កំពង់ផែ​ព្រះសីហនុ រក​ចំណូល ៧២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
ជាតិ
សេដ្ឋកិច្ច
កំពង់ផែ​ព្រះសីហនុ រក​ចំណូល ៧២​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨
01, May 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ សកម្មភាព​ចរាចរ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ទទួលបាន​កំណើន​ខ្ពស់ ក្នុង​ឆ្នាំ​២០១៨​កន្លង ក្នុង​អត្រា ២២​ភាគរយ​។ ឆ្នាំមុន​នេះដែរ កំពង់ផែ​នេះ​ទទួលបាន​ចំណូល ៧២​លាន​ដុល្លារ​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​កម្មករនិយោជិត​កំពង់ផែ​ព្រះសីហនុ នៅ​ថ្ងៃទី​១​ខែឧសភា​។


 
​លោក ស៊ុន ចាន់ថុល អះអាងថា កំពង់ផែ​ព្រះសីហនុ​នឹង​កាន់​តែមាន​សកម្មភាព​ចរាចរ​ទំនិញ​ឆ្លងកាត់​ខ្លាំងក្លា និង​ទាមទារ​ការអភិវឌ្ឍ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ផ្អែកលើ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​កំណើន​បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​រំពឹងថា​បរិមាណ​កុងតឺន័រ​ដែល​ឆ្លងកាត់​កំពង់ផែ​នឹង​កើន​លើស ៧០​ម៉ឺន​TEUs នៅ​ឆ្នាំ​២០២០ និង​លើស ១​លាន​TEUs​នៅ​ឆ្នាំ​២០២៣ ដែល​នាំ​ឲ្យ​តម្រូវ​ការអភិវឌ្ឍ និង​សាងសង់​កំពង់ផែ ត្រូវ​សម្រេច​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​បញ្ចុះតម្លៃ​លើកដាក់​ទំនិញ តម្លៃ​សេវា​ភស្ដុភារ ពង្រឹង​នូវ​ប្រសិទ្ធភាព​ប្រតិបត្តិការ​កំពង់ផែ ដើម្បី​ពង្រឹង​ប្រកួតប្រជែង​»​។​
 
​គួរ​បញ្ជាក់ថា ការបញ្ចុះ​កម្រៃ​នៅ​កំពង់ផែ ក៏​ស្ថិតក្នុង​វិធាន​នានា​នៃ​ការបញ្ចុះ​ថ្លៃដើម ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​វិស័យ​ឯកជន​ផងដែរ​។ កន្លងមកនេះ​កំពង់ផែ​បាន​បញ្ចុះ​កម្រៃ​ស្កេ​ន​ទំនិញ​កុង​តឺ​ន័​រ ហើយ​ថ្មីៗ​នេះ​បាន​បញ្ចុះ​ថ្លៃ​លើក​ដាក់កុង​តឺ​ន័​រ​នៅ​ទីលាន (Lo-Lo Charge) ចំនួន​១០​ភាគរយ បញ្ចុះ Bonus ពី ៧,៥​ដុល្លារ មក​នៅត្រឹម ៥​ដុល្លារ​ក្នុង​មួយ Box និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​ផ្លាស់​ទី​នាវា (Shifting)​។ បើតាម​លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ចូលរួម​ជា​អ​ធិប​តី​ក្នុង​ពិនេះ​ធី​ ការបញ្ចុះ​កម្រៃ​របស់​កំពង់ផែ​ព្រះសីហនុ​នាពេល​ថ្មីៗ​នេះ ធ្វើ​ឲ្យ​កំពង់ផែ​នេះ​ បាត់​ចំណូល​ប្រមាណ​២​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​
 
​គម្រោង​ពង្រីក​សមត្ថភាព​កំពង់ផែ​សមុទ្រ​ធំ​បំផុត​របស់​កម្ពុ​ជាមួយ​នេះ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់​។ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ ចំណត​ផែ​ពហុ​បំណង​តម្លៃ​៧៤​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ឲ្យ​ប្រើប្រាស់​។ ជាមួយគ្នានេះ ចំណត​ផែ​ទឹក​ជ្រៅ ១៤,៥​ម៉ែត្រ គ្រោង​នឹង​សាងសង់​ក្នុង​ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ឬ​ដើមឆ្នាំ​២០២៣ ក្រោម​ប្រាក់កម្ចី ២០៣​លាន​ដុល្លារ ​ពី​រដ្ឋាភិបាល​ជប៉ុន​។ ផែ​ទឹក​ជ្រៅ​នេះ​ នឹង​ធានា​ការចូល​ចត​នាវា​កុង​តឹ​ន័​រ​ខ្នាត​ធំ​ ដល់​ទៅ​៩៣​ភាគរយ ​នៃ​នាវា​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​៕
 

Tag:
 កំពង់ផែ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com