លោកស្រី អ៊ុងសាន​ ស៊ូ​ជី ចាប់អារម្មណ៍​ចម្លាក់​រឿង​មហាភារតយុទ្ធ​នៅលើ​ប្រាសាទអង្គរវត្ត
ជាតិ
លោកស្រី អ៊ុងសាន​ ស៊ូ​ជី ចាប់អារម្មណ៍​ចម្លាក់​រឿង​មហាភារតយុទ្ធ​នៅលើ​ប្រាសាទអង្គរវត្ត
01, May 2019 , 3:11 pm        
រូបភាព
​សៀមរាប​៖ ដូច​ការគ្រោងទុក ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុងសាន ស៊ូ​ជី បាន​ទស្សនកិច្ច​ប្រាសាទអង្គរវត្ត និង​ប្រាសាទបាយ័ន លើ​ទឹកដី​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១ ឧសភា នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

 
​តាមរយៈ​ការ​ទស្សនា​ប្រាសាទបុរាណ​កម្ពុជា​នេះ លោកស្រី ស៊ូ​ជី បាន​កោតសរសើរ​ចម្លាក់​បុរាណ និង​ចាប់អារម្មណ៍​លើ​រឿង​មហាភារតយុទ្ធ នៅលើ​ផ្ទាំង​ជញ្ជាំង​ប្រាសាទ​អង្គរ​។ មូល​ហេតុដែល​លោកស្រី ស៊ូ​ជី ចាប់អារម្មណ៍​រឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ ដោយសារតែ​លោកស្រី ក៏​ជា​អ្នក​ធ្លាប់បាន​អាន និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​រឿងនេះ​ដែរ​។ នេះ​បើតាម​លោក អ៊ឹម សុខ​រិទ្ធី អ្នក​បុរាណ​វិទូ និង​ជា​អ្នកស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្រោយ​អមដំណើរ​បកប្រែ​ឲ្យ​លោកស្រី ស៊ូ​ជី ។​


បន្ទាប់ពី​ទស្សនា​ប្រាសាទអង្គរវត្ត ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​រូបនេះ ក៏បាន​ទស្សនា​ប្រាសាទបាយ័ន​ផងដែរ ដោយមាន​ការ​អមដំណើរ​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួមទាំង​ប្រតិភូ​ពី​ក្រសួង​កិច្ចការនារី អភិបាលខេត្ត​សៀមរាប និង​ខាង​អាជ្ញាធរ​ជាតិ​អប្សរា​ទៀតផង​។​
 


​គួរបញ្ជាក់​បន្តិច​ថា រឿង​មហាភារតយុទ្ធ គឺជា​រឿង​ចម្បាំង​ដ៏​ធំ​មួយ ប្រហែល​រឿង​រាមកេរ្តិ៍ ដែលជា​រឿងបុរាណ​កើតឡើង​ក្នុងប្រទេស​ឥណ្ឌា​។ រឿង​មហា​ភារត​នេះ កើតឡើង​មុន​រឿង​រាមកេរ្តិ៍​ទៅទៀត ហើយ​ប្រជាជន​ឥណ្ឌា​ចូលចិត្ត​ចែករំលែក​រឿងនេះ ជាង​រឿង​រាមកេរ្តិ៍​។ តែ​រឿងនេះ បាន​កំបាំង​បាត់​ទៅជា​យូរហើយ​នៅ​កម្ពុជា ហើយ​អ្នកស្រាវជ្រាវ​សិក្សា​មួយចំនួន សម័យនេះ​មិនសូវ​ចាប់អារម្មណ៍​លើ​រឿងនេះ​ប៉ុន្មាន​ទេ​។ តែ​រឿងនេះ ត្រូវបាន​បុព្វបុរស​ខ្មែរ ឆ្លាក់​រូបភាព​ចម្បាំង នៅលើ​ផ្ទាំង​ប្រាសាទអង្គរវត្ត នៅ​ព្រះ​របៀង​ទី​១ ដាន​ខាងលិច​ភាគខាងត្បូង​៕  



























Tag:
 ហ៊ុន សែន​
  អង់​សាន ស៊ូ​ជី​
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com