កីឡាជាតិ
ជាតិ
គ្រូ​ណាហ្គា រំពឹង​លើ​ទីលាន​និង​អាកាសធាតុ ដែល​អាចជួយ​ឲ្យ​ក្រុម​បាន​លទ្ធផល​ល្អ ពេល​ប៉ះ Hanoi
01, May 2019 , 2:26 pm        
រូបភាព
លោក មាស ចាន់ណា (រាប់ពីស្តាំទី២)ចាប់ដៃគ្នាជាមួយលោក Chu Dinh Nghiem គ្រូបង្វឹក Hanoi ក្នុងសន្និសីទនៅស្តាតអូឡាំពិក
លោក មាស ចាន់ណា (រាប់ពីស្តាំទី២)ចាប់ដៃគ្នាជាមួយលោក Chu Dinh Nghiem គ្រូបង្វឹក Hanoi ក្នុងសន្និសីទនៅស្តាតអូឡាំពិក
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ស្វាគមន៍​ក្រុម Hanoi FC របស់​វៀតណាម សម្រាប់​ជំនួប​ជើង​ទី​២​វគ្គ​ជម្រុះ AFC Cup 2019 នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៩​។ គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ដែល​ប្តេជ្ញា​មិន​ឲ្យ​របូត​គ្រាប់​បាល់​ច្រើន​ដូច​ជើង​ទី​១ រំពឹង​កត្តា​ទីលាន​និង​អាកាសធាតុ​រួមចំណែក​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួលបាន​លទ្ធផល​ល្អ ខណៈដែល​គ្រូបង្វឹក Hanoi FC ចាត់ទុក​កត្តា​ទាំងពីរ​ជា​បញ្ហា​ប្រឈម​សម្រាប់​ពួកគេ​។​

 
​ក្រុម​ណាហ្គា​វើ​ល ដែល​ចាញ់ Hanoi FC របស់​វៀតណាម ១០-០ នា​ជំនួប​ជើង​ទី​១ ហាក់​មាន​ជំនឿ​លើ​កត្តា​ទីលាន និង​អាកាសធាតុ​ក្នុងការ​រួមចំណែក​ជួយ​ក្រុម​ទទួលបាន​លទ្ធផល​ល្អ នា​ជំនួប​ជើង​ទី​២​ជាមួយ Hanoi នៅថ្ងៃនេះ​។ ការប្រកួត​នៅ​ម៉ោង​៥​ត្រូវបាន​គ្រូបង្វឹក​ណាហ្គា​វើ​ល ចាត់ទុកជា​ពេលវេលា​មួយ​ដ៏​ល្អ​សម្រាប់​ណាហ្គា​ផងដែរ​។ 
 
«​ការលេង​នៅ​ម៉ោង​៥ គឺ​វា​ល្អ​សម្រាប់​ក្រុម​យើង តែបើ​បាន​លេង​នៅ​ម៉ោង​៤ ឬ​៣​រសៀល វា​កាន់តែ​ល្អ​។ ខ្ញុំ​ជឿថា ការលេង​នៅ​ម៉ោង​៥​វា​ជា​ឱកាសល្អ​សម្រាប់​យើង នឹងធ្វើ​បានល្អ​។ ម្យ៉ាងវិញទៀត ខ្ញុំ​ជឿជាក់ថា ទីលាន​សិប្បនិម្មិត​ស្តា​ត​អូឡាំពិក​នេះ ជាទី​លាន​សំណាង​មួយ​សម្រាប់​ណាហ្គា ព្រោះ​ណាហ្គា​តែងតែ​លេង​បានល្អ​នៅលើ​ទីលាន​មួយ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​។ 


 
​មិន​ខុសពី​គ្រូបង្វឹក​នោះទេ កីឡាករ​កូនកាត់​ខ្មែរ​-​បារាំង គួច ដា​នី បានចាត់ទុក​ការប្រកួត​នៅ​ម៉ោង​៥​រសៀល ជា​ឱកាសល្អ​សម្រាប់​ក្រុម​ខ្លួន ក្នុង​ការយក​ប្រៀប​លើ​ក្រុម Hanoi FC ដែល​មិន​ធ្លាប់​ប្រកួត​ក្នុងពេល​វេលា​នេះ​។ ដា​នី រំពឹងថា ណាហ្គា​វើ​ល​នឹងធ្វើ​បានល្អ​ជាង​ជំនួប​ជើង​ទី​១ ខណៈ​កីឡាករ​ទាំងអស់​មានកា​រ​យល់ចិត្ត​កាន់​ល្អ​ជាង​មុន​។ 
 
«​សម្រាប់​ការប្រកួត​ថ្ងៃនេះ វា​ជាការ​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​ណាហ្គា ដោយសារ​យើង​លេង​នៅ​ម៉ោង​៥ ព្រោះ​យើង​ស៊ាំ​នឹង​ការហ្វឹកហាត់​នៅ​ម៉ោង​៣ ម៉ោង​ក្តៅ​។ ខ្ញុំ​ជឿជាក់ថា នៅ​តង់​ទី​១​ក្រុម​យើង​នឹងធ្វើ​បានល្អ ហើយ​តង់​ទី​២ ក៏​ធ្វើ​បានល្អ​ដូចគ្នា​ដោយសារ​យើង​ធ្លាប់​ប្រកួត​កាលពី​លើក​មុន​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ គួច ដា​នី​។ 
 
​ទន្ទឹមនឹងនេះ លោក Chu Din Nghiem គ្រូបង្វឹក​ក្រុម Hanoi FC បានចាត់ទុក​កត្តា​អាកាសធាតុ ទីលាន និង​ពេលវេលា​ប្រកួត​ជា​បញ្ហា​ប្រឈម ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ក្រុម​។ គ្រូបង្វឹក​រូបនេះ​មិន​រំពឹងថា ក្រុម​ខ្លួន​អា​ចរក​គ្រាប់​បាល់​បាន​ច្រើន​ដូច​ជើង​ទី​១​នោះទេ សម្រាប់​ជំនួប​ជើង​ទី​២​នេះ​។ 
 
«​សម្រាប់​ខ្ញុំ​មាន​កត្តា​ប្រឈម​ធំៗ​៣ គឺ​ទី​១ អាកាសធាតុ​ក្តៅ​ខុសពី​ហាណូយ​ដែលមាន​អាកាសធាតុ​ចន្លោះ​ពី​១៨​ទៅ​២០​អង្សារ ទី​២ ម៉ោង​ប្រកួត​នៅ​ហាណូយ​យើង​តែងតែ​លេង​នៅ​ម៉ោង​៧​ពី​យប់ តែ​យើង​ប្តូរ​មកលេង​នៅ​ម៉ោង​៥​សម្រាប់​ការប្រកួត​ថ្ងៃនេះ និង​ទី​៣ ក្រុម​តែងតែ​លេង​លើ​ស្មៅ​ធម្មជាតិ តែ​ថ្ងៃនេះ​យើង​ត្រូវ​លេង​លើ​ស្មៅ​សិប្បនិម្មិត ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ទម្រង់​លេង​របស់​ក្រុម​»​។ នេះ​ជាការ​លើកឡើង​របស់លោក Chu Din Nghiem​។ 
 
​គ្រូបង្វឹក​រូបនេះ​បានចាត់ទុក​ការរក​គ្រាប់​បាល់​យ៉ាងច្រើន​លើសលប់​នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​ខ្លួន វា​បាន​កើតឡើង​ពី​សំណាង​របស់​ក្រុម ដោយសារ​ណាហ្គា​វើ​ល​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការចាប់​ផ្តើមដំបូង​។ ទោះបី​ការចាប់ផ្តើម​កន្លងមក​របស់​ណាហ្គា​វើ​ល​មិន​ទទួលបាន​លទ្ធផល​ល្អ​ក៏ដោយ តែ​លោក​ទទួលស្គាល់ថា ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨​មួយ​នេះ ជា​ក្រុម​ដែល​ខ្លាំង​ក្នុង​ប្រកួត​ក្នុង​ទឹកដី​។ លើសពីនេះ ពួកគេ​មាន​កីឡាករ​ឆ្នើម​៣​រូប ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់ Hanoi រួមមាន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esoh Paul Omogba, ខ្សែបម្រើ Amir Gurbani និង​ខ្សែប្រយុទ្ធ Atuheire Kipson​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ AFC Cup 2019 នៅ​ម៉ោង​៥​រសៀល​ថ្ងៃទី​១ ខែឧសភា នា​ពហុ​កីឡដ្ឋាន​ជាតិ​នេះ លោក មាស ចាន់ណា បាន​អះអាងថា លោក​នឹង​ប្រើ​ប្រព័ន្ធ​ការពារ​ថ្មី ដើម្បី​ទប់ទល់​ពី​ការ​វាយបក​របស់​ក្រុម Hanoi FC​។ លោក​ជឿជាក់ថា ប្រព័ន្ធ​នេះ​បង្ក​ការលំបាក​ដល់​ក្រុម​ភ្ញៀវ​ក្នុងការ​សម្រេច​ទី​។  
 
​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា​៖«​ទាក់ទង​នឹង​គ្រូបង្វឹក បើ​ជើង​ទី​១​ចាញ់​ច្រើន ហើយ​ជើង​ទី​២​បន្ត​ចាញ់​ច្រើន​ទៀត បានន័យថា​គ្រូបង្វឹក​នឹង​កាន់តែ​អន់​។ រឿង​ទាត់​បាល់​ចូល​ច្រើន​ដូច​មុន គឺ​មិន​ឲ្យ​ដូច​មុន​នោះទេ យើង​នឹង​ព្យាយាម​ឲ្យ​តិច​បំផុត​។ ដោយសារ​យើង​រៀបចំ​ប្រព័ន្ធ​ការពារ​ថ្មី​មួយទៀត ខ្ញុំ​ជឿថា ពួកគេ​នឹង​ពិបាក​ចូលមក​កន្លែង​យើង​»​។​
 
​ក្រុម​ណាហ្គា​វើ​ល​ទាមទារ​យកឈ្នះ​ក្រុម Hanoi ដាច់ខាត​នៅថ្ងៃនេះ បើ​ពុំ​ដូច្នេះ​ទេ ពួកគេ​នឹង​អស់​ឱកាស​ប្រជែង​កៅអី​ឡើងទៅ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC Cup 2019 ទោះបី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ក៏ដោយ​។ បច្ចុប្បន្ន Hanoi ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៧​ពិន្ទុ ខណៈ​ណាហ្គា​វើ​ល​ស្ថិតនៅ​លេខ​រៀង​ទី​៣ មាន​៣​ពិន្ទុ​៕      

Tag:
 មាស ចាន់ណា​
  AFC Cup 2019
  ណាហ្គា​វើ​ល​
  Hanoi FC
© រក្សាសិទ្ធិដោយ thmeythmey.com