ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! អ្នកមាន​បញ្ហា​ថង់ទឹកប្រមាត់ កុំ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ទាំងនេះ​ច្រើនពេក​
02, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមាត់​គឺជា​សរីរាង្គ​តូច​មួយ ដែល​ស្ថិតនៅ​ខាងក្រោម​ថ្លើម​។ ប្រមាត់​មាន​តួនាទី​សំខាន់​ក្នុងការ​ស្តុក និង​បញ្ចេញ​ទឹកប្រមាត់ ចូលទៅក្នុង​ពោះវៀន​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ ។ ហើយ​ទឹកប្រមាត់​ជា​សារធាតុ​រាវ​ម្យ៉ាង​ដែល​ផលិត​ដោយ​ថ្លើម​។ ការយល់ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​គួរ និង​មិនគួរ​ទទួលទាន គឺ​សំខាន់​ណាស់ សម្រាប់​អ្នក​ដែល​កំពុង​ជួបប្រទះ​បញ្ហា​ថង់ទឹកប្រមាត់ ដូចជា​ជំងឺ​ក្រួសក្នុងប្រមាត់​ដើម្បី​ជៀសវាង ឬ​ទប់ស្កាត់​ផលវិបាក​ធ្ងន់ធ្ងរ​កើតឡើង​។ របប​អាហារ​ត្រឹមត្រូវ​ក៏​ចាំបាច់​ដូចគ្នា​សម្រាប់​អ្នក​ដែល​ចង់​រក្សាបាន​នូវ​សុខភាព​ថង់ទឹកប្រមាត់​ល្អប្រសើរ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ជៀសវាង ឬ​កុំ​ទទួល​ច្រើនពេក​ដើម្បី​បង្ការ​បញ្ហា​ថង់ទឹកប្រមាត់​កាត់​តែ​ធ្ងន់ធ្ងរ ៖

១. អាហារ​ដុត​
 
​អាហារ​ប្រភេទ​ដុត​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​អាចធ្វើ​ឲ្យ​ស្ថានភាព​នៃ​បញ្ហា​កាន់តែ​អាក្រក់​ឡើង​។ ប្រមាត់​ដែលមាន​បញ្ហា​មិនអាច​ដំណើរការ​រំលាយ ឬ​បំ​លែង​ជាតិ​ខ្លាញ់​បាន​ត្រឹមត្រូវ​ឡើយ ហើយ​វា​នឹង​បង្ក​ការឈឺចាប់ រួមជាមួយ​ភាពមិន​ស្រួល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នកមាន​បញ្ហា​ថង់ទឹកប្រមាត់ ដូចជា​ក្រួសក្នុងប្រមាត់ គួរ​ជៀសវាង​អាហារ​ដុត​គ្រប់​ប្រភេទ​តែម្ដង ឬ​ជ្រើស​​រើស​ទទួលទាន​អាហារ​ដុត​ណាមួយ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ទាប​។​
 
២. កាហ្វេ​
 
​ការ​ទទួលទាន​កាហ្វេ​ច្រើនពេក គឺជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ថង់ទឹកប្រមាត់​។ ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្រួសក្នុងប្រមាត់​មិនគួរ​ទទួលទាន​កាហ្វេ​ឡើយ​។​
 
៣. អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​
 
​ថង់ទឹកប្រមាត់​ទទួលខុសត្រូវ​ក្នុងការ​បញ្ចេញ និង​រក្សាទុក​ទឹកប្រមាត់​ដើម្បី​សម្រួល​ដល់​ដំណើរការ​រំលាយ​អាហារ​។ ហើយ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ថង់ទឹកប្រមាត់​នោះ ភាគច្រើន​ជួប​ការពិបាក​ក្នុងការ​បំបែក​រំលាយ​អាហារ ជាពិសេស​អាហារ​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់​។ ជា​លទ្ធផល​ពួកគេ​អាចនឹងទទួល​រង​ឈឺចាប់​រមួល​ក្នុង​ពោះ ឬ​ក្អួត​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​បញ្ហា​ទាក់ទង​នឹង​ថង់​ប្រមាត់ ចូរ​ជៀស​​វាង​ការ​ទទួលទាន​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ខ្ពស់ រួមបញ្ចូល​ទាំង​ការ៉េម​, ឈី​ស​, យ៉ា​អួរ និង​ខ្លាញ់​ទឹកដោះគោ​។​
 
៤. សាច់មាន​ជាតិ​ខ្លាញ់​ខ្ពស់​
 
​ប្រសិនបើ​អ្នក​កំពុង​ទទួលរង​ការឈឺចាប់ និង​អារម្មណ៍​មិន​ស្រួល​ដោយសារតែ​ឥទ្ធិពល​នៃ​បញ្ហា​ថង់ទឹកប្រមាត់ ដូចជា ជំងឺ​ក្រួសក្នុងប្រមាត់ នោះ​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរ​ជៀស​ឲ្យ​ផុតពី​សាច់ និង​អាហារ​ប្រភេទ​ណា​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់ ខណៈដែល​ប្រមាត់​ដែលមាន​បញ្ហា​មិនអាច​ដំណើរការ​រំលាយ ឬ​បំ​លែង​ជាតិ​ខ្លាញ់​បាន​ត្រឹមត្រូវ​ឡើយ​។​
 
៥. អាហារ​ចៀន​បំពង​គ្រប់​ប្រភេទ​
 
​អ្នកមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ថង់ទឹកប្រមាត់ គួរ​ជៀស​ឲ្យ​ផុតពី​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់ រួមបញ្ចូល​ទាំង​អាហារ​ចៀន ឬ​បំពង​។ នោះ​ក៏​ព្រោះតែ​ថង់ទឹកប្រមាត់​មាន​បញ្ហា​មិន​អាចមាន​សមត្ថភាព​ស​ម្រួ​ល​ដល់​ដំណើរការ​រំលាយ​ជាតិ​ខ្លាញ់​បាន​ត្រឹមត្រូវ​ដែល​អាច​បង្ក​ការឈឺចាប់ និង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​។​
 
៦. ស្ករ​
 
​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត និង​ស្ករ​ចម្រាញ់ គឺ​ផ្សារភ្ជាប់​ជាមួយ​ការកើនឡើង​នូវ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ទឹកប្រមាត់​ដែល​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រួស​ក្នុង​តម្រងនោម រួមទាំង​ជំងឺមហារីក​ថង់ទឹកប្រមាត់​គួរ​ឲ្យ​ព្រួយបារម្ភ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com