កីឡាអន្តរជាតិ
អន្តរជាតិ
Klopp បារម្ភពី Coutinho ពេលប៉ះ Barca តែថា Liverpool ខ្លាំងពេលគ្មាន Coutinho
× លោក Juergen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool ថាលោកព្រួយបារម្ភខ្លាំងពី Philippe Coutinho នៅពេលជួបគ្នាជាមួយ Barcelona ក្នុងពានរង្វាន់ UEFA Champions League យប់ថ្ងៃទី១ ខែឧសភានេះ ប៉ុន្តែលោកបានសាទរក្រុមរបស់ខ្លួនដែលរីកចម្រើនខ្លាំងផងដែរក្រោយអវត្តមានខ្សែបម្រើប្រេស៊ីលនេះ។
Coutinho បានផ្លាស់ពី Liverpool ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួន ១៤២លានផោន (១៨៥លានដុល្លារអាមេរិក) កាលពីខែមករា ឆ្នាំ ២០១៨។
ក្រុមរបស់លោក Klopp ទទួលបានលទ្ធផលដ៏គាប់ប្រសើរជាច្រើនក្រោយលក់ខ្សែបម្រើសញ្ជាតិប្រេស៊ីល វ័យ២៦ឆ្នាំ ក្នុងតម្លៃខ្ពស់មួយដើម្បីទិញយកខ្សែការពារ Virgil van Dijk អ្នកចាំទី Alisson Becker ក៏ដូចជាខ្សែបម្រើ Naby Keita និង Fabinho ដែលអាចធ្វើឲ្យពួកគេក្លាយជាក្រុមពេញលេញមួយ។
បើទោះគ្មាន Coutinho ហង្សក្រហមនៅតែអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន ហើយរដូវកាលនេះពួកគេបន្តឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងកំពុងដណ្តើមយកពាន Premier League ជាមួយ Manchester City ទៀតផង។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់វ័យ ៥១ឆ្នាំ បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានមុនជំនួបជើងទី១ នៅទឹកដី Nou Camp វេលាម៉ោង ២:០០នាទីអាធ្រាត្រនេះថា៖«យើងនឹក Coutinho ខ្លាំងណាស់ព្រោះគាត់គឺជាកីឡាករលំដាប់ពិភពលោក។ ខ្ញុំចូលចិត្តធ្វើការជាមួយគាត់ ប៉ុន្តែពេលនេះយើងគ្មានគាត់ ហើយយើងធ្វើនៅតែធ្វើបានល្អ។ នៅពេលខ្ញុំលឺថាគាត់ចង់ទៅលេងនៅ Barca ខ្ញុំមិនគិតថា Liverpool អាចធ្វើបានល្អដូច្នេះឡើយ»។
ក្រៅពី Coutinho លោក Klopp ក៏បានសង្កត់ធ្ងន់លើ Lionel Messi ផងដែរ ដោយក្នុងនោះលោកបានរៀបយុទ្ធសាស្ត្រដើម្បីបិទខ្សែប្រយុទ្ធឆ្នើមរូបរួចហើយ ខណៈ Liverpool មានខ្សែការពារដែលមានគុណភាពដូចជា Van Dijk, Trent Alexander-Arnold, Joe Gomez និង Andrew Robertson។ នេះនៅមិនទាន់និយាយពីសមាសភាពកីឡាករដ៏គ្រោះថ្នាក់ដូចជា Mohamad Salah, Firmeno និង Sadio Mane ជាដើម៕
Tag:
បាល់ទាត់
UEFA Champions League
Juergen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com