អន្តរជាតិ
ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កំពុង​ធ្វើឡើង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ខណៈ​មេដឹកនាំ​បក្សប្រឆាំង​អំពាវនាវ​ឲ្យ​យោធា​ជួយ​បណ្តេញ​លោក Maduro
01, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
រដ្ឋាភិបាល​សង្គមនិយម​នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា «​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​»​កំពុង​កើតមានឡើង​នៅ​រដ្ឋធានី​កា​រ៉ា​កាស ដោយ​មេដឹកនាំ​គណបក្សប្រឆាំង​និង​ប្រធានាធិបតី​អន្តរកាល​លោក Juan Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និយាយថា គ្មាន​ការ​ត្រឡប់​ថយក្រោយ​នៅក្នុង​ការ​ខំប្រឹងប្រែង​របស់លោក​ដើម្បី​ទម្លាក់​ប្រធានាធិបតី Nicolas Maduro ចេញពី​តំណែង​។​


​បាតុករ​រាប់ពាន់នាក់​បានចេញ​មក​តាមផ្លូវ​នានា​ក្នុង​រដ្ឋធានី ដោយមាន​ស្នូរ​កាំភ្លើង​បាន​ផ្ទុះឡើង​ហើយ​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក Maduro​បាន​បាញ់​ទឹក​លើ​បាតុករ​។ រូបភាព​តាម​ទូរទស្សន៍​បាន​បញ្ចាំង​រថយន្ត​ឆ្មាំ​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មួយគ្រឿង​បើក​កិន​ក្រុមបាតុករ​ដែល​បាន​ចោល​ដុំថ្ម​ដាក់​កងទ័ព​។​
 
​ក្នុង​វីដេអូ​និង​សារ​តាម Twitter លោក Guaido ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​និយាយថា «​នៅថ្ងៃនេះ ទាហាន អ្នកស្នេហាជាតិ បុរស​ដ៏​អង់អាច​ក្លាហាន​ដែល​គាំទ្រ​រដ្ឋធម្មនុញ្ញ បាន​ឆ្លើយតប​ដល់​ការអំពាវនាវ​របស់​យើង​»​។​
 
​មេដឹកនាំ​ប្រឆាំង​លោក Guaido បានប្រកាស​ទៀតថា «​ពេលវេលា​ដ៏​សំខាន់​គឺ នៅពេល​ឥឡូវ​នេះហើយ​។ រដ្ឋ​ចំនួន ២៤​នៅក្នុង​ប្រទេស បាន​ប្រកាន់យក​មាគ៌ា​នេះ មិនមាន​ការវិលត្រឡប់​ថយក្រោយ​វិញ ថ្ងៃ​អនាគត​ជា​របស់​យើង​។ ពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រួបរួមគ្នា​បញ្ឈប់​ការដណ្តើមយក​អំណាច​នេះ​»​។​
 
​ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី Maduro បាន​ឆ្លើយតប​តាម Twitter ដោយ​និយាយថា «​ចូរ​រក្សា​ការស្ងៀមស្ងាត់​។ ខ្ញុំ​បាន​និយាយ​ជាមួយ​មេបញ្ជាការ​ទាំងអស់ (​ទាំង​នៅក្នុង​តំបន់​និង​តំបន់​ប្រតិបត្តិការ​) ដែល​បាន​សម្តែង​នូវ​ការស្មោះត្រង់​ទាំងស្រុង​របស់ខ្លួន​ដល់​ពលរដ្ឋ រដ្ឋធម្មនុញ្ញ និង​មាតុភូមិ​។ ខ្ញុំ​អំពាវនាវ​ឲ្យ​មានការ​បង្រួបបង្រួម​ក​ម្លាំ​ង​ប្រជាពលរដ្ឋ​ជា​អតិបរមា​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា មានជ័យ​ជម្នះ​ដោយ​សន្តិភាព​។ យើង​នឹង​ឈ្នះ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com