បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
កញ្ញា ហ៊ុនម៉ាលី ជនជាតិដើមភាគតិចព្នង ធ្វើជំនួញបែបទំនើប តែអភិរក្សមុខរបរដូនតា
× កញ្ញា សុទ្ធ ហ៊ុនម៉ាលី គឺជាយុវតីជនជាតិដើមភាគតិចព្នងមួយរូប ដែលបានខ្នះខ្នែងក្នុងការថែរក្សា និងលើកស្ទូយវប្បធម៌ ប្រពៃណីជនជាតិខ្លួន។ មានវ័យ ២៣ឆ្នាំ ម៉ាលីមានសម្បុរស និងសក់វែងពណ៌ខ្មៅ។ កូនជនជាតិព្នងរូបនេះ បានបើកភោជនីយដ្ឋានមួយឈ្មោះថា«ស្នាដៃកូនជនជាតិព្នងខេត្តមណ្ឌលគិរី»នៅទឹកដីកំណើតរបស់ខ្លួន ជាងមួយឆ្នាំមកហើយ។ ជនជាតិដើមភាគតិចព្នងដ៏ស្រស់សោភារូបនេះ បញ្ជាក់ថា អាជីវកម្មនេះ បើកដំណើរការ ដើម្បីបង្ហាញពីមរតកដូនតាជនជាតិដើមភាគតិចព្នង ទៅដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តនៅខេត្តភាគឦសាន ប្រទេសកម្ពុជាមួយនេះ។
កញ្ញា សុទ្ធ ហ៊ុនម៉ាលី គឺជាជនជាតិដើមភាគតិចព្នង ដែលបានកើត និងធំធាត់ចម្រើនវ័យ នៅក្នុងភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ មានវ័យ២៣ឆ្នាំ ម៉ាលី និយាយភាសាខ្មែរយ៉ាងច្បាស់ មិនមានសំនៀងរដឺនដូចជនជាតិដើមភាគតិចដទៃទៀតឡើយ។ ជនជាតិដើមភាគតិចព្នងរូបនេះ មានសម្បុរស ភ្នែកធំៗ និងមានសក់វែងពណ៌ខ្មៅរលោងស្រិល។ មែនទែនទៅ នាងស្ថិតក្នុងចំណោមយុវតីក៏តិចតួចណាស់ នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ដែលបានគិតដល់ការធ្វើអាជីវកម្មដែល ស្របតាមការអភិវឌ្ឍន៍របស់សង្គម និងដែលនៅតែអាចរក្សាបានអត្តសញ្ញាណដូនតា។
កញ្ញា សុទ្ធ ហ៊ុនម៉ាលី ពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា៖«ខ្ញុំចង់បង្ហាញថា ខ្ញុំជាកូនជនជាតិដើមភាគតិចព្នងមួយរូបនៅក្នុងខេត្តហ្នឹង(មណ្ឌលគិរី) ហើយខ្ញុំចង់បើករបរដោយខ្លួនឯង ហើយយកផលិតផលរបស់បងប្អូនជនជាតិដើមមកលក់ ដើម្បីជួយលើកស្ទួយជីវភាពពួកគាត់។ ហើយហាងនេះ នឹងចូលរួមអភិរក្សទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី សម្ភារប្រើប្រាស់ ភាសា និងជួយជ្រោមជ្រែងរបរដូនតារបស់ជនជាតិដើមភាគតិចផងដែរ ដូចជាស្រាពាង និងសម្លៀកបំពាក់ជាដើម។
ផ្សារភ្ជាប់វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច ជាមួយអ្នកទេសចរ
លើសតែពីការផ្តល់ការងារ ដល់ជនជាតិដើមភាគតិចដទៃទៀតនៅក្នុងសហគមន៍ខ្លួន អាជីវកម្មនេះ ក៏បានធ្វើឲ្យទេសចរបានស្វែងយល់ និងកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីជនជាតិរបស់ខ្លួននោះដែរ។ នេះជាការអះអាងរបស់ ម៉ាលី ដោយនាងបានបន្តថា ការភ្ជាប់ទំនាក់ទំនងនោះ កើតឡើងតាមរយៈ ការយករបស់ប្រើប្រាស់ប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច ដូចជាឃ្លោក,កាផា, ស្បូវ, បំពង់ឫស្សី ស្រាពាង និងសម្លៀកបំពាក់ជាដើម មកដាក់តាំង និងតុបតែងបែបជនជាតិ នៅក្នុងភោជនីយដ្ឋាន។ ជាមួយគ្នានេះ បុគ្គលិកនៅទីនេះ គឺសុទ្ធសឹងតែជាជនជាតិដើមភាគតិចព្នង និងដែលតម្រូវឲ្យស្លៀកពាក់បែបជនជាតិដើមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កូនស្រីជនជាតិដើមភាគតិចព្នងរូបនេះ ក៏រៀបចំឲ្យមានការរាំរបាំប្រពៃណីជនជាតិដើមភាគតិចដែរ ដើម្បីបង្ហាញពីទំនៀមសែនព្រេន,ភ្លេងរបស់ជនជាតិដើមភាគតិចព្នង, ការរាំ និងការច្រៀងរបស់បងប្អូនជនជាតិភាគតិចព្នង។
កញ្ញា សុទ្ធ ហ៊ុនម៉ាលី ដែលស្ថិតក្នុងសម្លៀកបំពាក់ជនជាតិដើមភាគតិចព្នងរបស់ខ្លួនដែរនោះ ពន្យល់ដូច្នេះ៖«ខ្ញុំចង់លើកស្ទួយ និងអភិរក្សវប្បធម៌ជនជាតិដើមភាគតិចព្នង និងការអភិរក្សសម្លៀកបំពាក់ របាំ ម្ហូប ទុកឲ្យក្មេងៗជំនាន់ក្រោយ»។ ជនជាតិដើមភាគតិចរូបនេះ បន្តទៀតថា ទីតាំងនេះ មិនត្រឹមតែជាកន្លែងបង្ហាញពីម្ហូបប្រពៃណីដ៏សម្បូរបែប របស់ជនជាតិដើមភាគតិចព្នងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងរក្សា អភិរក្ស និងបង្ហាញនូវសម្ភារប្រើប្រាស់របស់បងប្អូនជនជាតិដើមភាគតិចព្នងទៅកាន់ភ្ញៀវទេសចរផងដែរ។ ហើយទៅអនាគត ម៉ាលី ចង់ឲ្យទីនេះ ក្លាយជាកន្លែងបង្ហាញពីផលិតស្រាពាងរបស់ជនជាតិដើមភាគតិចផងដែរ។
ទន្ទឹមនឹងការប្តេជ្ញា ថែរក្សា និងលើកស្ទូយតម្លៃរប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច កញ្ញា សុទ្ធ ហ៊ុនម៉ាលី ក៏លើកទឹកចិត្តឲ្យស្ត្រីជនជាតិភាគតិចផ្សេងទៀត គិតគូរពីការធ្វើអាជីវកម្ម ដែលមានការច្នៃប្រឌិត និងផ្តោតលើការថែរក្សាអត្តសញ្ញាណជនជាតិដើមភាគតិចនេះ ឲ្យបានកាន់តែច្រើនផងដែរ ដើម្បីឲ្យផលិតផលអត្តសញ្ញាណ ឬរបរបែបប្រពៃណីរបស់ជនជាតិដើមភាគតិច កាន់តែទទួលបានការចាប់អារម្មណ៍ច្រើនពីសាធារណជន៕
Tag:
ជនជាតិដើមភាគតិច
ព្នង
ហ៊ុនម៉ាលី
អភិរក្ស
វប្បធម
ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com