ក្លិបបាល់ទាត់វិសាខាសមាជិកលីគកំពូលកម្ពុជាបានបង្កើតពានរង្វាន់ជី ផាកយុវជនអាយុក្រោម១៥ឆ្នាំលើកដំបូង ដោយមានក្រុមមកពីតាមបណ្តាខេត្តចំនួន១០ចូលរួម។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ឱកាសឲ្យយុវជនដែលចង់ក្លាយជាកីឡាករអាជីពបានបង្ហាញសមត្ថភាព ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាពរវាងថ្នាក់ដឹកនាំ គ្រូបង្វឹកនិងកីឡាករនៅតាមបណ្តាខេត្ត។ លើសពីនេះ កីឡាករមានសមត្ថភាព អាចនឹងក្លាយជាយុវជនថ្នាលរបស់ក្លិបវិសាខាទៀតផង។
ក្រោយបង្កើតក្រុមយុវជនអាយុក្រោម១៧ឆ្នាំបានមួយក្រុមកាលពីអំឡុងឆ្នាំ២០១៨ ក្លិបបាល់ទាត់វិសាខាគ្រោងបង្កើតក្រុមយុវជនអាយុក្រោម១៥ឆ្នាំមួយក្រុមទៀត នាពេលឆាប់ៗខាងមុខនេះ។ គម្រោងបង្កើតក្រុម U15 នេះត្រូវលោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបបាល់វិសាខាលើកឡើងក្នុងសន្និសីទសារព័ត៌មានត្រៀមបើកការប្រកួតពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
ជាមួយការបង្កើតពានយុវជន U15 លើកដំបូងនេះ លោក ហុក សុចិត្រា ហាក់មានជំនឿចិត្តថា វិសាខានឹងអាចទទួលបានក្រុមយុវជន U15 មួយក្រុម ដែលពោរពេញដោយកីឡាករមានសមត្ថភាពនិងទេពកោសល្យ។ ហើយ លោក រំពឹងថា វិសាខានឹងក្លាយជាចំណែកមួយក្នុងការផ្តល់ឱកាសដល់យុវជនបានចូលរួមជាមួយក្លិបអាជីព ដើម្បីសម្រេចគោលបំណងពួកគេដែលចង់ក្លាយជាកីឡាករអាជីពនាពេលអនាគត។
«ដូចខ្ញុំធ្លាប់ធ្វើបទសម្ភាសនៅដើមរដូវកាល វិសាខានឹងបង្កើតក្រុមយុវជន U15 ១ក្រុមទៀត បន្ទាប់ពីដំណើរការ U17 ជាប់លាប់សិន។ ដូច្នេះការប្រកួតនេះវាជាឱកាសមួយដែរសម្រាប់យើងក្នុងការសម្លឹងមើលកីឡាករយុវជន ហើយយើងសង្ឃឹមថា វិសាខានឹងអាចជ្រើសរើសបានកីឡាករយុវជន U15 មួយក្រុមពីការប្រកួតនេះ។ លើសពីនេះ យើងរំពឹងថា វិសាខានឹងក្លាយជាចំណែកមួយក្នុងការផ្តល់ឱកាសឲ្យយុវជនបានចូលរួមជាមួយក្លិបអាជីព»។ នេះជាការបញ្ជាក់របស់លោក ហុក សុចិត្រា។
ក្រៅពីរំពឹងចម្រាញ់បានយុវជនថ្នាល ពានរង្វាន់យុវជនអាយុក្រោម១៥ឆ្នាំ G-Park Youth Cup U15 2019 នេះ រៀបចំឡើងក្នុងគោលដើម្បីបង្ហាញពីឆន្ទៈក្នុងការរួមចំណែកជួយអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជននិងកីឡាកំពុងធ្វើ។ លើសពីនេះ ក៏ដើម្បីបង្កើនចំណងមិត្តភាព និងសាមគ្គីភាពផងដែរ។
គ្រូបង្វឹករូបនេះបានលើកឡើងដូច្នេះថា៖«យើងរៀបចំពានរង្វាន់នេះឡើង គឺដើម្បីបង្ហាញពីឆន្ទៈរបស់វិសាខាក្នុងការចូលរួមលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ តាមរយៈការផ្តល់ឱកាសឲ្យយុវជនតាមបណ្តាខេត្តបានបង្ហាញសមត្ថភាព និងចូលរួមលេងកីឡាបាល់ទាត់ ដើម្បីកុំឲ្យពួកគេយកពេលទៅធ្វើអំពើមិនគប្បី។ មួយវិញទៀត គឺដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងចង់ឲ្យយុវជនយល់ដឹងពីអត្ថប្រយោជន៍នៃការធ្វើការងារជាក្រុម»។
សម្រាប់ពានរង្វាន់យុវជនខាងលើនេះ មានក្រុមចូលរួមចំនួន១០មកពីខេត្តព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ក្រចេះ ពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ និងកំពត។ ការប្រកួតធ្វើឡើងជាពីរដំណាក់កាល ដោយដំណាក់កាលជម្រុះតាមខេត្តធ្វើពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ ដំណាក់កាលនេះ ធ្វើឡើងពីរជើង ដោយក្រុមឈ្នះទាំង៥ រួមជាមួយក្រុមលេខ២ល្អមួយទៀត ត្រូវឡើងទៅប្រកួតនៅដំណាក់ផ្តាច់ព្រ័ត្រ។ ដំណាក់កាលនេះ រៀបចំនៅទីលានវិសាខាពីថ្ងៃទី៥-១៣ ខែមិថុនា ឆ្នាំ២០១៩។
ក្រុមជើងឯកទទួលបានថវិកាលើកទឹកចិត្តចំនួន១២លានរៀល លេខ២បាន៨លានរៀល លេខ៣បាន៤លានរៀល និងលេខ៤បាន២លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់ក្រុម Fair Play, អាជ្ញាកណ្តាលល្អ, កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ និងអ្នកចាំទីល្អផងដែរ៕