អន្តរជាតិ
អាមេរិក នៅតែគាំទ្រដំណើរប្រជាធិបតេយ្យនៅថៃ ទោះជាមានបញ្ហាចម្រូងចម្រាសក្រោយការបោះឆ្នោត រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកលោក David Hale ចាប់ដៃអនុរដ្ឋមន្រ្តីការបរទេសថៃ Virasakdi Futrakul ។ (រូបភាពពី Twitter ក្រសួងការបរទេសថៃ)
× សហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមេសា បានបង្ហាញការគាំទ្រការវិលត្រឡប់ទៅរកប្រជាធិបតេយ្យនៅថៃ។ ការបង្ហាញគាំទ្រនេះ ធ្វើឡើងអំឡុងពេលទស្សនកិច្ចរបស់លោក David Hale រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ។ បើតាមលោក Hale អាមេរិក មិនកាន់ជើងខាងណាឡើយជុំវិញការបោះឆ្នោតថ្ងៃទី២៤ ខែមីនា ខណៈបញ្ហាចម្រូងចម្រាសនៅមិនទាន់ដោះស្រាយចប់នៅឡើយ។
អំឡុងពេលទស្សនកិច្ចនៅទីក្រុងបាងកកដែលជាផ្នែកមួយនៃទស្សនកិច្ចបួនប្រទេសនៅអាស៊ី រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនយោបាយ David Hale បានកោតសរសើរដំណើទៅកាន់ការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិលឡើងវិញរបស់ថៃតាមរយៈការបោះឆ្នោតថ្ងៃទី២៤ ខែមីនា។ សម្រាប់លោក Hale ការបោះឆ្នោត និងការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយថៃលើការបោះឆ្នោត ជាការតាំងចិត្តល្អមួយសម្រាប់ដំណើរការប្រជាធិបតេយ្យ។
តាមពិតទៅ ស្ថានការណ៍ក្រោយការបោះឆ្នោតខែមីនា មានបញ្ហាជាច្រើនពិសេសការបែងចែកអាសនៈសភាចំនួន១៥០ និងបណ្ដឹងប្រឆាំងអ្នកនយោបាយជើងថ្មីតែម្ដង។ គណៈកម្មការរៀបចំការបោះឆ្នោតថៃ មិនទាន់មានរូបមន្តពិតប្រាកដណាមួយដើម្បីចែកអាសនៈនេះនៅឡើយទេ ខណៈអាសនៈសេសសល់ ជាកត្តាស្លាប់រស់ក្នុងការកំណត់ថា សម្ព័ន្ធភាពនយោបាយណាមួយ និយាយឲ្យចំសម្ព័ន្ធភាពដឹកនាំដោយបក្សភឿ ឬបក្សកម្លាំងប្រជារាស្ត្រដែលមានសំឡេងគ្រប់គ្រាន់ដើម្បីដឹកនាំប្រទេស។
បើតាមកាសែតបាងកកប៉ុស្តិ៍ លោក Hale អះអាងថា ទោះមានបញ្ហាក្រោយការបោះឆ្នោតនេះ អាមេរិកឈរនៅជាមួយថៃ។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះ បង្ហាញក្ដីរំពឺងថា ថៃនឹងមានដំណោះស្រាយយុត្តិធម៌ និងតម្លាភាពដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។ ប៉ុន្តែអាមេរិក មិនគាំទ្របក្សនយោបាយជាក់លាក់ណាមួយ ឬលទ្ធផលអ្វីឡើយ តែគាំទ្រដំណើរការប្រជាធិបតេយ្យ។
ការប្រកាសមិនគាំទ្របក្សណាមួយពីសំណាក់រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ធ្វើឡើងបន្ទាប់ពីមន្ត្រីស្ថានទូតអាមេរិកបានអមដំណើរលោក Thanathorn Juangroongruangkit ប្រធានបក្សអនាគតឈានមុខ ចូលបំភ្លឺនៅប៉ុស្តិ៍កាលពីខែមីនាកន្លងទៅ។ កាលនោះ រដ្ឋាភិបាលក្រុងបាងកក បង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងជុំវិញវត្តមានមន្ត្រីទូតបរទេសបែបនោះ និងចាត់ទុកជាការបំពានកិច្ចការផ្ទៃក្នុងថៃទៀតផង។
បច្ចុប្បន្ន បក្សអនាគតឈានមុខរបស់លោក Thanathorn ទទួលបានអាសនៈលំដាប់ទីបីបន្ទាប់បក្សភឿថៃស្និទ្ធអតីតនាយករដ្ឋមន្ត្រីត្រកូល ស៊ីណាវ៉ាត់ និងបក្សកម្លាំងប្រជារាស្ត្រដែលគាំទ្រលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ឲ្យបន្តតំណែងទៀត។ ការលេចមុខឆាប់រហ័សបែបនេះ ធ្វើឲ្យពួកកាន់អំណាចនៅថៃមិនសប្បាយចិត្ត ហើយក៏ដាក់ពាក្យប្ដឹងតែម្ដង៕
Tag:
អាមេរិក
ថៃ
David Hale
© រក្សាសិទ្ធិដោយ thmeythmey.com