អន្តរជាតិ
នយោបាយអន្តរជាតិ
រជ្ជទាយាទ ណារ៉ូហ៊ីតុ ឡើងជាអធិរាជជប៉ុនទី១២៦ ក្រោយការដាក់រាជ្យរបស់បិតា
× រជ្ជទាយាទជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតុ នៅថ្ងៃទី១ ខែឧសភានេះ បានឡើងគ្រងរាជ្យជាអធិរាជជប៉ុនហើយបន្តពីបិតាអធិរាជ អាគីហ៊ីតុ ដែលបានដាក់រាជ្យ។ ការដាក់រាជ្យដែលធ្វើឡើងជាផ្លូវការនៅថ្ងៃទី៣០ ខែមេសា ជាប្រវត្តិសាស្ត្រលើកដំបូងក្នុងពេលជាងពីររយឆ្នាំសម្រាប់ជប៉ុនដែលអធិរាជចុះចេញពីរាជបល្ល័ង្ក។ ពិធីដាក់រាជ្យនេះ ធ្វើឡើងក្នុងពិធីសាមញ្ញមួយក្នុងរាជវាំងទីក្រុងតូក្យូ។ តាមពិតទៅ រជ្ជទាយាទ ក្លាយជាអធិរាជតាំងពីពាក់កណ្ដាលយប់ឆ្លងចូលថ្ងៃទី១ មកម្ល៉េះ។
ថ្ងៃទី១ ខែឧសភា ជាការចាប់ផ្ដើមរជ្ជកាលថ្មីសម្រាប់ជប៉ុន។ ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតុ បានក្លាយជាអធិរាជទី១២៦ របស់ជប៉ុនដោយស្នងតំណែងពីបិតារបស់ទ្រង់ គឺអធិរាជ អាគីហ៊ីតុ ដែលដាក់រាជ្យ។ រជ្ជកាលថ្មី ត្រូវបានកំណត់ឈ្មោះរួចហើយគឺ Reiwa ដែលមានន័យថា សុខដុមរមនា។ រជ្ជកាលនេះ នឹងមានអាយុកាលពេញមួយរាជ្យរបស់ព្រះចៅអធិរាជ ណារ៉ូហ៊ីតុ ។
ទោះក្លាយជាអធិរាជតាំងពីពាក់កណ្ដាលយប់ថ្ងៃទី៣០ ខែមេសាឆ្លងចូលថ្ងៃទី១ ខែឧសភាក្ដី កម្មវិធីគ្រងរាជ្យបែបសាសនា និងជាផ្លូវការ ត្រូវធ្វើឡើងក្នុងរាជវាំងរយៈពេល១០នាទី។ ក្នុងកម្មវិធីនេះ សមាជិករាជវង្សជាស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ ហើយសូម្បីមហេសីរបស់អធិរាជថ្មី ក៏គ្មានសិទ្ធិចូលរួមដែរ។ គ្រឿងកេតនភណ្ឌសំខាន់ៗមានព្រះខ័នរាជ្យ និងត្បូងរាជវង្ស ត្រូវបានថ្វាយចំពោះអធិរាជ ណារ៉ូហ៊ីតុ ដើម្បីតំណាងឲ្យអំណាចនៃអធិរាជពេញច្បាប់។
យ៉ាងណាមិញ កម្មវិធីគ្រងរាជ្យដ៏អធិកអធមជាសាធារណៈដែលចូលរួមប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលពិភពលោកជាច្រើន នឹងធ្វើនៅថ្ងៃទី២២ ខែតុលាឯណោះ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងក្លាយជាភ្ញៀវបរទេសទីមួយដែលចូលគាល់អធិរាជជប៉ុនថ្មី ពេលលោកធ្វើទស្សនកិច្ចនៅជប៉ុនអំឡុងខែឧសភានេះ។
ដូចបិតារបស់ទ្រង់ដែរ អធិរាជ ណារ៉ូហ៊ីតុ ជាក្សត្រមានតម្រិះបែបទំនើប ព្រោះទ្រង់ធ្លាប់សិក្សានៅបរទេស។ រឿងដូចគ្នាមួយទៀត គឺទាំងបិតា ទាំងបុត្រា សុទ្ធតែមិនអនុវត្តតាមប្រពៃណី ដោយរៀបអភិសេកជាមួយស្ត្រីសាមញ្ញ។ អធិរាជថ្មី បានរៀបអភិសេកជាមួយអ្នកនាង ម៉ាសាកូ ដែលជាអ្នកការទូតឆ្នើមម្នាក់ ហើយមានបុត្រីមួយអង្គ៕
Tag:
ជប៉ុន
អាគីហ៊ីតុ
ណារ៉ូហ៊ីតុ
© រក្សាសិទ្ធិដោយ thmeythmey.com