អន្តរជាតិ
លោក ស៊ី ជិនភីង ប្រាប់យុវជនចិនឲ្យស្រឡាញ់បក្សកុម្មុយនីស្ត ប្រភពរូបភាព៖ CNN
× ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ទទូចយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិឲ្យមានភាពស្មោះត្រង់ចំពោះគណបក្សកុម្មុយនីស្ត។ ទន្ទឹមនឹងគ្នានេះ មេដឹកនាំចិនរូបនេះ ក៏ប្រាប់បក្ស និងរដ្ឋាភិបាលឲ្យបើកចិត្តស្តាប់គំនិត និងយោបល់ពីយុវជនផងដែរ។
ការលើកឡើងរបស់មេដឹកនាំចិន ស៊ី ជិនភីង ធ្វើឡើងនៅមហាវិមានប្រជាជនចិនកាលពីថ្ងៃទី ៣០ ខែមេសាដើម្បីរំឭកដល់ចលនាបួនឧសភា។ ចលនាជាប្រវត្តិសាស្ត្រនេះ គឺជាបាតុកម្មដ៏ធំមួយប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ដែលបានកើតឡើងកាលពីឆ្នាំ១៩១៩។
ថ្លែងនៅចំពោះមុខក្រុមយុវជន ពលករ យោធា និងមន្ត្រីបក្ស ប្រមុខរដ្ឋចិនលោក ស៊ី ជិនភីង លើកឡើងថា៖«វាជារឿងគួរឲ្យខ្មាសអៀនបំផុត ប្រសិនបើបុគ្គលនោះមិនមែនជាអ្នកស្នេហាជាតិ ឬសូម្បីតែឆបោក ឬក្បត់មាតុភូមិខ្លួនឯង»។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក បន្តថា មនុស្សបែបនេះ គ្មានទីតាំងឈរជើងក្នុងប្រទេសចិនឡើយ។
មេដឹកនាំដ៏មានឥទ្ធិពលផុតលេខរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ក្នុងប្រទេសចិនសព្វថ្ងៃ ធាតុផ្សំនៃស្នេហាជាតិនិយម គឺបូកបញ្ចូលរវាងក្តីស្រលាញ់របស់ពលរដ្ឋម្នាក់ៗសម្រាប់ប្រទេសជាតិ ជាមួយនឹងក្តីស្រលាញ់សម្រាប់គណបក្ស និងលទ្ធិសង្គមនិយម។ លោកថា៖«យុវជនចិនក្នុងសករាជថ្មី គួរស្តាប់តាមពាក្យរបស់បក្ស និងដើរតាមគន្លងរបស់បក្សផងដែរ»។
លោក ស៊ី ជិនភីង ក៏បានប្រាប់ទៅកាន់បក្ស និងរដ្ឋាភិបាលលោកឲ្យបើកចិត្តស្តាប់យោបល់ និងគំនិត ដែលយុវជនលើកឡើង។ លើសពីនេះ មេដឹកនាំចិនវ័យ៦៥ឆ្នាំរូបនេះ លើកឡើងពីតម្រូវការចម្បង៦ចំណុចដែលយុវជនគួរអនុវត្ត។ ចំណុចទាំង៦នោះគឺមានដូចជា បង្កើតមហិច្ឆតាដ៏ធំសម្រាប់ខ្លួន មានក្តីស្រលាញ់ចំពោះមាតុប្រទេស ទទួលខុសត្រូវចំពោះសកម្មភាពខ្លួន មានព្រលឹងប្រឹងប្រែងតស៊ូ រៀនសូត្រនិងពង្រឹងសមត្ថភាពបន្ថែម និងពង្រឹងចរិយាធម៌។
សូមបញ្ជាក់ថា បាតុកម្មថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ ជាចលនាជាតិនិយមមួយ ដែលបានចាប់ផ្តើមឡើង ដោយនិស្សិតសកលវិទ្យាល័យប៉េកាំងប្រមាណ ៣ពាន់នាក់។ កាលនោះពួកគេបានដើរជាក្បួនឆ្ពោះទៅកាន់ទីលាន Tiananmen ដោយខឹងសម្បារនឹងការចាត់ចែងកិច្ចការជាតិពីសំណាក់អាល្លឺម៉ង់ និងជប៉ុននៅចុងបញ្ចប់សង្គ្រាមលោកលើកទីមួយ។ បាតុកម្មនេះ បានរីកសុះសាយកាន់តែធំ ដោយក្លាយទៅជាការដាស់តឿនស្មារតីប្រជាជនខាងផ្នែកនយោបាយនិងវប្បធម៌ និងចុងក្រោយជួយជ្រោមជ្រែងចិនក្នុងការធ្វើទំនើបកម្មមកដល់សព្វថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com