ជាតិ
សង្គមជាតិ
នគរបាលជាតិ ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​សហគ្រាស​និង​ក្រុមហ៊ុន ជ្រើសរើស​សន្ដិសុខ​ជា​ជនបរទេស​ឡើយ​
01, May 2019 , 11:39 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស​បម្រើ​ការងា​រ​ជា​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ឡើយ​។ នេះ​ជាការ​អះអាង​របស់លោក លឹម សុខា​រស្មី ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​នៃ​ក្រសួងមហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​មាន​សណ្ឋាគារ​និង​កាស៊ីណូ​មួយកន្លែង​នៅ​ខេត្ត​ព្រះសីហនុ បានជ្រើសរើស​សន្តិសុខ​ឯកជន​ជា​ជនជាតិ​ចិន​។

 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ស្រង់​សម្តី លោក លឹម សុខា​រស្មី ថា កម្ពុជា​មិន​អនុញ្ញាត​ដាច់ខាត ចំពោះ​បណ្ដា​សហគ្រាស​-​ក្រុមហ៊ុន ដែល​ជ្រើសរើស​ជនជាតិ​បរទេស​មក​បម្រើ​ការងា​រ​ជា​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ឡើយ​។ បើ​មាន​ករណីនេះ​កើតឡើង​ត្រូវតែ​រាយការណ៍​ជូន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​ជាបន្ទាន់ ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់​។ បើតាម​លោក សុខា​រស្មី សមត្ថកិច្ច​នឹង​បញ្ឈប់​សកម្មភាព​បែបនេះ​ភ្លាម បើសិន​ជាមាន​ករណីនេះ​កើតឡើង​។​
 
​លោក បាន​អះអាងថា «​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​ច្រើន​។ ដូច្នេះ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ឲ្យ​ជនបរទេស​មក​ធ្វើការ​ងារ​ជា​ភ្នា​ក់​សន្ដិសុខ​នោះទេ​។ ពោល​ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​បែបនេះ​ឡើយ​»​។​
 
​ក្រុមហ៊ុន​សន្ដិសុខ​ឯកជន មុននឹង​បើក​ដំណើរការ​អាជីវកម្ម ត្រូវតែ​សុំច្បាប់​អនុញ្ញាត​ជាមុនសិន ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​។ បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ឬ​ទទួលរង​ពិន័យ​ទៅតាម​អ្វីដែល​កំណត់ដោយ​ច្បាប់​ជា​ធរមាន​។ បើតាម​លោក សុខា​រស្មី​។ 
 
​កាលពីពេល​ថ្មីៗ​នេះ មាន​ករណី​សណ្ឋាគារ និង​កាស៊ីណូ​ដែលមាន​យីហោ​« តុង យៀង​» នៅ​ខេត្ត​ព្រះសីហនុ បានជ្រើសរើស​ក្រុម​សន្តិសុខ​ជា​ជនបរទេស​គ្មាន​ច្បាប់ទម្លាប់ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​បាន​ហៅ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា និង​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ កាលពី​ថ្ងៃទី​២៩​មេសា ឆ្នាំ​២០១៩​។ លោកស្រី Liu Jie ជនជាតិ​ចិន ជា​តំណាងឱ្យ​សណ្ឋាគារ​-​កាស៊ីណូ «​តុង យៀង​» បាន​និយាយថា ការជ្រើសរើស​សន្តិសុខ​ឯកជន​ជា​ជនបរទេស​នេះ ធ្វើឡើង​បាន​មួយថ្ងៃ ក៏​រំសាយ​ទៅវិញ​ដោយមាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​។ នេះ​បើតាម​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្ដិសុខ​ឯកជន​៕
 

Tag:
 សន្តិសុខ​
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com