ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ក្នុងគ្រាប់បែកកែច្នៃ ដែលចាប់បានពីជនជាតិចិន ជាខ្សាច់ មិនអាចផ្ទុះទេ
01, May 2019 , 12:23 pm        
រូបភាព
បំពង់ក្នុងកន្ត្រកពណ៌ក្រហមនេះ ត្រូវបានអះអាងថា ជាគ្រាប់បែកកែច្នៃ ដែលជនជាតិនោះ ដាក់ក្នុងកាបូកខ្មៅនេះ
បំពង់ក្នុងកន្ត្រកពណ៌ក្រហមនេះ ត្រូវបានអះអាងថា ជាគ្រាប់បែកកែច្នៃ ដែលជនជាតិនោះ ដាក់ក្នុងកាបូកខ្មៅនេះ
មន្រ្តីកម្ចាត់មីន (ស៊ីម៉ាក់) បានផ្តល់ចម្លើយមកថា គ្រាប់បែកកែច្នៃ ដែលកម្លាំងសមត្ថកិច្ចចាប់បានពីជនបរទេស៤នាក់ មិនអាចផ្ទុះបានទេ។ នេះជាការអះអាងរបស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។



លោក ឆាយ គឹមខឿន ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្នុងគ្រាប់បែកកែច្នៃ ដែលមានរាងជាបំពង់ទាំងនោះ គឺសុទ្ធតែជាគ្រាប់ខ្សាច់។ អ្នកនាំពាក្យរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «ក្លែងក្លាយទេ មិនអាចផ្ទុះទេ»។

មន្រ្តីម្នាក់ប្រចាំការនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗថា ជនសង្ស័យទាំង៤នាក់នោះ គឺជាជនជាតិចិន។​ មន្រ្តីនោះ អះអាងបែបនេះថា «ឥឡូវ យើងកំពុងសាកសួរពួកគាត់ និងកំពុង ពិនិត្យគ្រាប់បែកកែច្នៃទាំងនោះ ហើយមន្រ្តីស៊ីម៉ាក់ ក៏កំពុងនៅទីនេះដែរ»។

កម្លាំងសមត្ថកិច្ច បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំងនោះភ្លាម នៅក្នុងហាងមួយ ដែលស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១ ខែឧសភានេះ ក្រោយទទួលដំណឹងថា​ ពួកគេ មានគ្រប់បែកកែច្នៃជាច្រើននៅនឹងខ្លួន។ គ្រាប់បែកកែច្នៃទាំងនោះ មានរាងដូចបំពង់ ហើយត្រូវបានកម្លាំងសមត្ថកិច្ច រកឃើញនៅក្នុងកាបូបខ្មៅរបស់ជនជាតិចិនទាំងនោះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com