ជាតិ
រំភើប! ស្រុកមេសាង ខេត្តព្រៃវែងមានសិស្សពូកែលេខ១រូបវិទ្យាទាំងថ្នាក់ទី៩ និងទី១២
× ឆ្នាំ២០១៩នេះ ជាឆ្នាំប្រកបដោយមោទកភាពសម្រាប់អ្នកស្រុកមេសាង ខេត្តព្រៃវែង ដោយមានសិស្សរហូតដល់ទៅពីរនាក់បានចំណាត់ថ្នាក់លេខ១ពីការប្រឡងសិស្សពូកែមុខវិជ្ជារូបវិទ្យាទាំងថ្នាក់ទី៩ និងទី១២។
សិស្សិប្រុស មន់ សីម៉ា អាយុ១៥ឆ្នាំ និងសិស្សស្រី កុច តុលា អាយុ១៨ឆ្នាំ បានលើកមុខមាត់វិទ្យាល័យមេសាង និងស្រុកមេសាងទាំងមូល ដោយពួកគេមិនត្រឹមតែស្ថិតក្នុងបញ្ជីសិស្សពូកែទូទាំងប្រទេសនោះឡើយ តែថែមទាំងជាសិស្សពូកែលំដាប់កំពូលថែមទៀត។
ក្នុងចំណោមសិស្សពូកែ១០រូបលើមុខវិជ្ជារូបវិទ្យាសម្រាប់ថ្នាក់ទី៩ សីម៉ា ជាប់ចំណាត់លេខ១ ដោយឈរពីលើ ឡុង សុខលី ពីខេត្តបាត់ដំបង អ៊ឹង ហុកឆាយ (កំពង់ឆ្នាំង) អ៊ិត មួយឆេង (កណ្តាល) ឃុត វិសាល (កំពង់ឆ្នាំង) និត សីហានុជ (ពោធិ៍សាត់) សេង ហេង (កណ្តាល) ហ៊ួ យូលីនសេរីរ៉ូនិច (ភ្នំពេញ) អៀប គាំងអាន (កំពង់ឆ្នាំង) និង ហេង ហ្គ្រិចសួគ៌សួគ៌ (បាត់ដំបង)។
រីឯសម្រាប់ថ្នាក់ទី១២វិញ កញ្ញា កុច តុលា ជាប់លេខ១ ដោយនាំមុខជ័យលាភី៩រូបទៀត រួមមាន ម៉ុក យ៉ុង (កំពត), សេង លាងហាក់ (បាត់ដំបង) គឹម ហេង (ភ្នំពេញ) លី សុវណ្ណឡេង (បាត់ដំបង) តេង ទិត្យវិទូ (ភ្នំពេញ) ពៅ ខេមរក្សា (ភ្នំពេញ) លី គឹមហៀក (ភ្នំពេញ) នីន វ៉ាន់ទីន (ព្រៃវែង) និង គាន់ សេងអាន (កំពត)។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ «ចៅសែន្យ» ពិធីដង្ហែអបអរសាទរសិស្សឆ្នើមទាំងពីរបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមេសា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះគ្រូ វឿន វណ្ណនី ព្រះលេខាធិការអនុគណស្រុកមេសាង លោកអភិបាលរងស្រុក លោក ហ៊ន សុផាត អភិបាលរងនៃគណៈអភិបាលស្រុកមេសាង ថ្នាក់ដឹកនាំការិយាល័យអប់រំស្រុក កងរាជអាវុធហត្ថ នគរបាល ថ្នាក់ដឹកនាំសាលា គ្រូ និងសិស្សានុសិស្សរាប់ពាន់នាក់ផងដែរ។
ក្បួនដង្ហែផ្តើមចេញពីវត្តត្រពាំងជ្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង លើចម្ងាយផ្លូវ៧គីឡូម៉ែត្រ ឆ្ពោះទៅវិទ្យាល័យមេសាង ខេត្តព្រៃវែង៕ Tag:
សិស្សពូកែ
មេសាង
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com