កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ថា​ប្រើ​យុទ្ធសាស្ត្រ​ខុស​ទើប​ចាញ់ Ajax តែ​ជឿ​លើ Son នឹង​ជួយ Spurs ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
01, May 2019 , 4:24 pm        
រូបភាព
​លោក Mauricio Pochettino សារភាពថា​លោក​បាន​ប្រើ​យុទ្ធសាស្ត្រ​ខុស​ទើប​ធ្វើ​ឲ្យ Tottenham Hotspur បរាជ័យ​ក្រោម​ថ្វី​ជើង Ajax ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ១-០ ក្នុង​ក្របខណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ Pochettino នៅតែ​ជឿជាក់ថា Son Heung-min នឹង​ជួយ Spurs ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​បាន​។​

 
​ក្រុម​របស់លោក Pochettino បានចាប់ផ្តើម​ការប្រកួត​ជើង​ទី​១ នៅ​កីឡដ្ឋាន Tottenham Hotspur ដោយ​ទទួលបាន​ត្រឹម​ការខកចិត្ត​បន្ទាប់ពី​ខ្សែបម្រើ Donny van de Beek រក​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់ Ajax នៅត្រឹម​១៥​នាទី​ដំបូង​នៃ​វគ្គ​ទី​១​។​
 
​ក្រុម​ពី​ហូ​ឡង់​ដែល​ដឹកនាំ​ដោយ​លោក Erik Ten Hag បាន​គ្រប់គ្រង​ការប្រកួត​ទាំងមូល​នៅ​តង់​ទី​១ រហូតដល់​លោក Pochettino សម្រេច​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង​វិញ​ដោយ​ផ្លាស់​ពី ៣-៥-២ ទៅ​ប្រព័ន្ធ ៤-៤-២​។ ការប្តូរ​ទម្រង់​លេង​នេះ ធ្វើឡើង​ក្រោយ​ខ្សែការពារ Jan Vertonghen មាន​របួស​ហើយ​ត្រូវ​ជំនួស Moussa Sissoko និង​ទម្លាក់​ខ្សែការពារ​ស្លាប​ពីររូប Kieran Trippier និង Danny Rose ទៅខាង​ក្រោម​វិញ​។​


 
Pochettino ពិតជា​ទទួលស្គាល់​កំហុស​របស់ខ្លួន​សម្រាប់​ប្រព័ន្ធ​លេង​ទល់នឹង Ajax ខណៈដែល​អ្នកចាត់ការ Spurs រូបនេះ​ក៏​មិន​ពេញ​ចិត្តនឹង​ទម្រង់​លេង​បែប​ស្ពឹក​ស្រពន់​របស់​កីឡាករ​លោក​ផងដែរ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែល​នាំ​ក្រុម​មាន់​ខ្នាយ​មាស​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​លើកដំបូង​ក្នុង​រយៈពេល​៥៧​ឆ្នាំ ប្រាប់ BT Sport ថា ៖«​សម្រាប់​ការប្រកួត​នេះ​ពិតណាស់​ខ្ញុំ​ទទួលស្គាល់ថា​យើង​ពិត​បាន​ប្រើ​យុទ្ធសាស្ត្រ​ខុស ក៏ប៉ុន្តែ​យើង​មិនមាន​ជម្រើស​ច្រើន​នោះទេ​។ ខ្ញុំ​មិន​សប្បាយចិត្ត​ទេ ដែល​កីឡាករ​របស់​យើង​មើលទៅ​ដូចជា​មិនមាន​កំលាំង​ពេញលេញ និង​ធ្វេសប្រហែស​ដែល​នាំ​ឲ្យ​ការប្រកួត​របស់​យើង​លំបាក​។ តែ​ក្នុងនាម​ជា​អ្នកចាត់ការ​ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ​បរាជ័យ​ទាំងអស់​»​។​
 
​ក្នុងជំនួប​ជើង​ទី​១​នេះ Spurs មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​ឆ្នើម​ពីររូប Harry Kane (​របួស​) និង Son Heung-min (​ពិន័យ​)​ឡើយ​។ ប៉ុន្តែ​សម្រាប់​ជំនួប​ជើង​ទី​២ នៅ​ទឹកដី Ajax ខណៈដែល Son អាច​ចូល​លេង​វិញ​បាន​នោះ លោក Pochettino សង្ឃឹមថា​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង​រូបនេះ​នឹង​ជួយ​ក្រុម​បន្តទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​មិន​ខាន​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com