បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សង្គមជាតិ
កញ្ញា ហ៊ុន​ម៉ាលី ជនជាតិដើម​ភាគតិច​ព្នង ធ្វើ​ជំនួញ​បែប​ទំនើប តែ​អភិរក្ស​មុខរបរ​ដូនតា​
01, May 2019 , 10:17 am        
រូបភាព
កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី គឺជា​យុវតី​ជនជាតិដើម​ភាគតិច​ព្នង​មួយរូប ដែល​បាន​ខ្នះខ្នែង​ក្នុងការ​ថែរក្សា និង​លើក​ស្ទូ​យ​វប្បធម៌ ប្រពៃណី​ជនជាតិ​ខ្លួន​។ មាន​វ័យ ២៣​ឆ្នាំ ម៉ាលី​មាន​សម្បុរ​ស  និង​សក់វែង​ពណ៌​ខ្មៅ​។ កូន​ជនជាតិ​ព្នង​រូបនេះ បាន​បើក​ភោជនីយដ្ឋាន​មួយ​ឈ្មោះថា​«​ស្នាដៃ​កូន​ជនជាតិ​ព្នង​ខេត្តមណ្ឌលគិរី​»​នៅ​ទឹកដី​កំណើត​របស់ខ្លួន ជាង​មួយឆ្នាំ​មកហើយ​។ ជនជាតិដើម​ភាគតិច​ព្នង​ដ៏​ស្រស់​សោភា​រូបនេះ  បញ្ជាក់ថា អាជីវ​កម្មនេះ បើក​ដំណើរការ ​ដើម្បី​បង្ហាញ​ពី​មរតក​ដូនតា​ជនជាតិដើម​ភាគតិច​ព្នង ទៅដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន ប្រទេស​កម្ពុ​ជាមួយនេះ​។

 
​កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី គឺជា​ជនជាតិដើម​ភាគតិច​ព្នង ដែល​បានកើត និង​ធំធាត់​ចម្រើន​វ័យ នៅក្នុង​ភូមិ​ក្រង់​តេះ ឃុំក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ មាន​វ័យ​២៣​ឆ្នាំ ម៉ាលី និយាយ​ភាសា​ខ្មែរ​យ៉ាងច្បាស់ មិនមាន​សំនៀង​រដឺន​ដូច​ជនជាតិដើម​ភាគតិច​ដទៃទៀត​ឡើយ​។ ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ មាន​សម្បុរ​ស ភ្នែក​ធំៗ និង​មាន​សក់វែង​ពណ៌​ខ្មៅ​រលោង​ស្រិល​។ មែនទែនទៅ  នាង​ស្ថិត​ក្នុងចំណោម​យុវតី​ក៏​តិចតួច​ណាស់ នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​បាន​គិតដល់​ការធ្វើ​អាជីវកម្ម​ដែល ស្របតាម​ការអភិវឌ្ឍ​ន៍​របស់​សង្គម និង​ដែល​នៅតែ​អាច​រក្សាបាន​អត្តសញ្ញាណ​ដូនតា​។  
 
​កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ខ្ញុំ​ចង់​បង្ហាញថា ខ្ញុំ​ជា​កូន​ជនជាតិដើម​ភាគតិច​ព្នង​មួយរូប​នៅក្នុង​ខេត្ត​ហ្នឹង​(​មណ្ឌលគិរី​) ហើយ​ខ្ញុំ​ចង់​បើក​របរ​ដោយ​ខ្លួនឯង ហើយ​យក​ផលិតផល​របស់​បងប្អូន​ជនជាតិដើម​មក​លក់ ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​ពួកគាត់​។ ហើយ​ហាង​នេះ នឹងចូលរួម​អភិរក្ស​ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី សម្ភារ​ប្រើប្រាស់ ភាសា និង​ជួយ​ជ្រោមជ្រែង​របរ​ដូនតា​របស់​ជនជាតិដើម​ភាគតិច​ផងដែរ ដូចជា​ស្រា​ពាង និង​សម្លៀកបំពាក់​ជាដើម​។​
 
 
​ផ្សារភ្ជាប់​វប្បធម៌ ប្រពៃណី​ជនជាតិដើម​ភាគតិច ជាមួយ​អ្នកទេសចរ​
 
​លើស​តែ​ពី​ការផ្តល់​ការងារ ដល់​ជនជាតិដើម​ភាគតិច​ដទៃទៀត​នៅក្នុង​សហគមន៍​ខ្លួន អាជីវ​កម្មនេះ ក៏បាន​ធ្វើ​ឲ្យ​ទេសចរ​បាន​ស្វែងយល់ និង​កាន់​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយនឹង​ទំនៀមទម្លាប់ វប្បធម៌ និង​ប្រពៃណី​ជនជាតិ​របស់ខ្លួន​នោះដែរ​។ នេះ​ជាការ​អះអាង​របស់ ម៉ាលី ដោយ​នាង​បាន​បន្តថា ការភ្ជាប់​ទំនាក់ទំនង​នោះ កើតឡើង​តាមរយៈ ការយក​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ជនជាតិដើម​ភាគតិច ដូចជា​ឃ្លោក​,​កា​ផា​, ស្បូវ​, បំពង់​ឫស្សី ស្រា​ពាង និង​សម្លៀកបំពាក់​ជាដើម មក​ដាក់តាំង និង​តុបតែង​បែប​ជនជាតិ នៅក្នុង​ភោជនីយដ្ឋាន​។ ជាមួយគ្នានេះ បុគ្គលិក​នៅទីនេះ គឺ​សុទ្ធសឹងតែ​ជា​ជនជាតិដើម​ភាគតិច​ព្នង និង​ដែល​តម្រូវ​ឲ្យ​ស្លៀកពាក់​បែប​ជនជាតិដើម​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូនស្រី​ជនជាតិដើម​ភាគតិច​ព្នង​រូបនេះ ក៏​រៀបចំ​ឲ្យ​មានការ​រាំ​របាំ​ប្រពៃណី​ជនជាតិដើម​ភាគតិច​ដែរ ដើម្បី​បង្ហាញ​ពី​ទំនៀម​សែនព្រេន​,​ភ្លេង​របស់​ជនជាតិដើម​ភាគតិច​ព្នង​, ការ​រាំ និង​ការ​ច្រៀង​របស់​បងប្អូន​ជនជាតិភាគតិច​ព្នង​។​
 


 
​កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​ជនជាតិដើម​ភាគតិច​ព្នង​របស់ខ្លួន​ដែរនោះ ពន្យល់​ដូច្នេះ​៖«​ខ្ញុំ​ចង់​លើកស្ទួយ និង​អភិរក្ស​វប្បធម៌​ជនជាតិដើម​ភាគតិច​ព្នង និង​ការអភិរក្ស​សម្លៀកបំពាក់ របាំ ម្ហូប ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​»​។ ជនជាតិដើម​ភាគតិច​រូបនេះ បន្តទៀតថា ទីតាំង​នេះ មិន​ត្រឹមតែ​ជា​កន្លែង​បង្ហាញ​ពី​ម្ហូប​ប្រពៃណី​ដ៏​សម្បូរបែប របស់​ជនជាតិដើម​ភាគតិច​ព្នង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​កន្លែង​រក្សា អភិរក្ស និង​បង្ហាញ​នូវ​សម្ភារ​ប្រើប្រាស់​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង​ទៅកាន់​ភ្ញៀវទេសចរ​ផងដែរ​។ ហើយ​ទៅ​អនាគត ម៉ាលី ចង់​ឲ្យ​ទីនេះ ក្លាយជា​កន្លែង​បង្ហាញ​ពី​ផលិត​ស្រា​ពាង​របស់​ជនជាតិដើម​ភាគតិច​ផងដែរ​។  

​ទន្ទឹមនឹង​ការប្តេជ្ញា ថែរក្សា និង​លើក​ស្ទូ​យ​តម្លៃរ​ប្ប​ធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគតិច កញ្ញា សុទ្ធ ហ៊ុន​ម៉ាលី ក៏​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ជនជាតិភាគតិច​ផ្សេងទៀត គិតគូរ​ពី​ការធ្វើ​អាជីវកម្ម ដែលមាន​ការច្នៃប្រឌិត និង​ផ្តោតលើ​ការថែរក្សា​អត្តសញ្ញាណ​ជនជាតិដើម​ភាគតិច​នេះ ឲ្យ​បាន​កាន់តែច្រើន​ផងដែរ ដើម្បី​ឲ្យ​ផលិតផល​អត្តសញ្ញាណ ឬ​របរ​បែប​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​សាធារណជន​៕
 
 
​ 

Tag:
 ជនជាតិដើម​ភាគតិច​
 ​ព្នង​
  ​ហ៊ុន​ម៉ាលី​
 ​ អភិរក្ស​
  ​វប្ប​ធ​ម​
  ​ប្រពៃណី​
© រក្សាសិទ្ធិដោយ thmeythmey.com