាត់ ព្រោះ​វា​បំផ្លាញ​ដល់​សុខភាព​មនុស្ស និង​បរិស្ថាន​។ 
 
​អ្នកស្រី តុង ចាន់​ធាង នាយិកា​អង្គការ​សេ​ដាក បាន​និយាយថា «​យើង​ព្រួយបារម្ភ​ពី​សុខភាព​សាធារណៈ ជាពិសេស​ផលប៉ះពាល់​អាក្រក់​លើ​កុមារ​។ ហើយ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដកចេញ «​ការលើកលើង​ពិសេស​ការកែច្នៃ​ឡើងវិញ​» ចំពោះ​សារធាតុ HexaBDE and HeptaBDE»​។​
 
​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន ដែល​បាន​ចុះបញ្ជី «​ករណី​លើកលែង​ពិសេស​» ចំពោះ​សារធាតុពុល PBDEs បន្ទាប់ពី​សារធាតុ​នេះ​ត្រូវបាន​ហាមឃាត់​ដោយ​អនុសញ្ញា «​ស្តុក​ខុម​» ក្នុង​ឆ្នាំ​២០០៤​។ ករណី​ពិសេស​នេះ បានអនុញ្ញាត​ឱ្យ​អ្នក​កែច្នៃ​ផលិតផល​ប្លា​ស្ទិ​ក​បានដាក់​ប​ញ្ជូ​ល​វត្ថុធាតុដើម ដូចជា​បា្ល​ស្ទិ​ក​ពី​សំណល់​គ្រឿង​កំ​ព្យូ​ទ័​រ និង​ផលិតផល​ផ្សេងទៀត​ដែល​មន​ផ្ទុក​សារធាតុ PBDEs នៅក្នុង​ដំណើរការ​កែច្នៃ​ជាង​១០​ឆ្នាំ​មកហើយ​។  ការអនុវត្ត​បែបនេះ នឹង​បន្ត​ដល់​ឆ្នាំ​២០៣០​។  
 
​ជាមួយគ្នានេះ អង្គការ​សុខភាព​បរិស្ថាន​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងនោះ បញ្ចប់​ការអនុវត្ត និង​ដក «​ករណី​លើកលែង​ពិសេស​លើ​ការកែច្នៃ​ឡើងវិញ​» ព្រោះតែ​ការអនុវត្ត​នេះ​បាន​បន្សល់​កាកសំណល់​ពី​ដំណើរការ​កែច្នៃ​ឡើងវិញ​នូវ​សារ​ធាតុគីមី ដែល​ត្រូវ​ហាមឃាត់​ជា​សាកល ដែល​បង្ក​ការ​គំ​រាគ​កំហែង​ដល់​សុខភាព​សាធារណៈ​។ 
 
​អ្នកស្រី Jitka Strakova អ្នកស្រាវជ្រាវ​របស់​អង្គការ Arnika​និង IPEN និង​ជា​អ្នកជំនាញ​ខាង​សារធាតុពុល​សរីរាង្គ ដែល​មិន​ងាយ​បំបែក​ធាតុ (Persistent Organic Pollutants_ POPs) បាន​និយាយ​ដូច្នេះ​៖« ផលវិបាក​សំខាន់​នៃ​ករណី​លើកលែង​ការកែច្នៃ​ឡើងវិញ គឺ​បញ្ហា​កាកសំណល់​សារធាតុពុល​ដែលមាន​ផ្ទុក​នៅក្នុង​សម្ភារៈប្រើប្រាស់​ធ្វើ​ពី​បា្ល​ស្ទិ​ក ឬ​អេ​ប៉ុង​។ អ្នកប្រើប្រាស់​គួរតែមាន​លទ្ធភាព​ទិញ​ផលិតផល​ធ្វើ​ពី​វត្ថុធាតុដើម​កែច្នៃ​ឡើងវិញ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ឡើយ ថា​វា​មាន​ផ្ទុក​សារធាតុពុល​ដែល​ត្រូវបាន​ហាត​ឃាត់​ទូទាំង​ពិភពលោក​ទេ​។ ការកែច្នៃ​ឡើងវិញ​គួរតែ​គាំទ្រ​ដល់​សុខភាព បរិស្ថាន មិនមែន​ធ្វើឱ្យ​ខូចខាត​ដល់​សុខភាព និង​បរិស្ថាន​វិញ​នោះទេ​»៕ 

Tag:
 បរិ​សា្ថ​ន​
  សុខភាព​
  ប្លា​ស្ទិ​ក​
 ​គីមី
© រក្សាសិទ្ធិដោយ thmeythmey.com