ជាតិ
ទូត​ជប៉ុន​៖ រជ្ជកាល Reiwa នឹង​បន្ត​លើកស្ទួយ​មិត្តភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​កម្ពុជា​-​ជប៉ុន​
01, May 2019 , 11:13 am        
រូបភាព
នៅ​ខែមិថុនា ឆ្នាំ​២០១២ ​ព្រះករុណា ណា​រូ​ហ៊ី​តូ កាលនៅ​ជា​ព្រះអង្គម្ចាស់​រាជទាយាទ បាន​យាង​ព្រះរាជទស្សនកិច្ច​មកកម្ពុជា។ រូបថត AFP
នៅ​ខែមិថុនា ឆ្នាំ​២០១២ ​ព្រះករុណា ណា​រូ​ហ៊ី​តូ កាលនៅ​ជា​ព្រះអង្គម្ចាស់​រាជទាយាទ បាន​យាង​ព្រះរាជទស្សនកិច្ច​មកកម្ពុជា។ រូបថត AFP
ដោយ: ថ្មីៗ
នាឱកាស​នៃ​ការឡើង​គ្រងរាជ្យ​របស់​ព្រះករុណា ណា​រូ​ហ៊ី​តូ ជា​ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន នៅ​ថ្ងៃទី​១ ខែឧសភា នេះ លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ពលរដ្ឋ​កម្ពុជា ដោយ​អះអាង​ពី​ទំនាក់ទំនង​កាន់តែ​ស្អិតរ​មួ​ត​រវាង​ពលរដ្ឋ​បន្ត​ពី​រជ្ជកាល Heisei ដល់ Reiwa​។ លោក​ឯកអគ្គរាជទូត ក៏បាន​រំលឹក​ពី​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​


អត្ថបទទាក់ទង


​ខាងក្រោម​នេះ​ជា​សារ​របស់លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​ជូន​ពលរដ្ឋ​កម្ពុជា​៖

​ទំនាក់ទំនង​រវាង​ព្រះរាជវង្សានុវង្ស​កម្ពុជា និង​ជប៉ុន បានចាប់ផ្តើម​កំឡុងពេល​ព្រះរាជទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ទៅកាន់​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​១៩៥៣​។ បន្ទាប់មក ព្រះរាជវង្សានុវង្ស​នៃ​ប្រទេស​ទាំងពីរ បាន​យាង​បន្ត​ផ្លាស់ប្តូរ​ទំនាក់​ទំនងជា​ញឹកញាប់​។ នៅ​ឆ្នាំ​២០១០ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​យាង​ព្រះរាជទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ជប៉ុន​។​



​នៅ​ខែមិថុនា ឆ្នាំ​២០១២ នៅពេល​ព្រះករុណា ណា​រូ​ហ៊ី​តូ នៅ​ជា​ព្រះអង្គម្ចាស់​រាជទាយាទ ព្រះអង្គ​ក៏បាន​យាង​ព្រះរាជទស្សនកិច្ច​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ កំឡុងពេល​ព្រះរាជទស្សនកិច្ច​នេះ ព្រះករុណា ណា​រូ​ហ៊ី​តូ បាន​យាង​គាល់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​បាន​យាង​ជួប​សវនាការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​បាន​យាង​សំណេះសំណាល​ជាមួយ​និស្សិត​ដេ​ប៉ា​តឺ​ម៉​ង់​ភាសា​ជប៉ុន​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ព្រះករុណា ណា​រូ​ហ៊ី​តូ ក៏បាន​យាង​ព្រះរាជទស្សនកិច្ច​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន​ដែលជា​អច្ឆរិយ​ប្រាសាទ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តំបន់​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​។​



​ថ្ងៃនេះ រជ្ជកាល​ថ្មី “Reiwa” នឹង​ចាប់ផ្តើម​។ ពាក្យ “Reiwa” មានន័យថា វប្បធម៌​នឹងត្រូវ​បាន​រីកលូតលាស់​ឡើង នៅពេលដែល​ដួងចិត្ត​របស់​ប្រជាជន​រួមគ្នា​ជា​ធ្លុង​មួយ​ប្រកបដោយ​សុ​ខុ​ដុមរ​មនា​។ ខ្ញុំ​សង្ឃឹមថា នៅ​រជ្ជកាល Reiwa ប្រជាជន​ជប៉ុន និង​កម្ពុជា បន្ត​លើកស្ទួយ​មិត្តភាព និង​ការផ្លាស់ប្តូរ​វប្បធម៌​ទៅវិញទៅមក​។

​សូម​ថ្វាយ​ព្រះ​សព្ទសាធុការពរ ព្រះករុណា ព្រះ​ចៅ​អធិរាជ និង​ព្រះ​អធិរាជ​នី ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះរាជវង្សានុវង្ស សូម​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​។ សូម​ជូនពរ​ប្រជាជន​កម្ពុជា​ទាំងអស់ មាន​សុខ​ភាពល្អ អាយុ​វែង និង​សុភមង្គល សូម​ឲ្យ​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា នឹង​កាន់តែ​ជិតស្និទ្ធ​ក្នុង​រជ្ជកាល​ថ្មី​នេះ​៕

Tag:
 Reiwa
© រក្សាសិទ្ធិដោយ thmeythmey.com