ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកស្រី អ៊ុង​សាន ស៊ូ​ជី ចង់ឱ្យ​ទីក្រុង​បុរាណ​បា​ហ្គា​ន់​មាន​ទំនាក់ទំនង​ទេសចរណ៍ ជាមួយ​ក្រុង​សៀមរាប​
01, May 2019 , 8:39 pm        
រូបភាព
​សៀមរាប​៖ លោកស្រី អ៊ុង​សាន ស៊ូ​ជី បានមក​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា ពីថ្ងៃ​ទី​២៩ មេសា និង​បានបញ្ចប់​ដំណើរ​របស់លោក​ស្រី​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១ ឧសភា​។ ក្នុង​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប លោកស្រី​បាន​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត មុននឹង​បន្តទៅ​ទស្សនា​ប្រាសាទបាយ័ន និង​ទី​សក្ការបូជា​ព្រះអង្គ​ងោក​។ មគ្គុទ្ទេសក៍​ដែល​អមដំណើរ​ទស្សនកិច្ច លោក អ៊ឹម សុខ​រិទ្ធី បាន​ស្រង់​សំដី​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដោយ​បញ្ជាក់ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មានបំណង​ភ្ជាប់​ទំនាក់ទំនង​រមណីយ​ដ្ឋា​នទី​ក្រុង​បុរាណ បា​ហ្គា​ន់ (Bagan) របស់​មី​យ៉ាន់​ម៉ា ដែល​ទើប​ចូល​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក ជាមួយ​ទីក្រុង​ទេសចរណ៍​សៀមរាប ដើម្បី​បង្កើន​សក្កា​នុព​ល ក៏ដូចជា​ការអភិវឌ្ឍ​ខ្សែ      ទស្សនា​លើ​វិស័យ​ទេសចរណ៍​រវាង​គ្នា​នឹង​គ្នា​។​


​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អ៊ឹម សុខ​រិទ្ធី មគ្គុទ្ទេសក៍​ផ្លូវការ​សម្រាប់​ទស្សនកិច្ច​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដូចតទៅ​៖



 
​ដូច​ទៅនឹង​ថ្នាក់ដឹកនាំ​កំពូលៗ​ដទៃទៀត​ដែរ ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ចាប់អារម្មណ៍​ជាទូទៅ​នូវ​សំណង់​ប្រាសាទបុរាណ​ខ្មែរ ការកសាង សាសនា​។​ល​។ តាម​លោក អ៊ឹម សុខ​រិទ្ធី លោកស្រី អ៊ុង​សាន ស៊ូ​ជី ចាប់អារម្មណ៍​ជាពិសេស​ចំពោះ​ចម្លាក់​រឿង មហា​ភារត នៅ​ថែវ​ខាងត្បូង​អង្គរវត្ត ដែល​កន្លងមក​មិនសូវមាន​អ្នក​ចាប់អារម្មណ៍ និង​យល់ដឹង​ច្រើន​។ មហា​ភារត ជា​រឿង​ព្រហ្មញ្ញសាសនា ទាក់ទង​នឹង​កំណកំណើត​នៃ​ប្រទេស​ឥណ្ឌា​។ លោក អ៊ឹម សុខ​រិទ្ធី លើកឡើងថា ដ្បិត​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ក៏ពិតមែន តែ​លោកស្រី​យល់ដឹង​ច្រើន​ពី​រឿង​ព្រហ្មញ្ញសាសនា ពិសេស​ដឹង​សាច់រឿង​ច្រើន​ពី​រឿង​មហា​ភារត​នេះ​។​


 
​នៅ​ប្រាសាទបាយ័ន​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ចំណាយពេល​ខ្លី ដោយ​ទស្សនា​នៅ​ផ្នែក​ខាងក្រៅ បន្ទាប់ពី​ទៅ​គោរពបូជា​នៅ​ព្រះវិហារ​ព្រះអង្គ​ងោក​។ នៅ​ទីនោះ មគ្គុទ្ទេសក៍​បានបង្ហាញ​នូវ​សិលា​ចា​រឹត​ភាសា​ភូមា​ចំនួន​២​ផ្ទាំង​នៅលើ​សន្លឹក​សីមា​ក្រោយ​ព្រះអង្គ​ងោក ដែល​តាម​ខ្លឹមសារ​បង្ហាញថា នៅ​ជំនាន់​នោះ​ភូមា​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​៕







Tag:
 ​អង្គរ​
 ​ទេសចរណ៍​
 ​អ៊ុង​សាន ស៊ូ​ជី​
 ​មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com