អន្តរជាតិ
មកស្គាល់សមាជិករាជវង្សជប៉ុនដែលមានសិទ្ធិស្នងរាជ្យបន្តពីអធិរាជ ណារ៉ូហ៊ីតុ ឆ្វេងទៅស្ដាំ៖ ព្រះអង្គម្ចាស់ អាគីស៊ីណុ, ព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ និងព្រះអង្គម្ចាស់ ហ៊ីតាឈី
× រជ្ជទាយាទ ណារ៉ូហ៊ីតុ នៅថ្ងៃទី១ ខែឧសភា បានឡើងគ្រងរាជ្យជាអធិរាជជប៉ុនហើយ ដោយស្នងតំណែងបន្តពីបិតាអធិរាជ អាគីហ៊ីតុ ដែលដាក់រាជ្យផ្លូវការនៅថ្ងៃទី៣០ ខែមេសា។ ឥឡូវនេះ យើងងាកមកនិយាយរឿងរជ្ជទាយាទថ្មីវិញដែលអាចក្លាយជាអធិរាជនៅថ្ងៃខាងមុខ។ បើគិតតាមច្បាប់ជប៉ុន រាជវង្សានុវង្សដែលអាចឡើងគ្រងរាជ្យសម្បត្តិបាន មានតែបីអង្គប៉ុណ្ណោះ ហើយមួយអង្គមានព្រះជន្ម៨៣វស្សាទៅហើយ។
បើតាមច្បាប់ស្ដីពីរាជវង្សជប៉ុនឆ្នាំ១៨៨៩ មានតែសមាជិករាជវង្សជាបុរសប៉ុណ្ណោះ ទើបមានសិទ្ធិស្នងរាជ្យបាន។ ដោយសារច្បាប់នេះ ព្រះនាង អៃកុ បុត្រីទោលរបស់អធិរាជថ្មី មិនអាចគ្រងរាជ្យបន្តពីបិតារបស់ទ្រង់ឡើយ។
ដូចនេះ រជ្ជទាយាទលំដាប់ទីមួយដែលអាចឡើងប្រថាប់បល្ល័ង្ក Chrysanthemum គឺព្រះអង្គម្ចាស់ អាគីស៊ីណុ ព្រះអនុជផ្ទាល់របស់អធិរាជ ណារ៉ូហ៊ីតុ ។ ព្រះអង្គម្ចាស់ អាគីស៊ីណុ មានព្រះជន្ម៥៣វស្សា និងជាបុត្រាទីពីររបស់អតីតអធិរាជ អាគីហ៊ីតុ ។
រជ្ជទាយាទលំដាប់ទីពីរ គឺព្រះអង្គម្ចាស់តូចព្រះជន្ម១២វស្សា ហ៊ីសាហ៊ីតុ ដែលជាបុត្រាពៅនៃព្រះអង្គម្ចាស់ អាគីស៊ីណុ ។ ការប្រសូតរបស់ព្រះអង្គម្ចាស់អង្គនេះ បានបិទបញ្ចប់ការជជែកគម្រោងកែច្បាប់ស្ដីពីរាជវង្ស ខណៈដែលសមាជិករាជវង្សជប៉ុនភាគច្រើនជាស្ត្រី ហើយគ្មានសិទ្ធិគ្រងរាជ្យទៅទៀតនោះ។ សមាជិករាជវង្សមួយអង្គទៀតដែលមានសិទ្ធិក្លាយជាអធិរាជដែរនោះ គឺព្រះអង្គម្ចាស់ ហ៊ីតាឈី ព្រះជន្ម៨៣វស្សា និងអនុជរបស់អតីតអធិរាជ អាគីហ៊ីតុ ។
ព្រោះតែសមាជិករាជវង្សអាចបន្តរាជ្យមានតិចអង្គបែបនេះ ការពិភាក្សាជុំវិញការកែប្រែច្បាប់ ក៏លេចឡើងម្ដងទៀត។ ព្រះអង្គម្ចាស់ ហ៊ីតាឈី នឹងមិនមានព្រះជន្មរហូតដល់ពេលរើសអធិរាជថ្មីឡើយ។ ព្រះអង្គម្ចាស់ អាគីស៊ីណុ វិញ មានព្រះជន្មតិចជាងព្រះរាមតែ៦វស្សាប៉ុណ្ណោះ។ ក្នុងករណី អធិរាជ ណារ៉ូហ៊ីតុ មានព្រះជន្មជរានោះ អនុជទ្រង់ក៏ស្ថិតក្នុងស្ថានភាពដូចគ្នាដែរ។ ដូចនេះ បន្ទុកនឹងធ្លាក់ធ្ងន់លើព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ មួយអង្គឯង។
តាមពិតទៅ រដ្ឋាភិបាលជប៉ុន ប្រុងកែប្រែច្បាប់ស្ដីពីរាជវង្សអធិរាជនេះម្ដងហើយកាលពីឆ្នាំ២០០៦ ប៉ុន្តែក៏អាក់ខានវិញដោយសារការប្រសូតរបស់ព្រះអង្គម្ចាស់ ហ៊ីសាហ៊ីតុ ។ គម្រោងកែប្រែច្បាប់សំខាន់នេះ តែងរងការប្រឆាំងពីសំណាក់ក្រុមអភិរក្ស ដែលចាត់ទុកការអនុញ្ញាតឲ្យសមាជិករាជវង្សជាបុរសគ្រងរាជ្យ ជាមូលដ្ឋានគ្រឹះប្រពៃណីជប៉ុន។ ប៉ុន្តែគំនិតបែបនេះ រងប្រតិកម្មវិញ ព្រោះក្លាយជាការគំរាមកំហែងដល់ស្ថិរភាពរាជវង្សជប៉ុន៕
Tag:
ជប៉ុន
ណារ៉ូហ៊ីតុ
អាគីស៊ីណុ
ហ៊ីសាហ៊ីតុ
ហ៊ីតាឈី
© រក្សាសិទ្ធិដោយ thmeythmey.com