ជាតិ
សេដ្ឋកិច្ច
កំពង់ផែព្រះសីហនុ រកចំណូល ៧២លានដុល្លារនៅឆ្នាំ២០១៨
× ភ្នំពេញ៖ សកម្មភាពចរាចរទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ទទួលបានកំណើនខ្ពស់ ក្នុងឆ្នាំ២០១៨កន្លង ក្នុងអត្រា ២២ភាគរយ។ ឆ្នាំមុននេះដែរ កំពង់ផែនេះទទួលបានចំណូល ៧២លានដុល្លារ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងក្នុងពិធីជួបសំណេះសំណាលកម្មករនិយោជិតកំពង់ផែព្រះសីហនុ នៅថ្ងៃទី១ខែឧសភា។
លោក ស៊ុន ចាន់ថុល អះអាងថា កំពង់ផែព្រះសីហនុនឹងកាន់តែមានសកម្មភាពចរាចរទំនិញឆ្លងកាត់ខ្លាំងក្លា និងទាមទារការអភិវឌ្ឍ និងពង្រឹងភាពប្រកួតប្រជែង។ លោកថ្លែងដូច្នេះថា៖«ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានរំពឹងថាបរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០ម៉ឺនTEUs នៅឆ្នាំ២០២០ និងលើស ១លានTEUsនៅឆ្នាំ២០២៣ ដែលនាំឲ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឲ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ តម្លៃសេវាភស្ដុភារ ពង្រឹងនូវប្រសិទ្ធភាពប្រតិបត្តិការកំពង់ផែ ដើម្បីពង្រឹងប្រកួតប្រជែង»។
គួរបញ្ជាក់ថា ការបញ្ចុះកម្រៃនៅកំពង់ផែ ក៏ស្ថិតក្នុងវិធាននានានៃការបញ្ចុះថ្លៃដើម ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់វិស័យឯកជនផងដែរ។ កន្លងមកនេះកំពង់ផែបានបញ្ចុះកម្រៃស្កេនទំនិញកុងតឺន័រ ហើយថ្មីៗនេះបានបញ្ចុះថ្លៃលើកដាក់កុងតឺន័រនៅទីលាន (Lo-Lo Charge) ចំនួន១០ភាគរយ បញ្ចុះ Bonus ពី ៧,៥ដុល្លារ មកនៅត្រឹម ៥ដុល្លារក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលផ្លាស់ទីនាវា (Shifting)។ បើតាមលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចូលរួមជាអធិបតីក្នុងពិនេះធី ការបញ្ចុះកម្រៃរបស់កំពង់ផែព្រះសីហនុនាពេលថ្មីៗនេះ ធ្វើឲ្យកំពង់ផែនេះ បាត់ចំណូលប្រមាណ២លានដុល្លារក្នុងមួយឆ្នាំ។
គម្រោងពង្រីកសមត្ថភាពកំពង់ផែសមុទ្រធំបំផុតរបស់កម្ពុជាមួយនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ កាលពីពាក់កណ្ដាលឆ្នាំ២០១៨ ចំណតផែពហុបំណងតម្លៃ៧៤លានដុល្លារ ត្រូវបានសម្ពោធឲ្យប្រើប្រាស់។ ជាមួយគ្នានេះ ចំណតផែទឹកជ្រៅ ១៤,៥ម៉ែត្រ គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០១៩ និងបញ្ចប់នៅឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ក្រោមប្រាក់កម្ចី ២០៣លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន។ ផែទឹកជ្រៅនេះ នឹងធានាការចូលចតនាវាកុងតឹន័រខ្នាតធំ ដល់ទៅ៩៣ភាគរយ នៃនាវាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៕
© រក្សាសិទ្ធិដោយ thmeythmey.com